ភ្នំពេញ ៖ តុលាការបានសម្រេចឃុំខ្លួនឧត្តមសេនីយ៍យោធាចំនួន ២រូប និងបក្ខពួកចំនួន ៥នាក់ ពាក់ព័ន្ធការជួញដូរអាវុធខុសច្បាប់ ដែលសមត្ថកិច្ចបង្ក្រាបនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបងជិតព្រំដែនប្រទេសថៃ។ ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះដោយលោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ។

លោកប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីនេះ តំណាងអយ្យការបានបើកការស៊ើបសួរ ទៅចៅក្រមស៊ើបសួរ ពីបទជួញដូរ នាំចេញ និងសន្និធិអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច តាមមាត្រា ៤៨៨ និងមាត្រា ២០ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។
ឧត្តមសេនីយ៍យោធាពីររូប ក្នុងនោះមានផ្កាយមួយម្នាក់ និងផ្កាយពីរម្នាក់ និងបក្ខពួកចំនួន៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថសហការជាមួយកម្លាំងនគរបាលលជាតិ ចាប់ខ្លួនបានជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរអាវុធខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងជាប់នឹងព្រំដែនជាមួយប្រទេសថៃ។ ការចាប់ខ្លួនបានធ្វើឡើងកាលពីថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីកន្លែងផ្សេងគ្នា។ បន្ទាប់ពីសាកសួរររួច សមត្ថកិច្ចបានបញ្ជូនខ្លួនឧត្តមសេនីយ៍យោធាចំនួនពីររូប និងបក្ខពួកចំនួន ៥នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០២១ ដើម្បីឲ្យព្រះរាជអាជ្ញា និងចៅក្រមធ្វើការសាកសួរពីបទជួញដូរ នាំចេញ និងសន្និធិអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ក្រុមជួគដូរអាវុធដែលចាប់ខ្លួន មានដូចជា ១ . ឧត្តមសេនីយ៍ត្រី អ៊ួន ពិសិដ្ឋ ភេទប្រុស អនុប្រធានរោងជាងជួសជុលចម្រុះ (k4) អគ្គនាយកដ្ឋានបច្ចេកទេសសម្ភារ:ក្រសួងការពារជាតិ ចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីរួមខេត្តសៀមរាប)។ ២. វរសេនីយ៍ទោ ប៉ុល នី ភេទប្រុស មន្ត្រីយោធានៅអង្គភាពសឹករងស្រុកកំរៀងខេត្តបាត់ដំបង ចាប់ខ្លួនកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្រុកកំរៀងខេត្តបាត់ដំបង។ ៣. ព្រិន្ទបាលឯក វី វិនហាយ យោធាសឹករងស្រុកភ្នំព្រឹខេត្តបាត់ដំបង ចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្រុកកំរៀងខេត្តបាត់ដំបង។
មន្ត្រីជាន់ខ្ពស់ដដែលបានបញ្ជាក់ថា សមត្ថកិច្ចកំពុងតែចាប់ខ្លួនអ្នកដែលពាក់ព័ន្ធមួយចំនួនទៀត ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ






