រដ្ឋធានីវ៉ាស៊ីនតោន ៖ ម្ចាស់ក្សត្រីជប៉ុន Mako ក្រោយលះបង់ឋានៈ នៅក្នុងសែរាជវង្ស ហើយបានរៀបការជាមួយនឹងបុរសសាមញ្ញរួចមក ក៏បានទៅជួលផ្ទះល្វែងរស់នៅក្នុងបុរីញូវយ៉ក ជាកន្លែងប្ដីរបស់នាង ធ្វើការនៅក្នុងក្រុមហ៊ុនមេធាវី ដើម្បីសាងជីវិតថ្មី។

ម្ចាស់ក្សត្រី Mako ជាបុត្រីរបស់ព្រះអង្គម្ចាស់ Fumihito រាជទាយាទ នៃអធិរាជជប៉ុន និង មានមាតាព្រះនាម Kiko Kawashima ហើយជាព្រះភាគិនេយ្យា ឬក្មួយស្រីបង្កើតរបស់ព្រះចៅអធិរាជជប៉ុន Naruhito ។ ក្រោមច្បាប់អធិរាជប៉ុន ដែលមានអាយុកាល រាប់រាយឆ្នាំមកហើយ ចែងថា រាជបល្ល័ង្កនឹងត្រូវប្រគល់ សម្រាប់តែក្សត្រា (ឬស្ដេចប្រុស) សម្រាប់ឡើងសោយរាជសម្បត្ដិតែប៉ុណ្ណោះ។ ដោយឡែក ស្រ្ដីស្ថិតក្នុងសែរាជវង្ស បើរៀបការជាមួយនឹងរាស្រ្ដសាមញ្ញ ត្រូវតែបោះបង់ចោលឋានៈ នៅក្នុងសែរាជវង្ស ហើយក្លាយជារាស្រ្ដធម្មតា។
Mako ជាក្សត្រីជប៉ុនដំបូង បានបះបង់ចោលឋានៈរបស់ព្រះនាង នៅក្នុងរាជវង្ស ក៏ព្រោះតែព្រះនាង មានស្នេហាស្មោះត្រង់ សុខចិត្តលះបង់អ្វីៗគ្រប់ទាំងអស់ ។ ក្រោយរៀបការរួច នា Mako បានសុខចិត្ត ចាកចេញពីរាជវាំង ទៅរស់នៅផ្ទះជួល រួមរស់ជាមួយស្វាមី នៅក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក។

បើតាមសារព័ត៌មាន News 24 បានចេញផ្សាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ថា អតីតម្ចាស់ក្សត្រីជប៉ុន Mako និង ប្ដីរបស់នាងជារាស្រ្ដធម្មតា គឺលោក Kei Komuro បានរៀបការ កាលពីអំឡុងខែតុលា ឆ្នាំ២០២១ នៅក្នុងប្រទេសជប៉ុន។ គូស្នេហ៍ រវាងសែអធិរាជជប៉ុន និង រាស្រ្ដសាមញ្ញនោះ បានទៅដល់អាកាសយានដ្ឋាន John F Kennedy នៅក្នុងទីក្រុងញូវយ៉ក ធ្វើឲ្យមានអ្នកចាប់អារម្មណ៍យ៉ាងខ្លាំង។ ពួកគេទាំង២នាក់ បានជួលផ្ទះល្វែងមួយ មានបន្ទប់ដេកតែមួយប៉ុណ្ណោះ។
ម្ចាស់ក្សត្រីជប៉ុន Mako និង បុរសជាកំពូលស្នេហ៍ លោក Komuro មានវ័យ៣០ឆ្នាំដូចគ្នា បានតស៊ូហែលកាត់ព្យុះភ្លៀងយ៉ាងខ្លាំង អស់រយៈជាយូរឆ្នាំ ទម្រាំបានគ្នា ក្លាយជាប្ដីប្រពន្ធ។ ម្ចាស់ក្សត្រី បានលះបង់អ្វីៗគ្រប់យ៉ាង មិនគិតពីឋានៈ នៅក្នុងសែរាជវង្ស នោះឡើយ។ បច្ចុប្បន្នគូស្នេហ៍ទាំងនេះ បានទៅរស់នៅក្នុងផ្ទះល្វែងមួយ ដែលមានបន្ទប់ដេកតែមួយ ហើយពួកគេអាចចំណាយយ៉ាងតិច ៤ ៨០០ដុល្លារ ក្នុង១ខែ៕រក្សាសិទ្ធិដោយ ៖ សារាយSN









