ភ្នំពេញ ៖ មន្ត្រីមួយចំនួនបានចោទប្រកាន់លោក ណុប សំអាន ប្រធានការិយាល័យគយទំនប់រលក និងលោក ផាត់ សំណាង អនុប្រធានការិយាល័យផែទំនប់រលក ទទួលបន្ទុកពិនិត្យឯកសារ ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ។
មន្ត្រីគយនៅទំនប់រលកបានទម្លាយឲ្យដឹងថា ក្រុមឈ្មួញគ្រាក់ៗមួយចំនួននៅតែបន្តនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ចូលតាមច្រកផែទំនប់រលក យ៉ាងអាណាធិបតេយ្យដោយមានការបើកដៃពីលោក ណុប សំអាន និងលោក ផាត់ សំណាង។ រីឯឈ្មួញនិងអាជីវករតូចតាចដែលរកស៊ីនាំចូលទំនិញតាមច្រកផែទំនប់រលក ត្រូវបានលោក ណុប សំអាន និងលោក ផាត់ សំណាង គាបយកលើតុក្រោមតុ គ្មាននរណាហ៊ានតវ៉ានោះទេ ព្រោះរងការគាបសង្កត់សព្វបែបយ៉ាង។
ប្រភពដដែលបានបន្តថា លោកណុប សំអាន អាចកាន់តំណែងជាប្រធានការិយាល័យគយទំនប់រលកបានមកដល់ពេលនេះ ដោយសារមានខ្នងបង្អែកនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ចំពោះមេគយធំៗក្នុងខេត្តព្រះសីហនុ មិនហ៊ានប៉ះពាល់លោក ណុប សំអាន ទេនោះព្រោះគេដឹងថា លោក ណុប សំអាន មានខ្នងបង្អែកដែលមានឥទ្ធិពលខ្លាំងក្លានៅចាំជួយអន្តរាគមន៍គ្រប់ពេលវេលា។
ចំណែមន្ត្រីដែលពាក់ព័ន្ធនៅស្នាក់ការទំនប់រលក បានបង្ហើបឲ្យដឹងដែរថា ក្រុមឈ្មួញធំៗដែលនាំចូលទំនិញតាមច្រកកំពងផែទំនប់រលកសុទ្ធតែមានទំនាក់ទំនងជាមួយលោក ណុប សំអាន និងលោក ផាត់ សំណាង ដើម្បីឲ្យអាជីវកម្មមុខជំនួញរបស់ពួកគេអាចប្រព្រឹត្តទៅដោយរលូន។
ទាក់ទងការចោទប្រកាន់នេះ លោក ណុប សំអាន ប្រធានការិយាល័យគយទំនប់រលក និងលោក ផាត់ សំណាង អនុប្រធានការិយាល័យផែទំនប់រលក ទទួលបន្ទុកពិនិត្យឯកសារ មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ