ខេត្តមណ្ឌលគិរី ៖ កម្លាំងកងរាជអាវុធហត្ថក្រុងបានលុង បានឃាត់ជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ មិនបានសម្រេច។ ប្រតិបត្តិការបង្រ្កាបនេះ ដោយមានការសម្របសម្រួលពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កម្លាំងកងរាជអាវុធហត្ថក្រុង ចំនួន០៦នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការអាវុធហត្ថក្រុងបានលុង បានឃាត់ជនសង្ស័យ០១នាក់ ឈ្មោះ ធីម ធី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចម្ការ រស់នៅ ភូមិចងរ៉ា ឃុំបាតាង ស្រុកលំផាត់ នៅវេលាម៉ោង ០៩និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ (មិនបានសម្រេច) ត្រង់ចំណុច ភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តមណ្ឌលគិរី។

តាមរបាយការណ៍របស់កងរាជអាវុធហត្ថបានឲ្យដឹងថា នាថ្ងៃកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពដោយលួចបើកគន្លឹះទ្វារផ្ទះជនរងគ្រោះ បម្រុងនឹងចូលទៅលេង លុះចូលទៅដល់ក្នុងផ្ទះមានសភាពស្ងាត់ ព្រោះជនរងគ្រោះ បានសម្រាកនៅក្នុងបន្ទប់គេង និងប្អូនស្រីម្នាក់ទៀតគេងនៅក្នុងបន្ទប់រៀងខ្លួន ភ្លាមនោះជនសង្ស័យ ក៏បានបើកទ្វារបន្ទប់ជនរងគ្រោះ ក៏ឃើញជនរងគ្រោះ គេងតែម្នាក់ឯង ខ្លួនក៏បានដោះសម្លៀកបំពាក់ ឡើងដេកលើគ្រែជាមួយគ្នា ពេលនោះជនរងគ្រោះ បានឃើញ ស្រែកឲ្យបងប្អូនជួយ បន្ទាប់មកបានស្រវ៉ា រកទូរស័ព្ទ ខលមកសមត្ថកិច្ចតែម្តង។ ជនរងគ្រោះមានឈ្មោះ ស.ឆ.អ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ រស់នៅ ភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង បានបញ្ជូនមកការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ កូលាប

