បរទេស ៖ ស្របពេលវិបត្ដិជនចំណាកស្រុក កំពុងតែកើនឡើង នៅព្រំដែនជាមួយនឹងប្រទេសប៉ូឡូញ ចំពេលសហភាពអឺរ៉ុប គ្រោងនឹងដាក់ទណ្ឌកម្មបន្ថែមទៀតដល់ប្រទេសបេឡារុសនោះ លោកស្រីអធិការបតីអាល្លឺម៉ង់ និងប្រធានាធិបតីបេឡារុស បានសុខចិត្តចរចាគ្នា តាមទូរស័ព្ទ ដើម្បីដោះស្រាយបញ្ហានេះ។

សារព័ត៌មាន CGTN បានចេញផ្សាយ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោក Alexander Lukashenko និង លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ បានសន្ទនាគ្នា តាមទូរស័ព្ទ ដើម្បីស្វែងរកដោះស្រាយបញ្ហាវិបត្ដិជនចំណាកស្រុក និង ជនភៀសខ្លួន នៅព្រំដែន រវាងបេឡារុស និងប៉ូឡូញ។ វិបត្ដិជនចំណាកស្រុកនេះ បានកើតឡើង ចំពេលសហភាពអឺរ៉ុប គ្រោងនឹងដាក់ទណ្ឌកម្មជាថ្មីបន្ថែមទៀត ប្រឆាំងនឹងបេឡារុស ទើបមេដឹកនាំ នៃបណ្ដាប្រទេសជាសមាជិកប្លុកនេះ ចាត់ទុកថា រដ្ឋាភិបាលទីក្រុងមីនស្ក៍ ជាអ្នកបង្កឡើង។

រហូតមកដល់ពេលនេះ មានជនចំណាកស្រុករាប់ពាន់នាក់ ភាគច្រើនមកពីតំបន់មជ្ឈិមបូព៌ា កំពុងតែនៅតាមព្រំដែន រវាងប៉ូឡូញ និងបេឡារុស ខណៈអាកាសធាតុនឹងចុះត្រជាក់ខ្លាំង។ សហភាពអឺរ៉ុប បានស្ដីបន្ទោសទៅលើប្រទេសបេឡារុស ដែលមានមេគំនិត នៅឯទីក្រុងមូស្គូ បង្កើនឱ្យមានវិបត្តិជនចំណាកស្រុកនេះ ដើម្បីជាការសងសឹកនឹងការដាក់ទណ្ឌកម្ម ពីអឺរ៉ុប។
ដោយឡែក មេដឹកនាំ បេឡារុស និង រុស្ស៊ី បានច្រានចោលការចោទប្រកាន់ទាំងនេះ។ វិបត្ដិជនចំណាកស្រុកនេះ បានកើតឡើង ចំពេលសហភាពអឺរ៉ុប គ្រោងនឹងដាក់ទណ្ឌកម្មជាថ្មីបន្ថែម ប្រឆាំងនឹងបេឡារុស៕រក្សាសិទ្ធិដោយ ៖ សារាយSN









