ភ្នំពេញ ៖ ឯកឧត្តម ជា វ៉ន់ដោត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈប្រតិភូ នៅសាធារណរដ្ឋកូរ៉ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យឌីជីថល រវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត។

បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ជា វ៉ន់ដោត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងគណៈប្រតិភូនៅសាធារណរដ្ឋកូរ៉។ តបតាមការអញ្ជើញរបស់ លោកជំទាវ លីម ហស៊ុក (Lim Hyesook) រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថលរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។
នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពិភាក្សាការងារជាមួយ លោកជំទាវ លីម ហៃស៊ុក លើការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) បច្ចេកវិទ្យាក្លាដ បញ្ញាសិប្បនិម្មិត និងការវិភាគ ទិន្នន័យជាដើម ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាពនិងឆាប់រហ័ស។

បន្ថែមពីនេះ គណៈប្រតិភូបានជួបជាមួយ ឯកឧត្តម មួន យ៉ុងស៊ីក (Moon Yong-sik) ប្រធានទីភ្នាក់ងារ សង្គមព័ត៌មានជាតិកូរ៉េ ដើម្បីពិភាក្សាអំពីកិច្ចការសហប្រតិបត្តិការ រដ្ឋាភិបាលឌីជីថលរវាងស្ថាប័នទាំងពីរ ដូចជា ការចែករំលែក បទពិសោធ នៃការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល កិច្ចសហប្រតិបត្តិការមជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាល ឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្ស លើការអភិវឌ្ឍបច្ចេកវិទ្យាក្លាដ និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

គណៈប្រតិភូបានធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីឧត្តមានុវត្តន៍ លើការកសាងនឹងគ្រប់គ្រងមជ្ឈមណ្ឌលទិន្នន័យ ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាក្លោដចំហ (Open Cloud Platform) នៅមជ្ឈមណ្ឌលសេវាធនធានព័ត៌មានជាតិកូរ៉ មជ្ឈមណ្ឌលគាំទ្រថ្នាលបច្ចេកវិទ្យាក្លោដចំហប៉ាស់តា (PaaS-TA)។ គណៈប្រតិភូបានឈ្វេងយល់ អំពីការធ្វើសមាហរណកម្ម ទិន្នន័យរវាងក្រសួង-ស្ថាប័នរដ្ឋនីមួយៗ ដែលកាលពី១៥ឆ្នាំមុនស្ថិតនៅដាច់ដោយឡែកពីគ្នា ជាហេតុនាំឱ្យមានការចំណាយខ្ពស់ និងការការពារសុវត្ថិភាពនៅមានកម្រិតបំផុត។ គណៈប្រតិភូក៏បានពិភាក្សាជាមួយក្រុមហ៊ុន Naver និងក្រុមហ៊ុន Samsung SDS អំពីការរក្សាទុកទិន្នន័យក្នុងមជ្ឈមណ្ឌលទិន្នន័យ បច្ចេកវិទ្យាវិភាគទិន្នន័យ ការការពារសុវត្ថិភាពទិន្នន័យ និងការអភិវឌ្ឍ ធនធានមនុស្ស។
គណៈប្រតិភូបានធ្វើទស្សនកិច្ច នៅគ្រឹះស្ថានផ្សព្វផ្សាយអប់រំកូរ៉េ (Korea Educational Broadcasting System) ដើម្បីជំរុញការអនុវត្តឱ្យបានជោគជ័យ នូវគម្រោងជំនួយឥតសំណង របស់សាធារណរដ្ឋកូរ៉េ ស្ដីពីការរៀបចំនិងប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយអប់រំកម្ពុជា ឆ្នាំ២០២១-២០២២៕ រក្សាសិទ្ធិដោយ ៖កូលាប






