ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីបានទទួលដំណឹងពីករណីសង្ស័យពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋចំនួន០៧នាក់ ស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័ក ស្ថិតនៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានបញ្ជាឱ្យមន្រ្តីជំនាញរបស់សាខាក.ប.ប. ខេត្តបន្ទាយមានជ័យ ចុះពិនិត្យនិងស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីប្រមូលយកសំណាកគំរូមកវិភាគរកមូលហេតុ នៃការស្លា.ប់បាត់បង់ជីវិត។

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីជំនាញសាខាក.ប.ប. ខេត្តបន្ទាយមានជ័យ បានចុះដល់កន្លែងកើតហេតុ និងទទួលបានព័ត៌មានបឋម មានប្រជាបលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលចំនួន ២៤នាក់ ក្នុងចំណោម៣៥នាក់ដែលបានហូបស្រា មានអាការៈតឹងទ្រូង ថប់ដង្ហើម ងងឹតមុខ រាគរូស ចុកទ្រូង ជាដើម បន្ទាប់ពីបានហូបស្រាដែលផ្សំឡើងពីអាល់កុល លាយជាមួយភេសជ្ជៈអូអ៊ីឈិ និងស្ទីង ហើយត្រូវបានក្រុមគ្រូពេទ្យដែលប្រចាំការនៅមណ្ឌលចត្តាឡីស័ក បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
ក្រោយមកដោយស្ថានភាពអ្នកជម្ងឺធ្ងន់ធ្ងរពេក ទើបបណ្តាលឱ្យប្រជាពលរដ្ឋចំនួន០៧នាក់ ត្រូវបានស្លា.ប់បាត់បង់ជីវិតជាបន្តបន្ទាប់។
ដោយមានការសង្ស័យពីមូលហេតុនៃការពុល អាចបណ្តាលមកពីការបរិភោគស្រា ដែលមានសារធាតុមេតាណុល

មន្ត្រីជំនាញបានប្រមូលយកសំណាកគំរូស្រា ដែលជនរងគ្រោះបានបរិភោគសល់ យកមកវិភាគរកសារធាតុមេតាណុល ដែលជាសារធាតុពុល។
យោងលទ្ធផលវិភាគបឋមនៅមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខាក.ប.ប.ខេត្តបន្ទាយមានជ័យ បានបង្ហាញឱ្យឃើញថា៖ គំរូស្រាដែលទទួលបានពីកន្លែងកើតហេតុ មានវត្តមានសារធាតុមេតាណុលកម្រិតខ្ពស់ ដែលអាចជាមូលហេតុធ្វើឱ្យអ្នកហូបស្លា.ប់បាត់បង់ជីវិត។
បន្ទាប់មក មន្រ្តីជំនាញសាខាក.ប.ប.ខេត្តបន្ទាយមានជ័យ បានបញ្ជូនសំណាកគំរូស្រាទាំងនោះមកវិភាគបន្តនៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋានក.ប.ប. ដើម្បីបញ្ជាក់លទ្ធផលបន្ថែម៕ រក្សាសិទ្ធិដោយ ៖ កូលាប









