Thursday, May 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៣ថ្ងៃនៃព្រះរាជពិធីបុណ្យ អុំទូក ទាំងការគ្រប់គ្រងសំអាត ដឹកជញ្ជូនសំរាម និងការរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ មានលក្ខណៈល្អប្រសើរ

ភ្នំពេញ ៖ ៣ថ្ងៃនៃព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២១ នេះ ទាំងការគ្រប់គ្រងសំអាតដឹកជញ្ជូនសំរាម និងការរក្សានូវសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ មានលក្ខណៈល្អប្រសើរជាងបណ្ដាឆ្នាំមុនៗ ហើយអ្នកទៅដើរលេងកំសាន្ត នៅក្នុងពិធីនេះក៏មានចំនួនរាប់ម៉ឺននាក់ផងដែរ។

លោកសំ សាមុត ប្រធាន អង្គភាព សួនច្បារ និង រុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងជាអ្នកដឹកនាំដឹកនាំ លើប្រតិបត្តិការលើប្រមូល និងដឹកជញ្ជូនសំរាម នៅក្នុងព្រះរាជពិធីអុំទូកនេះផងដែរនោះ បានបញ្ជាក់ឲ្យដឹង នៅរសៀលថ្ងៃទី ២២ខែវិច្ឆិកានេះថា សម្រាប់៤ថ្ងៃក្នុងព្រះរាជពិធីបុណ្យអុំទូក ពោលគឺចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកានេះ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌ ពាក់ព័ន្ធនិងក្រុមហ៊ុនឯកជន បានធ្វើការប្រមូលសំរាមបានយ៉ាងល្អប្រសើរ ទៅតាមការណែនាំរបស់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។

លោកសំ សាមុត បានបញ្ជាក់ផងដែរថា ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដាក់វេនគ្នាដើម្បីប្រមូល សំអាតនិងដឹកជញ្ជូនសំរាម ចេញពីកន្លែងប្រារព្ធពិធី ជាប្រចាំក្នុងរយៈពេល៤ថ្ងៃនេះ ដោយអនុវត្តការងាររាល់ថ្ងៃ ចាប់ពីម៉ោង២និង០០នាទីទៀបភ្លឺរហូតទៅដល់ម៉ោង៧ព្រឹក គឺសំរាមត្រូវតែស្អាតនៅតាមទីតាំងសំខាន់ៗ ក៏ដូចជានៅតាម ទីសាធារណៈនានាជុំវិញទីតាំងប្រារព្វពិធីនេះ ដូចជាចាប់ពីវត្តភ្នំរហូត ទៅដល់វិមានឯករាជ្យ មុខវត្តបទុម សួនច្បារសម្ដេចតេជោ ទីស្ដីការគណៈរដ្ឋមន្ត្រី និងនៅDN ក្រសួងការពារជាតិជាដើម ។

លោកបញ្ជាក់ថា ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលដឹកនាំការងារ ដោយលោកផ្ទាល់ បានអនុវត្តការងារ ដោយការប្ដូរវេនគ្នា២៥០នាក់ក្នុងមួយថ្ងៃ។ ដោយឡែកក្រុមហ៊ុនឯកជន បានប្រើប្រាស់ កម្លាំងប្រមាណ៦០នាក់ ក្នុងមួយថ្ងៃផងដែរ ដោយប្រមូលសំរាមនៅត្រើយខាងកើតទន្លេ ។ ការសហការគ្នាល្អនេះហើយ ទើបព្រឹត្តិការណ៍ នៃការបុណ្យអុំទូកឆ្នាំនេះ ការប្រមូលនិងការសំអាតសំរាម នៅទីកន្លែងសាធារណៈ ដូចជានៅទីតាំងសំខាន់ៗមួយចំនួន ឃើញថា បានល្អប្រសើរ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងផងដែរថា៖ ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២១ នេះ យើងសង្កេតឃើញថា ប្រជាពលរដ្ឋមានការអនុវត្តវិធានការការពារខ្លួនបានយ៉ាងល្អ ដែលជាសញ្ញាណវិជ្ជមាន នៃការបើកសេដ្ឋកិច្ចជាតិឡើងវិញ ហើយនេះបានបង្ហាញកាន់តែច្បាស់ នូវភាពជោគជ័យរបស់ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាដែល បានយកឈ្នះជំងឺរាលត្បាតជាសកលកូវីដ-១៩។
មូលដ្ឋាននៃភាពជោគជ័យនេះ គឺការសាមគ្គីភាពដ៏រឹងមាំ របស់ប្រជាជនគ្រប់រូប បានជឿជាក់អនុវត្តតាមការដឹកនាំ របស់រាជរដ្ឋាភិបាលដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាមគ្គុទ្ទេសក៍ដ៏ឆ្នើមបំផុតរបស់កម្ពុជាយើង។

មន្ត្រីដដែលបានទៀតញ្ជាក់ថា ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក នេះ សម្រាប់រាជធានីមានបងប្អូនប្រជាពលរដ្ឋមកដើរលែង កំសាន្តនៅរាជធានីភ្នំពេញ ប្រមាណជាង១០ម៉ឺននាក់ ដោយក្នុងនោះថ្ងៃទី១ មានប្រមាណ៥ម៉ឺននាក់ ថ្ងៃទី២ ប្រមាណ៧ម៉ឺននាក់និងថ្ងៃទី៣ប្រមាណ៥ម៉ឺននាក់៕រក្សាសិទ្ធិដោយ ៖ កូលាប