Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ ផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បី ដង្ហែរទៅវេប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ក្នុងពុទ្ធសីមាវត្តព្រះបារមីវង្គដ្ឋបូរីកបិលភស្ត័

ភ្នំពេញ ៖ គណៈអភិបាលរាជធានីភ្នំពេញដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវជា ស៊ីណាឃួងស្រេង, ក្រុមប្រឹក្សារាជធានីភ្នំពេញដឹកនាំដោយឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញព្រមទាំងសមាជិក សមាជិការក្រុមប្រឹក្សារាជធានីភ្នំពេញ បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តវង្គដ្ឋបូរីកបិលភស្ត័ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខដើម្បីប្រមូលបច្ច័យកសាងឧបដ្ឋានសាលា និងសមិទ្ធិផលនានា ក្នុងវត្តថែមទៀត។ ពិធីនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួម ពីលោកជំទាវសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភានិងអធិការកិច្ច។

នាឱកាសនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី ចៅៗរបស់សម្តេចបានចាប់មគ្គផល ក្នុងអង្គកឋិនទាននេះចំនួន១ម៉ឺនដុល្លារសហរដ្ឋអាមេរិកផងដែរ។

ពិធីបុណ្យនេះនៅថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ចាប់ពីម៉ោង៣រសៀលទៅ មានការជួបជុំពុទ្ធបរិសទ្ធ ប្រារព្វពិធីក្រុង ពាលី និងនមស្ការព្រះរតនៈត្រៃយ៍ សមាទានសីល និមន្តព្រះសង្ឃសម្តែងព្រះបរិត និងសម្តែងធម៌ទេសនា ក្នុងបរិវេណសាលារាជធានីភ្នំពេញ។

នាឱកាសនោះដែរ គេឃើញមានពុទ្ធបរិសទ្ធ សប្បុរសជន លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រីមកពីទីជិតឆ្ងាយ បានចូលចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីឧទ្ទិសកុសលដល់បុព្វការីជនមានមាតា បិតាជីដូនជីតា ញាតិការ ទាំង៧សណ្តាន ដែលបានបាក់បែកចែកឋាន ទៅកាន់លោកខាងមុខផង និងដើម្បី រួមចំណែកទ្រទ្រង់ការខ្វះខាតរបស់ព្រះសង្ឃ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យបានថ្កុំថ្កើងរុងរឿងតរៀងទៅផងដែរ។

ផ្អែកតាមបរបទថ្មីនៃដំណាក់កាលការរីរាលដាលជំងឺកូវីដ.១៩ នៅមិនទាន់សាបរលាបអស់នៅឡើយនោះ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញបានណែនាំថា ការរៀបចំការជួបជុំពុទ្ធបរិសទ្ធជិតឆ្ងាយ ត្រូវរក្សាគម្លាតដើម្បីការពារសុវត្ថិភាព ជៀសផុតពីការឆ្លងជំងឺកូវីដ.១៩ ដែលយើងមិនដឹងថាវានៅកន្លែងណានោះ។ ខ្លឹមសារនៃពិធីបុណ្យកឋិនទាន នៅរក្សាដដែលពុំមានការប្រែប្រួល គឺយើងត្រូវធានាថាយើងធ្វើទៅបានទាំងបុណ្យ និងរក្សាសុវត្ថិភាពតាមវិធាន របស់ក្រសួងសុខាភិបាល និងវិធានការរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន គឺ៣ការពារ ៣កុំផងដែរ។

កឋិនទាន គឺជាបុណ្យដែល មានកាលវេលាច្បាស់លាស់ មិនមែនចេះតែធ្វើបានគ្រប់ពេលនោះទេ ក្នុងន័យជួយផ្គត់ផ្គង់ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តនីមួយៗ ហើយក្នុង១វត្តអាចដង្ហែរអង្គកឋិន ចូលបានតែម្តងប៉ុណ្ណោះ ក្នុង១រដូវកាលក៏ដូចជួយសម្រួលដល់ព្រះសង្ឃ ក្នុងការនិមន្តបិណ្ឌបាត្រក្នុងរដូវភ្លៀងទៀតផង៕ រក្សាសិទ្ធិដោយ ៖ កូលាប

×