Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្គាល់គ្នា២ថ្ងៃ តាមហ្វេសប៊ុក នារីម្នាក់​ឆាត​ទៅ​រក​ទិញ​ទូរស័ព្ទ​បង់​​រំលោះ បែរ​ជួប​ប្រុស​ព្រាន​ ឆ្លៀត​ឱកាស​លួង​លោម​បាន​ខ្លួន​ប្រាណ​២​ដង និង​ថែម​ប្រើ​ល្បិច​ស៊ី​ដាច់​ម៉ូតូ​នាង​ទៀត

spot_img

នេះពិតជារឿងមួយដ៏ហួសចិត្តខ្លាំងណាស់ ដែលនារីម្នាក់ស្គាល់គ្នាជាមួយបុរសកំហូចម្នាក់ តាមហ្វេសប៊ុកមិនបានប៉ុន្មានផង ក៏លង់ស្នេហ៍ធ្លាក់ក្នុងអន្ទាក់ប្រុសព្រានជាចោរ លួងលោមបានខ្លួនប្រាណសម្រេច២ដង និងចុងក្រោយ ប្រើល្បិចស៊ីដាច់ម៉ូតូនាងទៀត។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់ត្រូវបានកម្លាំងត្រូវបានកម្លាំងនៃអធិការដ្ឋានខណ្ឌដង្កោ ធ្វេីការឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួងលោមនារីម្នាក់ យកទៅរួមភេទបានសម្រេចចំនួន២ដង ហើយថែមទាំងប្រើល្បិចបោកយកម៉ូតូរបស់នារីរងគ្រោះ ជិះគេចខ្លួនទៀតផង។

ជនសង្ស័យរូបនេះមានឈ្មោះ សំណាងហៅរតនា អាយុ ៣៥ឆ្នាំ (មុខរបរមិនពិតប្រាកដ) ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីង សង្កាត់ចោចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកនារីរងគ្រោះមានឈ្មោះ ប្រាក់ ចន្ធូ អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវវេងស្រេង ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នារីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ច អំពីដំណើរដើមទងថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៦ ល្ងាច រូបនាងលេងហ្វេសប៊ុក ក៏ប្រទះឃើញហ្វេសប៊ុកឈ្មោះ ជាងជួសជុលទូរស័ព្ទគ្រប់ប្រភេទ (ជារបស់ជនសង្ស័យ) នៅពេលនោះ នាងក៏ឆាតសួររូបគេ ដើម្បីទិញទូរស័ព្ទបង់រំលោះ១គ្រឿង ភ្លាមៗនោះ ជនសង្ស័យក៏បានឆ្លើយតបឆាតជាហូរហែផ្តោះផ្តងវាចារយ៉ាងផ្អែមៗ និងចុងក្រោយ ក៏បានប្រាប់ថា រូបគេពិតជាស្រឡាញ់នាងខ្លាំងណាស់ និងបញ្ជាក់ថា មិនបាច់បង់រំលោះទេ ចាំរូបគេឲ្យទូរស័ព្ទ១គ្រឿងយកទៅប្រើចុះ។

នារីរងគ្រោះបានបន្តថា លុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩ និង០០នាទី​ជនសង្ស័យ បានឆាតសុំណាត់ជួបរូបនាងនៅផ្ទះជួល ហើយជនស្ស័យក៏បានជិះម៉ូតូម៉ាកសេ១២៥ មកដឹកនាងពីផ្ទះជួល ទៅដើរលេងនៅខាងក្រោយសណ្ឋាគារសុខា ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដើម្បីទៅហូបអីៗ និងលួងលោមប្រឡោមស្នេហ៍ ដោយប្រាប់ថា រូបគេពិតជាស្រលាញ់នាងខ្លាំង ហើយថានឹងយកធ្វើជាប្រពន្ធរៀបការឆាប់ៗទៀតផង។

ដោយសារតែលង់នឹងសម្តីប្រុសព្រានខាងលើ នាងក៏សុខចិត្តជិះម៉ូតូទៅតាមសំណើរទទួចអង្វររបស់ជនសង្ស័យ មកកាន់សំណាក់ផ្ទះយីហោឈ្មោះ មេដៃមាស ម្តុំផ្សារស៊ិនជូរីផ្លាស្សា ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដេកមួយយប់ទល់ភ្លឺ ដោយបានប្រគល់ខ្លួនប្រាណឲ្យប្រុសកំហូចចំនួន ២ លើក មុនពេលវិលត្រឡប់មកផ្ទះជួលវិញ នៅផ្លូវវេងស្រេង (ភូមិត្រពាំងថ្លឹង)។

បន្ទាប់មក ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨ និង០០នាទី បុរសរូបនេះបានទូរស័ព្ទឲ្យនាងជិះម៉ូតូរបស់ខ្លួន ទៅយករូបគេ ម្តុំខាងកើតស្ពានអាកាសរវង្វង់មូលចោមចៅ ហើយនារីរងគ្រោះក៏បានជិះម៉ូតូរបស់ខ្លួនម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខស្វាយរៀង 1R-1484។ ហើយនៅពេលទៅដល់ ជនសង្ស័យក៏ឲ្យនារីរងគ្រោះអង្គុយពីខាងក្រោយ ដោយរូបគេជាអ្នកឌុបវិញម្តង។

ណាត់ជួបលើកទី២នេះ ជនសង្ស័យបានឌុបនារីរងគ្រោះទៅលេងសួនច្បារតាមមាត់ទន្លេ រហូតដល់វេលាម៉ោងជិត ១០ យប់ថ្ងៃខែឆ្នាំដដែល ហើយបន្ទាប់ដើរលេងឆ្អែតឆ្អន់ ជនសង្ស័យក៏បានដឹកនារីរងគ្រោះត្រឡប់មកវិញ ហេីយបានប្រាប់ថា នាំនាងយកទៅជួបជាមួយឪពុកម្តាយរបស់គេ ប៉ុន្តែ លុះជិះដល់ផ្លូវបេតុង៦០ម៉ែត្រ (ទិសដៅពីកើតទៅលិច) ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ឃើញមានសភាពស្ងាត់ រូបគេធ្វើជាធ្លាក់មួកសុវត្ថិភាព ហើយប្រាប់នាងអោយចុះទៅរើស ពេលនាងដើរទៅរើសមួក ស្រាប់តែរូបគេបើកម៉ូតូរបស់នាង ជិះគេចខ្លួនបាត់បាត់ស្រមោល។

តែទោះយ៉ាងណា ភ្លាមៗនោះ នារីរងគ្រោះក៏បានស្រែកឆោឡោឡើង ហើយសំណាងល្អ ស្របពេលកម្លាំងសមត្ថកិច្ចកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុផងនោះ ក៏បានជួយអន្តរាគមន៍ដេញតាមពីក្រោយ និងស្រែកតាមវិទ្យុទាក់ទងឲ្យគោលដៅខាងមុខជួយស្ទាក់ចាប់ ហើយជនសង្ស័យបើករត់គេរហូតដល់ចំណុចសាលាបឋមសិក្សាទៀនស្ថិតនៅសង្កាត់ទៀន ខណ្ឌដង្កោ មានចំងាយពីកន្លែងកើតហេតុប្រវែង៣ គីឡូម៉ែត្រ ទើបឃាត់ខ្លួនជនសង្ស័យបាន។

បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×