ភ្នំពេញ ៖ បុរសជាសន្តិសុខម្នាក់ បានដេកស្លា.ប់លើប៉ៅអ៊ី បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា សមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការព័ទ្ធខ្សែត្រង់ចំណុចកើតហេតុ។

ហេតុការណ៍បង្កមានការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង ៦នឹង១០ នាទីព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថិតនៅចំណុចហាងលក់សម្ភារ:គុណភាពជប៉ុន តាមបណ្ដោយផ្លូវ ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះសៅ សុវណ្ណារិទ្ធ អាយុ៥១ ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ស្រុកគីរីវង់ ខេត្តតាកែវ។

បើតាមសម្ដីបងប្រុសដែលជាសន្តិសុខយាម ជាមួយគ្នា ឈ្មោះ ប៉ុល តាំង បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៦នឹង១០នាទីព្រឹក គាត់បានដាស់ជនរងគ្រោះ ដើម្បីឲ្យទៅទិញឆ្នាំងខ្ទះ យកមកធ្វើម្ហូប តែហៅជនរងគ្រោះមិនឆ្លើយតប ទើបគាត់យកដៃទៅអង្រួន ទើបដឹងថាជនរងគ្រោះបានស្លា.ប់បាត់ទៅហើយ ក៏ប្រញាប់ប្រាប់អ្នកជិតខាង និងរាយការណ៍ជូនទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹក ចុះមកត្រួតពិនិត្យហ៊ុំព័ទ្ធខ្សែកន្លែងកើតហេតុ និងធ្វើការទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ដើម្បីចុះមកធ្វើកោសល្យវិច័យសព។

បន្ទាប់ពីសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើកោសល្យវិច័យសព រួចបានបញ្ជាក់ឲ្យដឹងថា សពជនរងគ្រោះបានស្លា.ប់ ដោយសារគាំងបេះដូង មិនពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះទេ។ ក្រោយមកកម្លាំងសមត្ថកិច្ច បានធ្វើកំណត់ហេតុ រួចប្រគល់សពជូនទៅដល់ក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ នៅឯស្រុកកំណើតទៅតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម






