Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ចំណាយសរុបថវិការដ្ឋ ឬ ចំណាយសរុបថវិកាជាតិ ត្រូវបានគ្រោងចំនួនប្រមាណ ៣៤,៧ ទ្រីលានរៀល

spot_img

ភ្នំពេញ ៖ បទឧទ្ទេសនាមរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភា ដើម្បីពិភាក្សា និង អនុម័ត សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ នៅរដ្ឋសភា, ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ ។ សម្រាប់ឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,៨% ហើយ ផសស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១ ៨៤២ ដុល្លារអាមេរិក ធៀបនឹង ១ ៧៣០ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១។ ចំណាយសរុបថវិការដ្ឋ ឬ ចំណាយសរុបថវិកាជាតិ ត្រូវបានគ្រោងចំនួនប្រមាណ៣៤,៧ ទ្រីលានរៀល, សមមូលនឹងប្រមាណ ៨,៥ ប៊ីលានដុល្លារអាមេរិក, ស្មើនឹង ២៧,៩៥% នៃ ផសស , មានកំណើន ៨,៤% ធៀបនឹងច្បាប់ឆ្នាំ ២០២១ ក្នុងនោះ ចំណាយចរន្ត ថវិការដ្ឋ ត្រូវបានគ្រោងចំនួន ២០,៨ ទ្រីលានរៀល, សមមូលនឹងប្រមាណ ៥,១ ប៊ីលានដុល្លារអាម៉េរិក, ត្រូវជា ១៦,៧៩% នៃ ផសស, កើនឡើង ១១,២% ធៀបនឹងច្បាប់ឆ្នាំ ២០២១ ។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ត្រូវបានរៀបចំឡើង នៅក្នុងបរិការណ៍បច្ចុប្បន្នដែលកម្ពុជាកំពុងស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ នៅឡើយ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និង ការបន្តរីករាលដាលនៃមេរោគកូរ៉ូណាបំប្លែងថ្មី ដែលបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់សុខភាព, សង្គម, សេដ្ឋកិច្ច និង ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ព្រមទាំងកំពុងដាក់សម្ពាធកាន់តែធ្ងន់មកលើថវិកាជាតិ ។ រាជរដ្ឋាភិបាលបាន និង កំពុងបញ្ចេញចំណាយអន្តរាគមន៍យ៉ាងច្រើន ដើម្បីទប់ទល់នឹងវិបត្តិនេះ ព្រមជាមួយនឹង ការគ្រោងដាក់ចេញនូវ “ក្របខ័ណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” សំដៅលើកស្ទួយជីវភាពរបស់ប្រជាជនទូទៅ ។ ទន្ទឹមនេះ, ថវិកាឆ្នាំ ២០២២ ក៏ជាថវិកាឆ្នាំទី ៤ នៃអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា ដែលតាមរយៈនេះ, រាជរដ្ឋាភិបាលត្រូវបន្ត ខិតខំសម្រេចឱ្យបាននូវអាទិភាពគោលនយោបាយ និង គោលដៅអភិវឌ្ឍន៍សំខាន់ៗជាសារវន្ត, ដូចមានកំណត់ក្នុង យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤, នៅលើមាគ៌ានៃការកែទម្រង់ ស៊ីជម្រៅ និង ការជំរុញការអភិវឌ្ឍ ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលជាច្រើនដែលសម្រេច បានកន្លងមក, ទាំងខាងនយោបាយ, សន្តិសុខ, សណ្ដាប់ធ្នាប់សង្គម និង ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច, ពិសេសគឺ សន្តិភាព និង ស្ថិរភាពនយោបាយដ៏រឹងមាំជាប់មិនដាច់ ដែលជាមូលដ្ឋាន គ្រឹះដ៏ចម្បងបំផុត និង មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍជាតិ និង ភាពសុខក្សេមក្សាន្ត របស់ប្រជាជន ។ មួយវិញទៀត, ថវិកាឆ្នាំ ២០២២ ក៏ជាថវិកាដែលត្រូវធានាជោគជ័យន ការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និង ជោគជ័យនៃការបំពេញកាតព្វកិច្ច តំបន់ និង អន្តរជាតិរបស់កម្ពុជា ពិសេសគឺ ការធ្វើជាម្ចាស់ផ្ទះ និង ជាប្រធានអាស៊ាន ។

អាស្រ័យដោយអត្ថបទពិស្តារនៃសេចក្តីថ្លែងហេតុអំពីសេចក្តីព្រាងច្បាប់នេះ បានគូសរំលេចរួចហើយអំពីក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច ឆ្នាំ ២០២២ ក៏ដូចជាអំពីបញ្ហាប្រឈម និង ហានិភ័យ, ទាំងផ្នែកក្រៅប្រទេស, ទាំងផ្នែកក្នុងប្រទេស, ព្រមទាំងអំពីវិធានការគោលនយោបាយ មុតស្រួចមួយចំនួន ដែលត្រូវបានដាក់ចេញ ដើម្បីធានារក្សាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិង ដើម្បីសម្រេចឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ឡើងវិញ ប្រកបដោយចីរភាព និង បរិយាប័ន្ន, ដូចនេះ ខ្ញុំបាទសូមជម្រាបជូនជាសង្ខេបថា តាមការវាយតម្លៃពាក់កណ្ដាលឆ្នាំកន្លងមក, សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ ២០២១ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនក្នុងអត្រា ២,៤% ខណៈដែលការវាយតម្លៃឡើងវិញ របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗនាពេលថ្មីៗនេះ ក៏បាន យល់ស្របលើអត្រាកំណើនប្រហាក់ប្រហែលគ្នា គឺក្នុងរង្វង់ប្រមាណ២%។ ដោយឡែក, សម្រាប់ឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,៨% ហើយ ផសស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១ ៨៤២ ដុល្លារអាមេរិក ធៀបនឹង ១ ៧៣០ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១ ។ ប៉ុន្តែ, សេដ្ឋកិច្ចកម្ពុជាក៏នៅ តែអាចជួបប្រទះនឹងបញ្ហាប្រឈម និងហានិភ័យ, ទាំងទិដ្ឋភាពខាងក្នុង និង ខាងក្រៅ, ដែល អាចនឹងប៉ះពាល់ដល់ចីរភាពនៃកំណើន និង និរន្តរភាពនៃការអភិវឌ្ឍប្រទេស ។ ដូច្នេះ, ដើម្បី ត្រៀមខ្លួនដោះស្រាយហានិភ័យចម្បងៗជាយថាហេតុ, រាជរដ្ឋាភិបាលកម្ពុជានឹងជំរុញអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តា និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅ ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” ដែលនឹងត្រូវបានដាក់ ចេញក្នុងពេលឆាប់ៗខាងមុខនេះ ដោយឈរលើសសរស្ដម្ភចំនួន ៣ (ឬហៅថា 3Rs) គឺ៖

សសរស្តម្ភទី១-ការស្តារ (Recovery) តាមរយៈការកសាងមូលដ្ឋានរឹងមាំ សម្រាប់ជំរុញ សេដ្ឋកិច្ចឱ្យវិលទៅស្ថិតលើមាគ៌ានៃកំណើនឡើងវិញ ដោយផ្តោតលើការធានាសុវត្ថិភាព, ការគ្រប់គ្រងផលប៉ះពាល់, ការរក្សាលំនឹង និង ការធ្វើឱ្យរស់រវើកឡើងវិញនូវធុរកិច្ចដែលមាន សក្តានុពល ជាពិសេស ក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និង ការបង្កើតការងារបន្ថែម ឱ្យបានច្រើន និង ឆាប់រហ័ស សំដៅលើកស្ទួយជីវភាពប្រជាជន;

សសរស្តម្ភទី២-ការកែទម្រង់ (Reform) តាមរយៈការបន្តដាក់ចេញនូវវិធានការ កែទម្រង់សំខាន់ៗជារចនាសម្ព័ន្ធ ដែលរួមមានជាអាទិ៍ : ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាស និង កិច្ចសម្រួលពាណិជ្ជកម្មសម្រាប់ការវិនិយោគ និង ធុរកិច្ច, ការជំរុញ និង ការអភិវឌ្ឍ ឌីជីថលូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច ទាំងវិស័យសាធារណៈ និង វិស័យឯកជន; និង

សសរស្តម្ភទី៣-ការកសាងភាពធន់ (Resilience តាមរយៈការពង្រឹងការត្រៀមខ្លួន ដើម្បី ឆ្លើយតបទៅនឹងជំងឺ ឬ ស្ថានភាពស្រដៀងគ្នា ដែលអាចផ្ទុះឡើងនាពេលអនាគត ដោយ ផ្ដោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និង ប្រព័ន្ធគាំពារសង្គម ដែលរឹងមាំ និង មានប្រសិទ្ធភាព ក៏ដូចជា
ផ្ដោតលើវិស័យគន្លឹះមួយចំនួនទៀតដែលមានសារៈសំខាន់សម្រាប់ការធានានូវចីរភាព និង បរិយាប័ន្ន នៃការស្តារ និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។

អំពីក្របខ័ណ្ឌថវិកាឆ្នាំ ២០២២

ក្របខ័ណ្ឌថវិកាឆ្នាំ ២០២២ ត្រូវបានកំណត់ដូចតទៅ ៖

១-ចំណូលក្នុងប្រទេសថវិការដ្ឋ ឬ ចំណូលក្នុងប្រទេសថវិកាជាតិ ត្រូវបានគ្រោងចំនួន ប្រមាណ ២៥,៦ ទ្រីលានរៀល, សមមូលនឹងប្រមាណ ៦,៣ ប៊ីលានដុល្លារអាម៉េរិក, ត្រូវជា ២០,៦១% ន ផសស, មានកំណើន ១៩,៣% ធៀបនឹងច្បាប់ឆ្នាំ ២០២១ ។ ក្របខ័ណ្ឌថវិកា ឆ្នាំ ២០២២ មានគោលដៅបង្កើនចំណូលចរន្តថវិការដ្ឋឱ្យបានស្មើនឹង ១៩,៥៦% នៃផសស ដែលមានកំណើនចំនួន ១,១៤ ពិន្ទុភាគរយនៃ ផសស ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២១ ពោលគឺ នឹងសម្រេចបានខ្ពស់ជាង គោលដៅនៃការប្រមូលចំណូលចរន្តថវិការដ្ឋ ដែលត្រូវបាន កំណត់ឱ្យកើនជាមធ្យម ០,៣ ពិន្ទុភាគរយ នៃ ផសស ក្នុងមួយឆ្នាំ នៅក្នុងយុទ្ធសាស្ត្រកៀរគរ ចំណូល ឆ្នាំ ២០១៩-២០២៣ ។

២-ចំណាយសរុបថវិការដ្ឋ ឬ ចំណាយសរុបថវិកាជាតិ ត្រូវបានគ្រោងចំនួនប្រមាណ៣៤,៧ ទ្រីលានរៀល, សមមូលនឹងប្រមាណ ៨,៥ ប៊ីលានដុល្លារអាមេរិក, ស្មើនឹង ២៧,៩៥% នៃ ផសស , មានកំណើន ៨,៤% ធៀបនឹងច្បាប់ឆ្នាំ ២០២១ ក្នុងនោះ ចំណាយចរន្ត ថវិការដ្ឋ ត្រូវបានគ្រោងចំនួន ២០,៨ ទ្រីលានរៀល, សមមូលនឹងប្រមាណ ៥,១ ប៊ីលានដុល្លារ អាម៉េរិក, ត្រូវជា ១៦,៧៩% នៃ ផសស, កើនឡើង ១១,២% ធៀបនឹងច្បាប់ឆ្នាំ ២០២១ ។

៣- តុល្យភាពរួមនៃថវិកាឆ្នាំ ២០២២

នៅក្នុងក្របខ័ណ្ឌថវិការដ្ឋ ឬ ថវិកាជាតិ, ទាំងថវិកាថ្នាក់ជាតិ និង ថវិកាថ្នាក់ក្រោមជាតិ, រាជរដ្ឋាភិបាលអាចរក្សាអតិរេកថវិកាចរន្តឱ្យបានក្នុងកម្រិតប្រមាណ ២,៧៧% នៃផសស នៅឆ្នាំ ២០២២ ធៀបនឹងច្បាប់ឆ្នាំ២០២១ ដែលមានចំនួន ២,១៥% នៃ ផសស ។ ជាលទ្ធផល, ឱនភាពថវិកាជាតិសរុប នឹងមានទំហំស្មើនឹង -៧,៣៤% នៃផសស គឺថយចុះពី កម្រិតនៃឱនភាពគ្រោងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ ២០២១ ដែលស្មើនឹង -៩,១៧% នៃ ផសស ។ ឱនភាពនេះ ត្រូវបានបំពេញតុល្យភាពដោយ ៖ (១). ហិរញ្ញប្បទានក្រៅប្រទេស ក្នុងទំហំ ៤,៦៨% នៃ ផសស; (២). មូលនិធិទ្រទ្រង់ថវិកា ក្នុងទំហំ ១,០២% នៃ ផសស; (៣). ការបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំ ០.៩៨% នៃផសស ស្មើនឹង ១ ២១៩ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៣០០ លានដុល្លារអាមេរិក និង (៤). ប្រាក់បញ្ញើរាជរដ្ឋាភិបាល ក្នុងទំហំ ១,៦៤% នៃផសស ស្មើនឹង ២ ០៣២ ប៊ីលានរៀល, សមមូលនឹង ៥០០ លានដុល្លារអាម៉េរិក ដែលត្រូវបានគ្រោងយកមកប្រើប្រាស់សម្រាប់អនុវត្តគោលនយោបាយ និង វិធានការរក្សាលំនឹង ទប់ទល់នឹងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ជាពិសេសសម្រាប់អនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លង ប្រក្រតីភាពថ្មី- ។

អំពីគម្រោងចំណូល-ចំណាយថវិកាថ្នាក់ជាតិ ទី១- អំពីគម្រោងចំណូលថវិកាថ្នាក់ជាតិ៖

ថវិកាឆ្នាំ ២០២២ មានគោលដៅប្រមូលចំណូលក្នុងប្រទេសថ្នាក់ជាតិឱ្យមានទំហំស្មើនឹង ២៣,៥ ទីលានរៀល, សមមូលនឹងប្រមាណ ៥,៨ ប៊ីលានដុល្លារអាមេរិក, ត្រូវជា ១៨,៩% ន ផសស, គឺមានកំណើន ១៧,៧%ធៀបនឹងច្បាប់ឆ្នាំ ២០២១ ។ ក្នុងក្របខ័ណ្ឌនេះ, ខ្លឹមសារពិស្ដារនៃសេចក្ដីថ្លែងហេតុនៃសេចក្តីព្រាងច្បាប់នេះ បានរៀបរាប់រួចហើយអំពីគោលដៅ សម្រាប់ចំណូលចរន្ត, ទាំងគោលដៅចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ, ព្រមទាំងអំពីគោលដៅចំណូលមូលធន, ទាំងចំណូលមូលធនក្នុងប្រទេស និង ចំណូលមូលធន ក្រៅប្រទេស ។ ដូច្នេះ, ខ្ញុំបាទសូមមិនធ្វើការអធិប្បាយបន្ថែមទៀតទេ ។

ទី២- អំពីគម្រោងចំណាយថវិកាថ្នាក់ជាតិ ក, ចំណាយចរន្តថវិកាថ្នាក់ជាតិ

ក-១- អំពីទិដ្ឋភាពរួមនៃចំណាយចរន្តថវិកាថ្នាក់ជាតិ

ថវិកាថ្នាក់ជាតិឆ្នាំ ២០២២ មានទិសដៅជាយុទ្ធសាស្ត្រកំណត់ចំណាយចរន្តឱ្យស្ថិតក្នុង កម្រិត ប្រមាណ ១៩,១ ទ្រីលានរៀល, សមមូលនឹងប្រមាណ ៤,៧ ប៊ីលានដុល្លារអាម៉េរិក, ត្រូវជា ១៥,៣៩% នៃ ផសស, គឺមានកំណើន ៩,៥% ធៀបនឹងច្បាប់ឆ្នាំ ២០២១ ដែលក្នុងនោះ ៖

ក.១.១-ចំណាយលើបន្ទុកបុគ្គលិក ត្រូវបានគ្រោងប្រមាណ ៨,៦ ទ្រីលានរៀល, មាន សមាមាត្រស្មើនឹង ៤៥,៣% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ, ត្រូវជា៦,៩៧% នៃផសស, មានកំណើន ១,០% ធៀបនឹងច្បាប់ឆ្នាំ ២០២១ ។ ចំណាយបន្ទុកបុគ្គលិកនេះ ត្រូវបានគ្រោង ដោយរក្សាកម្រិតប្រាក់បៀវត្ស មន្ត្រីរាជការស៊ីវិល និង កម្លាំងប្រដាប់អាវុធឆ្នាំ ២០២២ ស្មើនឹងកម្រិតឆ្នាំ ២០២១ដើម្បីសន្សំថវិកាសម្រាប់បន្តការងារអន្តរាគមន៍ផ្នែកសុខាភិបាល និងសង្គម ពិសេសគឺការបង្កើនកញ្ចប់ថវិកាជួយជនក្រីក្រ (ក្រ១ និង ក្រ២) និងជនងាយ រងគ្រោះ ឱ្យបានដល់ ៩ ខែ ជាបន្តទៀត នៅក្នុងឆ្នាំ២០២២។ ទន្ទឹមនេះ រាជរដ្ឋាភិបាល នឹងបន្តធានាបាននូវការបើកផ្តល់បៀវត្សជូនមន្ត្រីរាជការឱ្យបានទាន់ពេល គឺ ២ ដង ក្នុង ១ ខែ ។ ចំពោះប្រាក់សោធននិវត្តន៍ ក៏ត្រូវបានគ្រោងថវិកាចំនួន ៣០ ប៊ីលានរៀល សម្រាប់ការកាត់បន្ថយគម្លាតរបបសោធនរបស់និវត្តជន រវាងអ្នកចូលនិវត្តន៍ចាស់ និង អ្នកចូលនិវត្តន៍ថ្មី ជូនដល់ និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និង កងកម្លាំងប្រដាប់អាវុធផងដែរ ។

ក.១.២-ចំណាយក្រៅបន្ទុកបុគ្គលិក ត្រូវបានគ្រោងប្រមាណ ១០,៥ ទ្រីលានរៀល, មានសមាមាត្រស្មើនឹង ៥៤,៧% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ, ត្រូវជា ៨,៤២% នៃផសស, គឺមានកំណើន ១៧,៨% ធៀបនឹងច្បាប់ឆ្នាំ២០២១។ ការគ្រោងកើនឡើងនេះ គឺសម្រាប់ ការអនុវត្តអាទិភាពចម្បង និង សំខាន់មួយចំនួន រួមមាន៖ ការបន្តអន្តរាគមន៍ប្រយុទ្ធនឹង ការរីករាលដាលនៃជំងឺកូវីដ-១៩, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់, ការធ្វើជា ប្រធានអាស៊ាន និង ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំង អាទិភាពមួយចំនួនទៀត។ ជាក់ស្តែង វិស័យសង្គមកិច្ចនៅតែត្រូវបានចាត់ទុកជាវិស័យ អាទិភាពទី ១ ដោយក្នុងនោះ អាទិភាពចំណាយត្រូវបានផ្តោតទៅលើ៖ ការបន្តគាំទ្រដល់ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩; ការបន្តលើកកម្ពស់គុណភាពសេវាសុខាភិបាល និង ការពង្រីក ការទទួលបានសេវាសុខាភិបាល ជាពិសេស សម្រាប់ប្រជាជនក្រីក្រ, ក្រុមជនងាយរងគ្រោះ, ស្ត្រី និង កុមារ តាមរយៈការបន្តគាំទ្រដល់កម្មវិធីមូលនិធិសមធម៌ និង ការវិនិយោគលើហេដ្ឋា រចនាសម្ព័ន្ធសុខាភិបាល; ការបន្តផ្តល់កញ្ចប់ថវិកាប្រតិបត្តិការជូនដល់មន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាព ការបន្តគាំទ្រគោលនយោបាយគាំពារសង្គម, ការបន្តគាំទ្រដល់ការពង្រីក ការទទួលបានសេវាអប់រំ និង ការលើកកម្ពស់គុណភាពអប់រំ ព្រមទាំងការអប់រំកាយ និងកីឡា ជាពិសេស ការបន្តផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ; ការបង្កើនថវិកាដំណើរការសាលារៀន; ការបន្តពង្រឹងសាលារៀនជំនាន់ថ្មី និង ការកសាងសាលារៀន; ការគាំទ្រដល់ចំណាយប្រតិបត្តិការ មត្តេយ្យសហគមន៍; ការអភិវឌ្ឍជំនាញដែលឆ្លើយតបនឹងតម្រូវការទីផ្សារ ជាពិសេស នៅក្នុង ការអភិវឌ្ឍវិស័យឧស្សាហកម្ម និង ការអភិវឌ្ឍវិស័យការងារ; ការការពារ និងអភិរក្សធនធាន ធម្មជាតិ; ការអភិរក្ស និង ការអភិវឌ្ឍវប្បធម៌ជាតិ និង សុខដុមនីយកម្មសាសនា ។

ខ- អំពីគម្រោងចំណាយមូលធនថវិកាថ្នាក់ជាតិ

ចំណាយមូលធនថ្នាក់ជាតិ ត្រូវបានគ្រោងប្រមាណ ១៣ ទ្រីលានរៀល, សមមូលនឹង ប្រមាណ ៣,៣ ប៊ីលានដុល្លារអាម៉េរិក, មានកំណើន ៣,២២% ធៀបនឹងច្បាប់ឆ្នាំ២០២១, មានសមាមាត្រស្មើនឹង ៤១,៣% នៃចំណាយថវិកាថ្នាក់ជាតិសរុប, ត្រូវជា ១០,៨៤% នៃ ផសស, ដែលក្នុងនោះ ៖

(១)-គម្រោងវិនិយោគដោយហិរញ្ញប្បទានក្នុងប្រទេសនៅថ្នាក់ជាតិ ត្រូវបានគ្រោង ក្នុងទំហំប្រមាណ ៤,៩៧% នៃផសស, មានការថយចុះ ៣,៤% ធៀបនឹងច្បាប់ឆ្នាំ ២០២១ទៅតាមលទ្ធភាពថវិកា កូវីដ-១៩ ។

ក្នុងពេលដែលចំណូលមានការថមថយដោយសារផលប៉ះពាល់ពីវិបត្តិ

(២)-គម្រោងវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស មានកំណើន ៦,៤% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២១, ត្រូវជា ៤,៦៨% នៃ ផសស ដែលស្មើនឹងប្រមាណ១៦,៧% នៃចំណាយថវិការដ្ឋសរុបឆ្នាំ ២០២២ ។

(៣)-ការកំណត់ពិតាននៃការខ្ចី : សម្រាប់ឆ្នាំ ២០២២, រាជរដ្ឋាភិបាលបានកំណត់ទំហំនៃការខ្ចី ដូចតទៅ : (ទី១)-គ្រោងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូង ចំនួន ៣០០ លានដុល្លារអាមេរិក ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និង ផលិតភាពសេដ្ឋកិច្ច និង (ទី២)- ខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត ១ ៦០០ លាន SDR ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច សូមគូសបញ្ជាក់ថា, ជារួម, ការបោះផ្សាយលក់មូលប័ត្ររដ្ឋ និង ទំហំនៃការខ្ចីនេះ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌករដល់កម្ពុជាទេ ពោលគឺ, ទិដ្ឋភាព បច្ចេកទេស, ស្ថានភាពបំណុលសាធារណៈកម្ពុជានៅតែត្រូវបានវាយតម្លៃថា មាន “ចីរភាព” និង “ហានិភ័យកម្រិតទាប” ដដែល ដោយរាល់សូចនាករគន្លឹះៗនៃការគ្រប់គ្រងបំណុលរបស់ កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់ ។

អំពីគម្រោងចំណូល-ចំណាយថវិការដ្ឋបាលថ្នាក់ក្រោមជាតិ គម្រោងចំណូល-ចំណាយរបស់រដ្ឋបាលរាជធានី-ខេត្ត, ក្រុង-ស្រុក និង ឃុំ-សង្កាត់ មាន
ឱនភាពថវិកាចំនួនប្រមាណ ១,៣ ទ្រីលានរៀល ដែលត្រូវបានគ្រោងឧបត្ថម្ភដោយថវិកាថ្នាក់ ជាតិ ហើយត្រូវបានបែងចែកលម្អិតជូនទៅថ្នាក់រដ្ឋបាលនីមួយៗ ។ ដូចគ្នានឹងថ្នាក់ជាតិដែរ, ប្រាក់បំណាច់របស់ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ ក្រុមប្រឹក្សាឃុំ‑សង្កាត់ ក្នុងឆ្នាំ ២០២២ នេះ ត្រូវបានរក្សាស្នើនឹងកម្រិតឆ្នាំ ២០២១ ។

និយ័តភាវូបនីយកម្មនៃកិច្ចប្រតិបត្តិការចំណាយថវិកាសម្រាប់ ការគ្រប់គ្រងឆ្នាំ ២០២១៖

តាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាលស្នើធ្វើនិយ័តភាវូបនីយកម្មនៃ កិច្ចប្រតិបត្តិការចំណាយថវិកាបន្ថែម ដល់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ដើម្បីគោលដៅដូចខាងក្រោម ៖

ទី១-ឥណទានទូទាត់ចំណាយកម្មវិធីប្រយុទ្ធ និង ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ចំនួន ៣ ៩៤៣ ០៥០ លានរៀល, សមមូលប្រមាណ ៩៧០ លានដុល្លារអាមេរិក ។

ទី២-ឥណទានទូទាត់ចំណាយកម្មវិធីជំនួយសង្គមជួយជនក្រីក្រ និង ជនងាយរងគ្រោះ ចំនួន ៣៦២ ៥៥១ លានរៀល, សមមូលប្រមាណ ៩០ លានដុល្លារអាម៉េរិក ។

ទី៣-ឥណទានទូទាត់ចំណាយលើការទិញយកមន្ទីរពេទ្យស្រ្តីនគរទេ ចំនួន ៦២ ៥៣១,២ លានរៀល ដោយប្រើប្រភពចំណូលពីសប្បុរសជន ប៉ុន្តែមានការចាំបាច់ត្រូវ ឆ្លុះបញ្ចាំងក្នុងច្បាប់ថវិកា ។

ទី៤-ឥណទានទូទាត់ចំណាយសម្រាប់ការបង្វិលសងអាករលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ ចំនួន ១០៤ ០០០ លានរៀល ។

ទី៥- ឥណទានចំនួន ៥០ លានដុល្លារអាមេរិក សម្រាប់អនុញ្ញាតផ្ដល់ឱ្យអគ្គិសនីកម្ពុជា(EDC)ខ្ចី ដើម្បីដោះស្រាយតម្រូវការថាមពលអគ្គិសនីរយៈពេលវែង ។

ទី៦-ឥណទានពីអតិរេករបស់រដ្ឋបាលឃុំ-សង្កាត់ ចំនួន ១៩៤ ៤៩៩,៧ លានរៀល ដើម្បីប្រើប្រាស់សម្រាប់ហិរញ្ញប្បទានដល់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន ។

សរុបមក ថវិកាឆ្នាំ ២០២២ អាចត្រូវបានសន្និដ្ឋានជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលនឹងជួយឱ្យរាជរដ្ឋាភិបាលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និង ហានិភ័យផងទាំងពួង, ទាំងក្នុង និង ក្រៅប្រទេស សំដៅបន្តការពារអាយុជីវិត លើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ព្រមទាំងស្តា និង ជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច។ ក្នុងន័យនេះ, ថវិកាឆ្នាំ ២០២២ អាចប្រសិទ្ធនាមថា ជា “ថវិកាសម្រាប់បន្តការប្រយុទ្ធប្រឆាំង និង ការកសាង សមត្ថភាពរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី” ដែលបម្រើឱ្យគោលដៅយុទ្ធ សាស្ត្រ ៣ យ៉ាង គឺ ៖ (១)-ការបន្តប្រយុទ្ធការពារអាយុជីវិតប្រជាជន; (២)-ការបន្តខិតខំរក្សា លំនឹងសង្គម-សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាជន និង (៣)-ការតម្រង់ធនធានឆ្ពោះទៅស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×