Saturday, January 29, 2022

អ្នកធាក់ស៊ីក្លូ ៣០០នាក់ ទទួលបានអំណោយ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខណៈរដូវរងា នឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ

ភ្នំពេញ ៖ បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញចំនួន៣០០នាក់ ទទួលបានអំណោយ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិតិ្តយសមូលនិធិត្រីចក្រយានកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានដូចជា អាវរងា ភួយ ក្រមានិងថវិកាមួយចំនួនថែមទៀត ខណៈដែលរដូវរងា នឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។

ការផ្តល់អំណោយទាំងនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៨វិច្ឆិកានេះ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា និងលោកជំទាវ នៅសាលារាជធានីភ្នំពេញ។

កឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា នៅពេលដ៏ខ្លីខាងមុខនេះ អាកាសធាតុនឹងចុះត្រជាក់ខ្លាំង ដូច្នេះហើយ ទើបកាលពីថ្ងៃទី២៣ វិច្ឆិកាកន្លងមកនេះ ពោលគឺក្នុងឱកាសដែលសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់ សម្ដេចបានណែនាំឲ្យអាជ្ញាធររាជធានី ខេត្តទាំង ២៥ យកចិត្តទុកដាក់ចំពោះមនុស្សចាស់ ខណៈដែលអាកាសធាតុ នឹងចុះត្រជាក់នៅពេលខាងមុខនេះ។

អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា បានផ្ដល់នូវអាវរងា ក្រមា ភួយនិងថវិកាចំនួន៥ម៉ឺនរៀល ជូនដល់បងប្អូនអ្នកធាក់ស៊ីក្លូ ក្នុងម្នាក់ៗ យកទៅប្រើប្រាស់ ក្នុងពេលអាកាសធាតុចុះត្រជាក់ខ្លាំង នៅពេលខាងមុខនេះ ។

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា សម្តេចតេជោ តែងតែឈរលើជួរមុខជានិច្ច ចំពោះសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ មិនថាក្មេងឬមនុស្សចាស់ឡើយ។

ឯកឧត្តមឃួង ស្រេង នៅក្នុងឱកាសនោះ ក៏បានធ្វើការណែនាំដល់បងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់ ត្រូវចូលរួមអនុវត្តនូវវិធាន របស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវី-១៩ ពិសេសគឺ អនុវត្ត៣កុំនិង៣ការពារ របស់សម្តេចតេជោហ៊ុន សែន៕ រក្សាសិទ្ធិដោយ ៖ កូលាប