Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំបៅចាស់រើឡើងវិញ ៖ ប្រជាពលរដ្ឋដែលរងការរំលោភ ពីក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ាលី យ៉ុងផាត់ និងផ្កាយពីរ ហេង ហ៊ុយ ផ្ទុះតវ៉ាជាថ្មី

spot_img

ភ្នំពេញ ៖ ប្រជាពលរដ្ឋសហគមន៍រងគ្រោះរំលោភដីធ្លីក្រុម 197, 766 , 175 , 843 ,129 ,តានូន និងសហគមន៍នាពិសី ស្ថិតក្នុងស្រុកស្រែអំបិល ស្រុកបូទុមសាគរ ស្រុកថ្មបាំង ខេត្តកោះកុង ប្រមាណជា ៧០០នាក់ បានធ្វើការជួបជុំគ្នានៅសាសាដំបូងខេត្តកោះកុង និងសាលាខេត្តកោះកុង នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដើម្បីតាមដានញតិ្ត និងដាក់ញតិ្តបន្ថែមទាមទារកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លី ដែលរងការរំលោភពីក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ាលី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភា និងលោកផ្កាយពីរ ហេង ហ៊ុយ ដែលមានដីស្ទើរគ្រប់កន្លែងក្នុងខេត្តកោះកុងរាប់ពាន់ហិកតា។

នៅក្នុងការប្រមូលផ្តុំគ្នារបស់ប្រជាពលរដ្ឋដើម្បីស្វែងរកអន្តរាគមន៍ពីអភិបាលខេត្តកោះកុង គឺត្រូវបានកម្លាំងសមត្ថកិច្ចដាក់ប៉ារ៉ាស់នៅមុខសាលមហោស្រពខេត្តកោះកុង មិនឲ្យធ្វើដំណើរទៅមុខនោះទេ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រជាពលរដ្ឋសហគមន៍ទាំងអស់ ក៏ចូលរួមគាំទ្រតំណាងសហគមន៍ក្រុម 197 ចំនួន 9នាក់ ដែលត្រូវសាលាដំបូងខេត្តកោះកុងចេញដីការកោះហៅឲ្យចូលខ្លួនស្រាយបំភ្លឺក្នុងសវនាការជំនុំជម្រះក្រោមបទចោទបរិហាកេរ្ត៍ ញ៉ុះញ៉ុងបង្កឲ្យមានភាពវឹកវរដល់សន្តិសុខជាតិ ប្រព្រឹត្តនៅមុខក្រសូងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នៅរាជធានីភ្នំពេញ និងខេត្តកោះកុង ក្នុងការជួបជុំតាមដានញតិ្ត ដាក់ញតិ្ត និងគាំទ្រតំណាង នៅសាលាដំបូង និងសាលាខេត្តកោះកុងនេះ មានប្រជាពលរដ្ឋចូលរួមសរុបចំនួនប្រមាណជាង ៧០០នាក់។

លោកញិល ភាព មន្ត្រីសម្របសម្រួលសហគមន៍ នៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានបញ្ជាក់ប្រាប់ CEN ថា “យើងធ្វើសកម្មភាពតស៊ូមតិនៅសាលាខេត្តកោះកុង និងនៅសាលាដំបូងខេត្តកោះកុង គឺមានគោលបំណងចំនួនពីរ ទី១. សូមឲ្យលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ដោះស្រាយបញ្ហាដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋសហគមន៍ដែលរងគ្រោះបញ្ហាដីធ្លីជាមួយក្រុមហ៊ុន លី យ៉ុងផាត់ និងទី២. ប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រទាមទារឲ្យសាលាដំបូងខេត្តកោះកុង បើកសវនាការជំនុំជម្រះសកម្មជនដីធ្លីចំនួន ៩នាក់ នៅថ្ងៃទី២៤ ខែវិច្ឆិកា សូមឲ្យការកាត់ក្តីជំនុំជម្រះឈរលើឯករាជ្យភាព អព្យាក្រឹត្យភាព កាត់ក្តីដោយយុត្តិធម៌ និងទាមទារឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើសកម្មជនដីធ្លីដែលរងបទចោទទាំងអស់ ”។

ទាក់ទងការជួបជុំរបស់ប្រជាពលរដ្ឋទាមទារឲ្យមានការដោះស្រាយជម្លោះដីធ្លី រវាងប្រជាពលរដ្ឋនៅខេត្តកោះកុង ជាមួយក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់ នេះ គឺមិនអាចសុំការអត្ថាធិប្បាយពីឧកញ៉ា លី យ៉ុងផាត់ និងលោកផ្កាយពីរ ហេង ហ៊ុយ បានទេ។

សូមរម្លឹកថា ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ ធ្លាប់បានឡើងមករាជធានីភ្នំពេញសុំអន្តរាគមន៍ ពីក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ រហូតមានការដោះស្រាយជាបន្តបន្ទាប់។

កាលពីអំឡុងខែឧសភា ដល់ខែមិថុនា ឆ្នាំ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយឲ្យពលរដ្ឋ ៥ក្រុម សរុបជិត ១ពាន់គ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនអំពៅទាំងពីរនេះ។ សំណងដែលក្រសួងផ្ដល់ឲ្យនោះ គឺមិនដូចគ្នាដោយគ្រួសារមួយចំនួន ទទួលបានដី ២ហិកតា ថវិកា ២.០០០ដុល្លារ គ្រួសារមួយចំនួនទៀត ទទួលបានដី ២ហិកតា ថវិកា ២.៥០០ដុល្លារ ចំណែកគ្រួសារផ្សងទៀតបានដី ២ហិកតា៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×