រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវទៅពិនិត្យ និង ព្យាបាលសុខភាពនោះ លោក ចូ បៃដិន បានផ្ទេរអំណាចជាបណ្ដោះអាសន្នទៅឲ្យលោកស្រីអនុប្រធានាធិបតី ដើម្បីដឹកនាំរដ្ឋាភិបាលរបស់លោក។

សារព័ត៌មាន CNN បានចេញផ្សាយ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា បានផ្ទេអំណាចជាបណ្ដោះអាសន្នទៅឱ្យលោកស្រី Kamala Harris អនុប្រធានាធិបតី ខណៈកំពុងតែស្ថិតក្នុងការប្រើប្រាស់ថ្នាំសន្លប់ សម្រាប់ការពិនិត្យពោះវៀនធំតាមទម្លាប់។
លោក Jen Psaki មន្រ្ដីជាន់ខ្ពស់សេតវិមាន ទទួលបន្ទុកព័ត៌មាន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «លោកស្រី Kamala Harris អនុប្រធានាធិបតី នឹងធ្វើការងារ ពីការិយាល័យរបស់លោកស្រី នៅឯ West Wing ក្នុងអំឡុងពេលនេះ។ ចំណែក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអញ្ជើញទៅដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Walter Reed កាលពីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីទទួលការពិនិត្យ និងព្យាបាលសុខភាពជាំប្រចាំឆ្នាំ តាមទម្លាប់របស់លោក»។

បច្ចុប្បន្ន លោក ចូ បៃដិន (Joe Biden) មានវ័យ៧៩ឆ្នាំ ក្លាយជាប្រធានាធិបតី ដែលមានវ័យចំណាស់ជាងគេ នៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។ ប៉ុន្ដែលោក ចូ បៃដិន មានបញ្ហាជាច្រើន ពាក់ព័ន្ធនឹងសុខភាពរបស់លោក៕រក្សាសិទ្ធិដោយ ៖ សារាយSN


