ភ្នំពេញ ៖ បុរសប្រុសស្រី២នាក់ប្តីប្រពន្ធ ត្រូវបានម្ចាស់ផ្ទះចាក់សោរពីខាងក្រៅ ប.ង្ខាំងទុកក្នុងក្រុមហ៊ុនជេស៊ីអ៊ែឡាញ អស់រយ:ពេលជាច្រើនម៉ោង ទើបផ្អើលដល់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង០០នាទីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្រុមហ៊ុនជេស៊ីអ៊ែឡាញ ផ្លូវម៉ៅសេទុង ផ្ទះលេខ២៤៧ ក្រុម៥ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ មានឈ្មោះ ទី១-លាវ សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ
មុខរបរកម្មករសំណង់ ស្នាក់បន្ទប់ជួលម្តុំផ្សារតូចសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ
និងទី២ឈ្មោះ នួន មុំ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរអនាម័យរបស់ក្រុមហ៊ុនជេស៊ីអ៊ែឡាញ ស្នាក់នៅជាមួយគ្នា។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាប្តីបានដឹកប្រពន្ធចេញពីបន្ទប់ជួល មកកាន់ក្រុមហ៊ុនខាងលើ ដើម្បីបោសសំអាត ខណ:ជនរងគ្រោះទាំង២នាក់ ដើរចូលទៅក្នុងក្រុមហ៊ុន ដើម្បីធ្វើការបោសសំអាត ស្រាប់តែម្ចាស់ផ្ទះបានមកដល់ ហើយក៏បានចាក់សោរពីខាងក្រៅ ដោយប្រាប់ថាចាំដោះស្រាយគ្នាចប់សព្វគ្រប់សិន បានចាក់សោរពួកគាត់ចេញមកក្រៅវិញ ពេលនោះជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានប្រាប់ម្ចាស់ផ្ទះវិញថា ពួកខ្ញុំអត់ដឹងរឿងអ្វីនោះទេ ពួកខ្ញុំគ្រាន់តែជាកម្មករបោសសំអាតឲ្យក្រុមហ៊ុនតែប៉ុណ្ណោះ ដោយម្ចាស់ផ្ទះមិនបានស្តាប់ហេតុផល អ្នកទាំងពីរនោះទេ ដោយចាក់សោរប.ង្ខាំងឲ្យនៅខាងក្នុង ហើយក៏បានជិះម៉ូតូទៅបាត់។
ដោយសារតែជនរងគ្រោះ ដល់ម៉ោងស្រេកឃ្លានអាហារថ្ងៃត្រង់ ទើបពួកគាត់បានគោះទ្វារហៅសន្តិសុខ ដែលយាមនៅក្បែរនោះ ឲ្យជួយប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍ ខណ:ពេលដែលសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ទទួលបានករណីខាងលើនេះហើយ ភ្លាមៗនោះកម្លាំងមានសមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុ ក៏បានឃើញជាក់ស្តែង នូវការប.ង្ខាំងមនុស្សនៅខាងក្នុង រួចក៏បានទំនាក់ទំនងទៅខាងម្ចាស់ផ្ទះ ឲ្យយកសោរមកចាក់ឲ្យជនរងគ្រោះ ចេញមកខាងក្រៅវិញ និងនាំជនរងគ្រោះនិងម្ចាស់ផ្ទះ ទៅធ្វើការសាកសួរបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលស្វាយព្រៃទី១។

ក្រោយពេលសមត្ថកិច្ចធ្វើការសាកសួរមូលហេតុ នៃការចាក់សោរប.ង្ខាំងមនុស្សខាងលើនេះ ទើបបែកធ្លាយការពិត គឺក្រុមហ៊ុនក្ស័យធន់ មិនដំណើរការ គ្មានលុយបង់ប្រាក់ខែថ្លៃផ្ទះជួល ហើយនៅយប់មិញនេះ ខាងក្រុមហ៊ុនលួចដឹកសម្ភារ:ចេញចំនួន៣ឡានហើយ ទើបម្ចាស់ផ្ទះមានការបារម្ភ ខ្លាចខាងភាគីក្រុមហ៊ុន មិនទាន់បានទូទាត់សងប្រាក់រួចរាល់ ទើបគាត់សម្រេចចិត្តចាក់សោរផ្ទះជាបណ្តោះអាសន្នសិន ក្រោយពេលសមត្ថកិច្ច ធ្វើការសាកសួរ និងដឹងហេតុផលច្បាស់លាស់ ហើយទើបធ្វើការអប់រំ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕ រក្សាសិទ្ធិដោយ ៖ សួង សាម









