ភ្នំពេញៈ លោក ម៉ៅ មុនីវណ្ណ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់គេហទំព័រ CEN នៅព្រឹកថ្ងៃទី៣០ ខែតុលា នេះថា លិខិតចំហរចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ដែលមានចុះហត្ថលេខាដោយលោកកឹម សុខា ផ្ញើជូនសមាជិក សមាជិកា គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិ គឺជាលិខិតក្លែងក្លាយ មិនមែនជាលិខិតពិតនោះទេ។
លោកបញ្ជាក់ថា “ខ្ញុំអ្នកនៅប៊ុយរ៉ូជាប់រហូតអត់មានខេញលិខិតអីផង លិខិតនឹងមិនពិតទេ វាក្លែងក្លាយហើយលិខិតនឹង”។
នៅក្នុងលិខិតចំហររបស់លោកកឹម សុខា ផ្ញើជូនគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេផ្សព្វផ្សាយនៅព្រឹកថ្ងៃទី ៣០ ខែតុលា បានសរសេរថា “នាពេលថ្មីៗនេះ មានចរន្តបំបែកសម្លេងអ្នកប្រជាធិបតេយ្យក្នុងគណបក្សសង្គ្រោះជាតិ ដែលទង្វើនេះ ត្រូវបានបង្ហាញច្បាស់តាមរយៈវីដេអូឃ្លីបរបស់លោកសម រង្ស៊ី ដែលអំពាវនាវមិនឲ្យទទួលស្គាល់នូវរាល់សេចក្តីសម្រេចរបស់ខ្លួនក្នុងនាមប្រធានគណបក្សសង្គ្រោះជាតិ ដែលស៊ីចង្វាក់គ្នានិងលិខិតលាលែងពីមន្ត្រីស្និទនឹងលោកសម រង្ស៊ីពីបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភានាពេលើកន្លងមក។ ខ្ញុំសូមប្រកាសជាឱឡារិកថា ខ្ញុំ កឹម សុខា នៅតែជាប្រធានគណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ ខ្ញុំមានសិទ្ធិសម្រេចក្នុងនាមប្រធានគណបក្សនូវរាល់កិច្ចការរបស់គណបក្សសង្គ្រោះជាតិ និងសូមអំពាវនាវលោកសម រង្ស៊ី បញ្ឈប់ជាបន្ទាន់នូវសកម្មភាពញុះញង់បំបែកបំបាក់សម្លេងអ្នកប្រជាធិបតេយ្យតទៅទៀត”៕ ដោយៈ មុនីរាជ