រដ្ឋធានីណៃពិដោរ ៖ ពិតជាគួរឲ្យហួសចិត្តខ្លាំងដែរ គណៈកម្មការរៀបចំការបោះឆ្នោតជាតិមីយ៉ាន់ម៉ា មានតួនាទីរៀបចំ និង គ្រប់គ្រងការបោះឆ្នោត បែរជាចោទប្រកាន់ដល់លោកស្រី អ៊ោង សាន់ ស៊ូជី និង មន្រ្ដីរបស់លោកស្រីជាអ្នកលួចបន្លំសន្លឹកឆ្នោតទៅវិញ។

បើតាមទីភ្នាក់ងារសារព័ត៌មាន AP បានចេញផ្សាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ថា
គណៈកម្មការរៀបចំការបោះឆ្នោតរដ្ឋមីយ៉ាន់ម៉ា ប្រកាសថា ខ្លួនកំពុងតែកាត់ទោសមេដឹកនាំ ដែលត្រូវបានបណ្តេញចេញអំណាច គឺលោកស្រី អ៊ោង សាន់ ស៊ូជី (Aung San Suu Kyi) និង ឥស្សរជននយោបាយជាន់ខ្ពស់ ចំនួន១៥នាក់ផ្សេងទៀត ក្រោមការចោទប្រកាន់ពីបទ «ក្លែងបន្លំនៅក្នុងការបោះឆ្នោតសកល» កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ការចោទប្រកាន់របស់គណៈកម្មការរៀបចំការបោះឆ្នោតរដ្ឋមីយ៉ាន់ម៉ា ត្រូវបានបោះពុម្ពផ្សាយ នៅក្នុងសារព័ត៌មានគ្រប់គ្រងដោយរដ្ឋ The Global New Light of Myanmar និង បណ្ដាញផ្សព្វផ្សាយជាផ្លូវការផ្សេងទៀត កាលពីថ្ងៃអង្គការ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។
ការប្រកាន់ជាច្រើនករណីប្រឆាំងនឹងលោកស្រី ស៊ូជី ជាមូលហេតុដ៏ចម្បង នាំឲ្យមានការធ្វើរដ្ឋប្រហារ រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់ « NLD» របស់លោកស្រី ស៊ូជី ហៀបនឹងចាប់ផ្តើមអាណត្តិទី២ មានរយៈពេលប្រាំឆ្នាំ បន្ទាប់ពីទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០២០។

ដោយឡែក គណបក្សសហភាពសាមគ្គីនិងអភិវឌ្ឍន៍ គាំទ្រដោយកងទ័ព បានបាត់បង់អាសនៈយ៉ាងច្រើនបំផុត ដោយមិននឹកស្មានដល់។ ដោយសារតែបញ្ហានេះ ទើបពួកយោធា ដឹកនាំដោយលោកឧត្ដមសេនីយ៍ មីន អ៊ោងឡាំង បានចេញមុខធ្វើរដ្ឋប្រហារ រឹបអូសអំណាច ហើយទម្លាក់កំហុសទៅលើលោកស្រី ស៊ូជី។
ចាប់តាំងពីក្រោយការធ្វើរដ្ឋប្រហាររឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិល ជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ លោកស្រី អ៊ោង សាន់ ស៊ូជី បានរងការចោទប្រកាន់ពីបទព្រហ្មទណ្ឌជាច្រើនករណី រួមមាន បទកាន់កាប់ឧបករណ៍វិទ្យុទាក់ទងដោយខុសច្បាប់, បទញុះញង់នាំឲ្យមានអំពើបះបោរ និងបទពុករលួយ…ជាដើម។ ប្រសិនបើតុលាការរកឃើញ ពីទោសកំហុសមែននោះ លោកស្រីអាចនឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារ រាប់សិបឆ្នាំ។
ការធ្វើរដ្ឋប្រហារយោធានេះ បាននាំឲ្យមានភាពវឹកវរយ៉ាងខ្លាំង នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ របបយោធា ដឹកនាំដោយលោកឧត្ដមសេនីយ៍ មីន អ៊ោងឡាំង បានប្រើប្រាស់កម្លាំងសន្ដិសុខ បង្ក្រាបទៅលើក្រុមអ្នកប្រឆាំងយ៉ាងឃោរ.ឃៅ ដោយបានសម្លាប់មនុស្សជា១ ០០០នាក់។ ដោយឡែក ក្រុមអ្នកតវ៉ាជាង៨ ០០០នាក់ផ្សេងទៀត ត្រូវចាប់ខ្លួន៕ រក្សាសិទ្ធិដោយ ៖ សារាយSN










