រដ្ឋធានីណៃពិដោរ ៖ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នៅតែមិនត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលអាសាន-ចិន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ដដែល ក្រោយពេលរដ្ឋាភិបាលអាស៊ានមួយនេះ មិនអនុវត្ដតាមគោលការណ៍ចំនួន៥ចំណុចរបស់ខ្លួន ដែលបានសន្យាជាមួយមេដឹកនាំក្នុងតំបន់នេះ។

សារព័ត៌មានមីយ៉ាន់ម៉ា Irrawaddi បានចេញផ្សាយ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ថា កាលពីពេលកន្លងមក ចិនបានបញ្ចុះបញ្ចូលមេដឹកនាំអាស៊ានឲ្យអញ្ជើញលោកឧត្ដមសេនីយ៍ Min Aung Hlaing មេដឹកនាំយោធាមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំពិសេស ក្នុងឱកាសខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងអាស៊ាន-ចិន។ មេដឹកនាំអាស៊ាន នៅតែមិនអញ្ជើញមេដឹកនាំយោធាមីយ៉ាន់ម៉ា ឲ្យចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-ចិនដដែល។
ស្ដេចស៊ុលតង់ Hasana Bonkia ព្រះមហាក្សត្រនៃប៊្រុយណេ និង លោកស៊ី ជិនពីង នឹងដឹកនាំកិច្ចប្រជុំអាស៊ាន-ចិន តាមអនឡាញ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។ មេដឹកនាំអាស៊ាន មិនបានអញ្ចើញមេដឹកនាំយោធាមីយ៉ាន់ម៉ា ឱ្យចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីខែតុលា កន្លងមក។ បញ្ហានេះ ក៏ដោយសារតែ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មិនបានអនុវត្តតាមការសន្យាចំនួន៥ចំណុចរបស់ខ្លួន ដែលបានព្រមព្រៀងជាមួយអាស៊ាន។

របបយោធាមីយ៉ាន់ម៉ា មិនអនុញ្ញាតឲ្យឧបការីអាស៊ាន ចូលទៅជួបលោកស្រី អ៊ោង សាន់ ស៊ូជី មេដឹកនាំ NLD ក្រោយការធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ មូលហេតុចម្បងចំនួន៥ ដែលមីយ៉ាន់ម៉ា មិនអនុវត្ដ ទើបអាស៊ានមិនបានកោះហោះប្រទេសជាសមាជិករបស់ខ្លួនមួយនេះឲ្យចូលរួមកិច្ចប្រជុំកំពូល។ នៅក្នុងអំពើរដ្ឋប្រហារយោធានេះ បានសម្លាប់មនុស្សជាង ១ ០០០នាក់ ហើយក្រុមអ្នកតវ៉ាជាង៨ ០០០នាក់ផ្សេងទៀត ត្រូវចាប់ឃុំខ្លួន។
ដោយឡែក រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានថ្កោលទោសអាស៊ាន ចំពោះការមិនអនុញ្ញាតឲ្យមេដឹកនាំរបស់ខ្លួន ចូលរួមកិច្ចប្រជុំអាស៊ាននេះ។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់អាស៊ានថា មិនគោរពច្បាប់ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេស នៅក្នុងតំបន់៕ រក្សាសិទ្ធិដោយ ៖ សារាយSN








