Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី វេង សាខុន និងទូតវៀតណាម ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើចំណុចសំខាន់ៗចំនួន ៨ ដើម្បីឈានទៅសម្រេចឲ្យបាននូវ កំណើនពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ

spot_img

ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាពគ្នាថានឹងព្យាយាមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើចំណុចសំខាន់ៗចំនួន៨ចំណុច ដើម្បីឈានទៅសម្រេចឲ្យបាននូវ កំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសការនាំចេញកសិផលកម្ពុជា។

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀល ថ្ងៃអង្គារទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវកិច្ចស្វាគមន៍ថា រដ្ឋាភិបាល និងក្រុមហ៊ុនឯកជនវៀតណាម បាននិងកំពុងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា និងអនុញ្ញាតឲ្យនាំចេញកសិផល ទៅកាន់ប្រទេសវៀតណាមយ៉ាងច្រើន ជាពិសេសស្រូវ ដំឡូងមី គ្រាប់ស្វាយចន្ទី និងកៅស៊ូ។ល។

ជាកិច្ចឆ្លើយតប ឯកឧត្តម ង្វៀន ហ៊ុយតាំង បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗដែលក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកម្ពុជាសម្រេចបាននាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសល្បឿននៃការវិវឌ្ឍន៍រីកចម្រើន និងជញ្ជីងពាណិជ្ជកម្មលើការនាំចេញកសិផលកម្ពុជាទៅប្រទេសវៀតណាមមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយសមិទ្ធផលជាផ្លែផ្កានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតផ្ទាល់ ក៏ដូចជារដ្ឋាភិបាលវៀតណាមសូមចូលរួមអបអរសាទរ។

ឆ្លៀតយកឱកាសនៃជំនួបការទូតនេះ ភាគីទាំងពីរបានលើកយកប្រធានបទសំខាន់ៗមកពិភាក្សា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត រវាងប្រទេសទាំងពីរមានជាអាទិ៍៖
១- រៀបចំកិច្ចកិច្ចព្រមព្រៀងលើការងារសហប្រតិបត្តិការវិស័យកសិកម្ម ប្រទេសទាំងពីរ
២- កិច្ចសហការលើវិស័យព្រៃឈើ ពោលការគ្រប់គ្រង ទប់ស្កាត់ ការកាប់បំផ្លាញ ការជួញដូរព្រៃឈើ និងសត្វព្រៃឆ្លងដែនខុសច្បាប់។
៣- ពង្រឹង និងពង្រីកកិច្ចសហការលើវិស័យជលផលដោយផ្តល់ ការបណ្តុះបណ្តាលបច្ចេកទេសលើការធ្វើវារីវប្បកម្ម ដល់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅ។
៤- រៀបចំឯកសារអនុស្សារណៈនៃការយោគយល់គ្នាទាក់ទងនឹងអនាម័យ និងភូតគាមអនាម័យ (SPS) លើផលិតផលកសិកម្ម ដើម្បីសម្រួលដល់ការនាំចេញ និងនាំចូលកសិផលរវាងប្រទេសទាំងពីរ។
៥- ជួយគាំទ្រលើវិស័យធារាសាស្រ្ត ដោយផ្តោតយកបច្ចេកទេសទំនើប និងប្រព័ន្ធស្រោចស្រពបៃតងក្នុងការប្រើប្រាស់ និងគ្រប់គ្រង់ទឹកកសិកម្មឲ្យមានប្រសិទ្ធភាព ដើម្បីបម្រើក្នុងវិស័យកសិកម្ម។
៦- ពង្រឹងកិច្ចសហប្រតិបត្តិការលើការងារគ្រប៉គ្រងនេសាទសមុទ្រ។
៧- ជំរុញការអនុវត្តគម្រោងដែលជាជំនួយឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាលវៀតណាម ពីឆ្នាំ ២០២១-២០២៥ លើវិស័យកសិកម្ម។
៨- ជំរុញការបង្កើតរោងចក្រកែច្នៃកសិផលនៅតាមតាមបណ្តោយព្រំដែនកម្ពុជា។

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ភាគីទាំងពីរបានឯកភាពគ្នាថានឹងព្យាយាមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើចំណុចសំខាន់ៗខាងលើ ដើម្បីឈានទៅសម្រេចឲ្យបាននូវ កំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសការនាំចេញកសិផលកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏ប្រគល់ភារកិច្ចជូនឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញកិច្ចការពាក់ព័ន្ធសំខាន់ៗខាងលើ ធ្វើយ៉ាងណាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ឈានទៅចុះហត្ថលេខានាខែធ្នូខាងមុខនេះ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសន្យាថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើកវិស័យកសិកម្ម បន្តជំរុញ និងគាំទ្រការងារវិនិយោគ និងការសម្រួលបែបបទពាណិជ្ជកម្មនាំចេញ-នាំចូលផលិតផលកសិកម្ម រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ប្រទេសទាំងពីរនឹងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជារួម និងដោយឡែកវិស័យកែច្នៃកសិផល និងការនាំចេញឲ្យកាន់តែល្អប្រសើរទ្វេឡើង។
ជំនួបការទូតត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា ក្នុងន័យរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែរឹងមាំថែមទៀតក្នុងនាមជាប្រទេសសមាជិកអាស៊ាន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×