Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីរុស្ស៊ី មិនចង់ឲ្យស្ថានការណ៍ នៅសមុទ្រខ្មៅឡើងកម្ដៅ ទើបច្រានចោលសំណើធ្វើសមយុទ្ធយោធា

រដ្ឋធានីមូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី បានច្រានចោលសំណើធ្វើសមយុទ្ធយោធារបស់ក្រសួងការពារជាតិ ព្រោះមិនចង់ឲ្យមានការប្រឈមមុខដាក់គ្នាជាមួយនឹងប្រទេសមហាអំណាចលោកខាងលិច។

សារព័ត៌មាន CGTN បានចេញផ្សាយ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែង នៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ថា ក្រសួងការពារជាតិរុស្ស៊ី បានស្នើសុំធ្វើសមយុទ្ធទ្រង់ទ្រាយធំ នៅក្នុងសមុទ្រខ្មៅ ដើម្បីឆ្លើយតបនៅនឹងសកម្មភាពយោធារបស់អង្គការណាតូ (ឬអូតង់)។ ប៉ុន្ដែលោកប្រធានាធិបតី បានសម្រេចចិត្ត ច្រានចោលនូវសំណើនេះ ដោយសារវានាំមកនូវការកើនឡើងកម្ដៅ នៅក្នុងតំបន់នេះ។

ប្រធានាធិបតីរុស្ស៊ី បានបន្ថែមថា ដោយសារតែយោធារបស់លោកខាលិច ចេះតែបង្កើនសកម្មភាព នៅតំបន់សមុទ្រខ្មៅនេះហើយ ទើបក្រសួងការពារជាតិយើង បានស្នើឲ្យរៀបចំសមយុទ្ធយោធា ឥតព្រាងទុកមួយ ដើម្បីឆ្លើយតបនឹងបញ្ហានេះ។ ប៉ុន្ដែលោកប្រធានាធិបតីរុស្ស៊ី បានគិតថា វាក៏មិនចាំបាច់អ្វី ត្រូវដុតបញ្ឆេះស្ថានការណ៍ នៅក្នុងតំបន់ ឲ្យកាន់តែតានតឹងបន្ថែមទៀតនោះដែរ»។

សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ដ កាលពីពេលកន្លងមក ធ្លាប់បង្កើនសកម្មភាពឈ្លបយកការ នៅក្នុងតំបន់សមុទ្រខ្មៅជាញឹកញាប់ ដោយរួមទាំងយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ និង កងនាវាយចម្បាំងផងដែរ។ សកម្មភាពយោធារបស់លោកខាងលិច បានធ្វើឲ្យរដ្ឋាភិបាលទីក្រុងម៉ូស្គូ ខឹងសម្បាយ៉ាងខ្លាំង ហើយរិះគន់ ចំពោះការបង្កហេតុនេះ។

បច្ចុប្បន្ន ក្រៅពីតំបន់សមុទ្រខ្មៅ ភាពតានតឹង ក៏កំពុងតែកើនដល់កម្រិតខ្ពស់ ជុំវិញការបង្កើនកម្លាំងទ័ពរបស់រុស្ស៉ី នៅក្បែរព្រំប្រទល់អ៊ុយក្រែន និងបញ្ហាជនអន្តោប្រវេសន៍ រវាងប្រទេសបេឡារុស និង ប្រទេសជាសមាជិកសហភាពអឺរ៉ុប។ ដោយឡែក មេដឹកនាំប៉ូឡូញ និង សហភាពអឺរ៉ុប បានចោទប្រកាន់លោក វ៉្លាឌីមៀរ ពូនទីន ប្រធានាធិបតីរុស្ស៊ី ជាមេគំនិតជំរុញឲ្យមានវិបត្ដិជនចំណាកស្រុក នៅតាមព្រំដែនបេឡារុស៕រក្សាសិទ្ធិដោយ ៖ សារាយSN