ភ្នំពេញ ៖ ខណៈពេលដែលថ្ងៃស្អែក តុលាការកំពូលបើកសវនាការជម្រះក្តី បុគ្គល កឹម សុខា ពាក់ព័ន្ធករណីក្បត់ជាតិ ឃុបឃិតជាមួយនឹងបរទេសនោះ ត្រូវបានអភិបាលរាជធានី បានណែនាំដល់កងកម្លាំង ត្រូវក្តាប់សភាពការណ៍នេះ ឲ្យយ៉ាងច្បាស់លាស់ និងស្រាវជ្រាវ ទប់ស្កាត់ ស្វែងយល់បន្ថែមទៀត ខណៈដែលក្រុមសំឡេងភាគតិចនេះ កំពុងកៀរគរប្រជាពលរដ្ឋ មកតវ៉ាប្រឆាំងនឹងតុលាការ ដើម្បីដោះលែងកឹម សុខា នៅក្រៅឃុំ ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការវិវត្តន៍សភាពការណ៍នយោបាយក្នុងព្រះរាជាណាចក្រកម្ពុជា តុលាការបានធ្វើការចាប់ខ្លួន ជនក្បត់ជាតិ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើការកាត់ទោសដោយមាភស្តុតាងដែលមានជាង២០សំណុំរឿង ។
ក្នុងពិធីចែកម៉ូតូ រថយន្ត និងរ៉ឺម៉ក់ម៉ូតូ ជាង១០០គ្រឿង ដល់នគបាល និងរដ្ឋបាលខណ្ឌទាំង១២ កាលពីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅរដ្ឋបាលរាជធានីភ្នំពេញ លោកអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាផ្ទាល់ ដល់កងកម្លាំងនគរបាលថា កងកម្លាំងនគរបាលទាំងអស់ពិតជាបានដឹងសភាពការណ៍នេះយ៉ាងច្បាស់លាស់ ហើយត្រូវស្វែងយល់បន្ថែមទៀត ថាតើហេតុបានជាតុលាការធ្វើការចាប់ខ្លួនកឹម សុខា ហើយឈានទៅដល់ការរំលាយបក្សសង្គ្រោះជាតិ ដែលបានឃុបឃិតជាមួយបរទេស ធ្វើការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ចំណុចនេះ កងកម្លាំងនគរបាលត្រូវយល់ឲ្យបានច្បាស់ ត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យបានយល់អំពីបញ្ហានេះ។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា “តាមព័ត៌មានឮថានៅថ្ងៃស្អែក (៣១តុលា) នឹងមានការកៀរគរកម្លាំងពីក្រុមភាគតិចបំផុត មកធ្វើការតវ៉ា នៅតុលាការកំពូល នៅពេលដែលតុលាការរៀបចំកាត់ក្តី កឹម សុខា ដែលសុំនៅក្រៅឃុំនិងគណបក្សសង្គ្រោះជាតិ ដូច្នេះគេមកតវ៉ាដើម្បីឲ្យកឹម សុខា នៅក្រៅឃុំ។
សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើដូច្នេះថា ការតវ៉ារបស់ខ្លួនជាមួយនឹងតុលាការជាអំពើខុសច្បាប់ដែលមិនអាចអត់ឱនឲ្យបាន ។ វាគ្មានសិទ្ធិណាទៅប្រឆាំងនឹងតុលាការទេ ប្រជាពលរដ្ឋត្រូវចាំឲ្យបានច្បាស់ ហើយពេលកន្លងមកមានការចេញតវ៉ាឲ្យមានការដោះលែងអ្នកនេះដោះលែងអ្នកនោះ នៅមុខតុលាការដំបូង មុខតុលាការកំំពូល ហើយសួរថាចុះកាលណោះម៉េចក៏មិនធ្វើ ប៉ុន្តែនៅពេលនេះម៉េចបានធ្វើ។ អាជ្ញាធរដែនដី មិនចេះតែចង់ធ្វើនោះទេ ត្រូវមានការណែនាំ ប៉ុន្តែលើកនេះមិនអាចណែនាំកើតទៀតទេ។
លោកបញ្ជាក់ថា ចុះហេតុអ្វី លើកនេះមិនណែនាំ ព្រោះបានណែនាំច្រើនដងហើយ រាប់ភ្លេចហើយ។ ថាឡើងសម្តែងសិទ្ធិបញ្ចេញមតិ ទាមទារផ្តល់គោលនយោបាយ ត្រូវ បញ្ចេញមតិសុំផ្តល់គោលនយោបាយឡើងប្រាក់ខែ ត្រូវ ប៉ុន្តែបើបញ្ចេញមតិសុំឲ្យតុលាការដោះលែង ខុស អត់មានមិនមានការបញ្ចេញបែបនេះទេ ហើយប្រជាពលរដ្ឋមិនត្រូវមកបញ្ចេញមតិរបៀបនេះទេ អ្នកណាក៏ដោយប្រជាធិបតេយ្យក៏ដោយ ស្អីក៏ដោយគឺស្ថិតនៅក្នុងរង្វង់ច្បាប់។ លទ្ធិប្រជាធិបតេយ្យស្ថិតនៅរង្វង់ច្បាប់ វាអត់អាចចេញពីរង្វង់ច្បាប់បានទេ បើកាលណាចេញពីរង្វង់ច្បាប់ គឺអនាធិបតេយ្យ ហើយការតវ៉ាបែបអនាធិបតេយ្យគឺជាបទល្មើស។ ដូច្នេះកងកម្លាំងនគរបាលក្នុងមូលដ្ឋានទាំង១២ខណ្ឌ ត្រូវគិតគូរអំពីបញ្ហានេះ ដើម្បីពិនិត្យមើលឡើងវិញ និងមានវិធានការឲ្យបានតឹងរ៉ឹងបំផុត ចំពោះអ្នកដែលតវ៉ាជាមួយនឹងតុលាការ មិនអាចអត់ឱនឲ្យបានទេ ។ រឿងនេះមានរយៈពេលច្រើនឆ្នាំមកហើយដែរ ហើយក៏បានអប់រំណែនាំច្រើនដងមកហើយដែរ ។ ការអនុវត្តច្បាប់ដ៏តឹងរ៉ឹងបំផុត ដើម្បីស្វែងរកសុខសន្តិភាពជូនប្រជាជនកម្ពុជា មិនអាចឲ្យមានជនមួយចំនួនតូចមកធ្វើចលាចលបាននោះទេ ។ នាពេលកន្លងមកនេះ សូមសរសើរដល់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់មិនបានយកខួរក្បាលមកគិតរឿងនេះទេ ហើយជាពិសេសប្រជាពលរដ្ឋកំពុងតែសប្បាយជាមួយនឹងការរៀបចំតុបតែងក្នុងព្រះរាជពិធីបុណ្យអុំទូក មិនដែលគិតរឿងនេះទេ ពួកគាត់ទទួលអត់បានទេ ។ ការឃុបឃិតជាមួយនឹងបរទេស មកផ្តួលរំលំរាជរដ្ឋាភិបាល ហើយមានយន្តការនាំកន្លាំងមកតវ៉ាជាមួយនឹងតុលាការ ដើម្បីធ្វើការដោះលែងកឹម សុខា ឲ្យនៅក្រៅឃុំ គឺអត់បាន”។
លោកបានបញ្ជាក់ថា ការមិនអនុញ្ញាតឲ្យមានការតវ៉ា ដើម្បីថែរក្សាសន្តិភាព ឈានទៅរកការអភិវឌ្ឍ។ ប្រទេសយើងបានឆ្លងកាត់វិនាសកម្មជាច្រើនទសវត្សរ៍កន្លងមកហើយ ហើយទើបបញ្ចប់សង្គ្រាមនៅឆ្នាំ២០០៨ ។ ការតវ៉ានេះដើម្បីចង់បង្កវិនាសកម្ម ដោយការមិនពេញចិត្តក្នុងការដឹកនាំរបស់យើង ដែលបានរំដោះយើងចេញឲ្យមានរស់រានមានជីវិត ។ ការតវ៉ានេះដោយគេមិនពេញចិត្ត ហើយធ្វើបដិវត្តន៍ពណ៌ដើម្បីកម្ចាត់មេដឹកនាំរបស់យើង ដូច្នេះយើងមិនអាចទទួលបានទេ។ កងកម្លាំងត្រូវស្តាប់បទបញ្ជារបស់រាជរដ្ឋាភិបាល ត្រូវស្តាប់បទបញ្ជាមេដឹកនាំ ត្រូវតែគោរពវិន័យបទបញ្ជាថ្នាក់លើ ការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ការពារដ្ឋធម្មនុញ្ញ ទោះក្នុងតម្លៃណាក៏ដោយ ហើយជាចំណុចសំខាន់ដែលកងកម្លាំងត្រូវយល់ឲ្យបានច្បាស់ និងត្រូវត្រួតពិនិត្យ ស្រាវជ្រាវទប់ស្កាត់ គ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ ឲ្យមានសុខសុវត្ថិភាព និងបម្រើប្រជាពលរដ្ឋដើម្បីមានសុខដុមនីយកម្ម ឲ្យមានប្រទេសជាតិ ចៀសផុតពីសង្គ្រាមដែលគេប៉ុនប៉ងបង្កឡើង នៅកម្ពុជា។
មេធាវីដែលការពារក្ដីឲ្យលោក កឹម សុខា បានត្រៀមឯកសាររួចរាល់ហើយ ក្នុងការដោះបន្ទុក នៅថ្ងៃបើកសវនាការ នៅឯតុលាការកំពូល ខណៈអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូល បានចេញសេចក្ដីជូនដំណឹង ដោយកំណត់យកថ្ងៃទី៣១ តុលា ដើម្បីបើកការជំនុំជម្រះ លើបណ្ដឹងសាទុក្ខ របស់ក្រុមមេធាវីប្រឆាំងទៅនឹងសេចក្ដីសម្រេច របស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ដែលបានតម្កល់ដីកាឃុំខ្លួនលោក កឹម សុខា ប្រធានបក្សសង្គ្រោះជាតិ ទុកជាបានការដដែល។
នៅសល់ពេលប្រមាណ១ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃជំនុំជម្រះមុនអង្គសេចក្ដី ដែលប្រឆាំងទៅនឹងការសម្រេចរបស់សាលាឧទ្ធរណ៍ នឹងត្រូវចាប់ផ្ដើម ។ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចៅក្រមស៊ើបសួរ នៃតុលាការក្រុងភ្នំពេញ ចេញដីកាឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំ ។ កាលពីថ្ងៃទី២៦ ខែកញ្ញា សាលាឧទ្ធរណ៍បានសម្រេចទាត់ចោល លើបណ្ដឹងប្រឆាំងនឹងដីកាឃុំខ្លួន ហើយសេចក្ដីសម្រេចនៅពេលនោះ របស់សភាស៊ើបសួរ ក៏បានតម្កល់ដីកាឃុំរបស់តុលាការក្រុងភ្នំពេញទុកជាបានដដែល។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជាប់ចោទពីទោសក្បត់ជាតិ ឃុបឃិតជាមួយសហរដ្ឋអាមេរិកដើម្បីផ្ដួលរំលំរដ្ឋាភិបាល៕ ដោយ៖កូឡាប