ភ្នំពេញៈ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងតាមសារអេឡិចត្រូនិក កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានការឃោសនា និងបំផុសឲ្យមានការធ្វើបាតុកម្មប្រឆាំង បើសិនណាគណបក្សប្រឆាំងត្រូវបានរំលាយ ដោយតុលាការកំពូល។ ការឃោសនាបំផុសឲ្យមានបាតុកម្មប្រឆាំងនេះ មានន័យថា ប្រឆាំងនឹងច្បាប់។ បើប្រឆាំងនឹងច្បាប់ គឺជាទង្វើខុសច្បាប់ ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយជៀសមិនរួច។ ការថ្លែងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពីសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា និងរណសិរ្សរំដោះជាតិខ្មែរ បានធ្វើការអំពាវឲ្យប្រជាពលរដ្ឋ និងសមាជិកខ្លួនត្រៀមធ្វើបាតុកម្ម បើសិនគណបក្សសង្គ្រោះជាតិ ត្រូវរំលាយ។
លោកសុខ ឥសាន បានបន្តថា ទោះបីអ្នកប្រព្រឹត្តល្មើសច្បាប់នោះ អះអាងថា ជាសិទ្ធិរបស់ខ្លួន តែសមត្ថកិច្ចក៏មានសិទ្ធិក្នុងការមានវិធានការណ៏ទប់ស្កាត់ និងបង្ក្រាបការធ្វើបាតុកម្មនោះដែរ។ ការបំផុសឲ្យធ្វើបាតុកម្មនេះ របស់ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា វាស្របគ្នានឹងការបាចខិត្តប័ណ្ណបំផុសឲ្យធ្វើបាតុកម្ម របស់ពួកជន ៥នាក់នៃរណសិរ្សរំដោះជាតិខ្មែរ ដែលជាក្រុមភេរវកម្មដែរ ដែលអាចត្រូវចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៏។ នេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌនៃបដិវត្តន៏ព៌ណ ដែលយកសិទ្ធិសម្តែងមតិ សិទ្ធិមនុស្ស និងសេរីភាព មកប្រើជារូបភាព តែខ្លឹមសារខាងក្នុងគឺពិសពុល ចង់បំផ្លាញសន្តិភាព ស្ថេរភាពនយោបាយ សេចក្តីសុខសុភមង្គលរបស់ប្រជាជន យ៉ាងពិតប្រាកដ។ បើចង់ប្រើសិទ្ធិ ម៉េចក៏មិនបំផុសឲ្យប្រជាជននាំគ្នាទៅចូលរួមទស្សនាកំសាន្តក្នុងពិធីបុណ្យអុំទូក ? បំផុសឲ្យប្រជាជនចូលរួម សំអាតទីក្រុង កុំបោះសម្រាមចោលពីសពាស ? ដូច្នេះការប្រើបាស់សិទ្ធិ ត្រូវប្រើឲ្យត្រូវតាមសំណូមពរត្រូវការរបស់សង្គម និងប្រជាជន។ បើប្រើសិទ្ធិចង់បំផ្លាញសង្គម នោះនឹងត្រូវការបង្ក្រាប ដោយសិទ្ធិរបស់សមត្ថកិច្ចដែលជាអំណាចប្រជាជនជាក់ជាមិនខាន។
សូមជម្រាបថា សមាជិករណសិរ្សរំដោះជាតិខ្មែរ ចំនួន០៥នាក់ ត្រូវបានកម្លាំងជំនាញរបស់ផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងជំនាញ ធ្វើការចាប់ខ្លួន កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីត្រៀមចែកខិត្តប័ណ្ណអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រៀមធ្វើបាតុកម្ម ក្នុងព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខនេះ។ ចំណែកលោក ឡេង សេងហុង ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ត្រូវបានតុលាការចេញដីកាកោះឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការនគរបាលជាតិ ឲ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីសាកសួរលើករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ការចេញដីកាបង្គាប់ឲ្យចូលខ្លួនឆ្លើយបំភ្លឺនេះ គឺបន្ទាប់ពីលោក ឡេង សេងហុង ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ បានចេញសេចក្តីអំពាវនាវដល់សមាជិករបស់ខ្លួន និងសិស្ស និស្សិត យុវជន ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងប្រទេសត្រៀមប្រើប្រាស់សិទ្ធិស្របច្បាប់របស់ខ្លួនធ្វើបាតុកម្មអហិង្សាក្នុងករណីគណបក្សសង្គ្រោះជាតិ ត្រូវរំលាយ៕ ដោយៈ មុនីរ័ត្ន