Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីអាមេរិក ជួបមេដឹកនាំចិន មិនចោលរឿងសិទ្ធិមនុស្ស និងបញ្ហាប្រឈមនានា

បរទេស ៖ ស្របពេលសហរដ្ឋអាមេរិក និង មហាយក្សចិន កំពុងតែប្រឈមមុខដាក់គ្នា កាន់តែខ្លាំងឡើង ជុំវិញការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក រហូតធ្វើឲ្យពិភពលោកព្រួយបារម្ភ អំពីការផ្ទុះសង្គ្រាមត្រជាក់សាជាថ្មីនោះ មេដឹកនាំប្រទេសទាំង២នេះ បានជួបចរចាគ្នា តាមប្រព័ន្ធ Video Conference ដើម្បីបន្ធូរបន្ថយនូវភាពតានតឹងដាក់គ្នា ហើយគេរំពឹងថា លោក បៃដិន នឹងលើកយកបញ្ហាសិទ្ធិមនុស្ស និង បញ្ហាតៃវ៉ាន់ មកនិយាយគ្នាជាមួយនឹងលោក ស៊ី។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានចេញផ្សាយ នៅព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់ដល់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន ថា លោកមានក្ដីសង្ឃឹម អំពីការសន្ទនាដោយស្មោះត្រង់ អំពីសិទ្ធិមនុស្ស និង បញ្ហាសន្ដិសុខ។ ប្រធានាធិបតីមហាអំណាចទាំង២នេះ បានចាប់ផ្ដើមចរចាគ្នា ដើម្បីបន្ធូរបន្ថយភាពតានតឹង រវាងប្រទេសមហាអំណាចទាំង២នេះ។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់ដល់សមភាគី លោក ស៊ី ជិនពីង ថា «ប្រហែលជាខ្ញុំគួរតែចាប់ផ្តើម និយាយគ្នាជាផ្លូវការជាងនេះ បើទោះជាអ្នក (លោក ស៊ី) និង ខ្ញុំ មិនមានការជួបគ្នា ជាលក្ខណៈផ្លូវការបែបនេះក្ដី»។

លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានបញ្ជាក់ថា លោកមានការសប្បាយរីករាយខ្លាំងណាស់ បានជួបចរចាគ្នាជាមួយនឹងលោក ចូ បៃដិន ដែលអាចហៅជា«មិត្តចាស់»។ លោក ស៊ី បានបញ្ជាក់ថា ប្រទេសទាំង២ ត្រូវបង្កើនការទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាក់ថា មេដឹកនាំទាំងពីរ ត្រូវតែធ្វើឱ្យប្រាកដថា ទំនាក់ទំនងរបស់អាមេរិក និងចិន មិនធ្លាក់ចូលទៅក្នុងជម្លោះបើកចំហ។ លោក ចូ បៃដិន បានសន្យា នឹងដោះស្រាយបញ្ហាព្រួយបារម្ភនានារបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន រួមទាំង បញ្ហាសិទ្ធិមនុស្ស និងបញ្ហាផ្សេងៗទៀត នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

សហរដ្ឋអាមេរិក និងចិន ជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក។ ប្រទេសទាំង២នេះ បានខ្វែងគំនិតគ្នា អំពីប្រភពដើម នៃជំងឺរាតត្បាតកូវីដ-១៩ សង្គ្រាមណិជ្ជកម្ម និងការប្រកួតប្រជែងលើការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ទីក្រុងប៉េកាំង ហើយការដាក់សម្ពាធលើកោះតៃវ៉ាន់ ។ ក្រៅពីនេះ សហរដ្ឋអាមេរិក និងចិន កំពុងប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង នៅសមុទ្រចិនខាងត្បូង ក្រោយពេលរដ្ឋាភិបាលទីក្រុងប៉េកាំង អះអាងពីដែនទឹកភាគច្រើនបំផុត នៃសមុទ្រចិនខាងត្បូង ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន។

បញ្ហាប្រឈមមុខដាក់គ្នា រវាងមហាយក្សចិន និងមហាអំណាចលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក ធ្វើឲ្យពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការផ្ទុះសង្គ្រាមត្រជាក់ឡើងវិញ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានចេញផ្សាយ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោក ស៊ី ជិនពីង ប្រធានាធិបតីចិនរំពឹងថា នឹងលើកយកបញ្ហាកោះតៃវ៉ាន់ធ្វើជាអាទិភាព នៅក្នុងជំនួបលើកដំបូង តាមរយៈប្រព័ន្ធវីដេអូជាមួយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ មេដឹកនាំចិន នឹងព្រមានរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ឲ្យដកខ្លួនចេញ ពីបញ្ហានេះ។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន នឹងជួបមុខគ្នា តាមប្រព័ន្ធវីដេអូជាលើកដំបូង នៅព្រឹក ថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ពេលវេលានៅប៉េកាំង ត្រូវនឹងល្ងាច ថ្ងៃចន្ទ ពេលវេលានៅវ៉ាស៊ីនតោន)។ ជាមួយគ្នានេះ សារព័ត៌មាននានា នៅក្នុងសហរដ្ឋអាមេរិក ក៏បានចេញផ្សាយ អំពីបញ្ហាវិវាទនានាជាមួយចិន រួមមាន ពាណិជ្ជកម្ម បច្ចេកវិទ្យា តំបន់ស៊ីនជាង និង កោះតៃវ៉ាន់។ បញ្ហាទាំងនេះ នឹងក្លាយជាប្រធានបទដ៏ក្តៅគគុក រវាងមេដឹកនាំមហាអំណាចទាំង នឹងត្រូវលើកយកមកជជែកដេញដោលគ្នាផងដែរ៕រក្សាសិទ្ធិដោយ ៖ សារាយSN