លោក អភិបាលរាជធានី បានលើកឡាងថា បញ្ហាសន្តិសុខគឺជាអាទិភាពចម្បង និងជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ដូច្នេះ ដើម្បី ឲ្យព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ ទទួលបានភាពសម្បាយរីករាយ និងមានភាពកក់ក្តៅពីប្រជាពលរដ្ឋ ក៏ដូចភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលទស្សនា ក្នុងព្រះរាជពិធីនេះ បានសុខសាន្ត យើងត្រូវរួមសហការគ្នា ការពារ សន្តិសុខជូនព្រះរាជពិធីនេះឲ្យបានល្អ។
ករណីនេះ រដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ម៉ូតូ១៦៥គ្រឿង និងរថយន្តស្ទូចពីរគ្រឿង ជូនស្នងការដ្ឋាននគរបាលរាជធានី អធិការដ្ឋាននគរបាលខណ្ឌទាំង១២ និងប៉ុស្តិ៏នគរបាលទាំង១០៥ ដើម្បី រក្សាសន្តិសុខ សវត្ថិភាពសាធារណៈ ក្នុងព្រះរាជពិធិបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអុំបុកនាមពេលខាងមុននេះ និងសម្រាប់ទុកការពារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅទូទាំងរាជធានីភ្នំពេញ។
ក្នុងពិធីប្រគល់ម៉ូតូចំនួន១៦៥គ្រឿង និងរថយន្តជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ តុលា នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា ដើម្បី រក្សាបាន នូវសុវត្ថិភាពសាធារណៈ ការពារសន្តិសុខ ក្នុងព្រះរាជពិធិបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអុំបុកខាងមុននេះ រដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ម៉ូតូជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ១៦៥គ្រឿង និងរថយន្តស្ទួចបន្ថែមពីរគ្រឿងទៀត ដើម្បី ការពារសុវត្ថិភាពជូនប្រជពលរដ្ឋដែលមកទស្សនាកំសាន្តនៅក្នុងព្រះរាជពិធិបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ។
លោក អភិបាល ក៏បានផ្តាំផ្ញើផងដែរ ដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ក្រៅពីកម្លាំងការពារក្នុងព្រះរាជពិធិបុណ្យ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ពីបញ្ហាគោលនយោបាយភូមិសង្កាត់មានសុវត្តិភាព ពិសេសអំពើលួចឆក់ប្លន់នៅតាមមូលដ្ឋានភូមិ សង្កាត់ ពិសេស បញ្ហាអគ្គីភ័យ ត្រូវដាក់វេនផ្លាស់ប្តូរគ្នាប្រចាំការ២៤ ម៉ោងលើ២៤ម៉ោង ដើម្បី ធ្វើយ៉ាងណារក្សាឲ្យបាននូវសុវត្ថិភាពសន្តិសុខជូនប្រជាពលរដ្ឋឲ្យបានដាច់ខាត ។
លោកបន្តថា “ថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ម៉ូតូចំនួន១៦៥គ្រឿង ក្នុងនោះអធិការដ្ឋាននគរបាលខណ្ឌទាំង១២ក្នុង មួយខណ្ឌ មានចំនួន៤គ្រឿង និងប៉ុស្តិ៏នគរបាលរដ្ឋបាលសង្កាត់១០៥ប៉ុស្តិ៏ ក្នុងមួយប៉ុស្តិ៍ទទួលបាន ១គ្រឿង ដើម្បី ចុះល្បាតតាមមូលដ្ឋានតាមមូលដ្ឋានខ្លួនជាប្រចាំ ពិសេសចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ព្រោះកន្លងមកនៅខ្វះមធ្យោបាយជាច្រើន ដើម្បីបំរើប្រជាពលរដ្ឋ អនុវត្តទៅតាមគោលការណ៏របស់ប្រមុខរាជរដ្ឋាភិបាល ដែលផ្តល់អនុសាសន៏ថា កងកម្លាំងទាំងអស់ត្រូវធ្វើយ៉ាងណាជាអ្នកបំរើជូនប្រជាពលរដ្ឋឲ្យស្មោះ”។
លោក នាយឧត្តមសេនីយ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងថា ម៉ូតូដែលទទួលបានពីសាលារាជធានីភ្នំពេញនាពេលនេះ ត្រូវប្រគល់ និងបែងចែកជូន ការិយាល័យនគរបាល
ចរាចណ៍រាជធានីភ្នំពេញ១២គ្រឿង អធិការដ្ឋានខណ្ឌទាំង១២ ក្នុងមួយខណ្ឌ៤គ្រឿង និងប៉ុស្តិ៏នគរបាលរដ្ឋបាលទាំង១០៥ប៉ុស្តិ៍ ក្នុងមួយប៉ុស្តិ៍ ទទួលបាន១គ្រឿង ពិសេសសម្រាប់ប៉ុស្តិ៍ រដ្ឋបាលចំនួន៩ប៉ុស្តិ៍ ដែលទើបបង្កើតថ្មី និងបំបែកចេញដែលកំពុងប្រឈមខ្វះខាតមធ្យោបាល។ លោក ស្នងការនគរបាលរាជធានី បានបញ្ជាក់ថា ម៉ូតូទាំងនេះ បន្ទាប់ពីទទួលបាន នឹងប្តេជ្ញាថែរក្សាសម្រាប់បំរៀឲ្យកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ បំរើសេវាសាធារណៈ និងសេវាតម្រូវការជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញឲ្យចំគោលដៅបំរើជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ដែលរាជរដ្ឋាភិបាលចង់បាន៕ ដោយ៖កូឡាប