តាកែវ៖ នៅព្រឹកថ្ងៃទី ៣០ ខែតុលា ២០១៧ គណៈកម្មការសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្តតាកែវដឹកនាំដោយ លោក អ៊ួច ភា អភិបាលរងខេត្ត បានដឹកនាំកម្លាំងចម្រុះចុះបើកយុទ្ធនាការផ្សព្វផ្សាយស្តីពីសារៈសំខាន់នៃការពាក់មួកសុវត្ថិភាពដល់អ្នកបើកបរ នៅចំណុចរង្វង់មូលព្រះនរាយណ៍អូរចំបក់ ក្រុងដូនកែវ ខេត្តតាកែវ ។
នៅក្នុងយុទ្ធនាការនេះដែរ លោក ណុប នី ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបានថ្លែងឲ្យដឹងថា គណៈកម្មការសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្ត ដឹកនាំដោយលោកអភិបាលរងខេត្ត បានបើកយុទ្ធនាការពាក់មួកសុវត្ថិភាព ហើយក្នុងនោះដែរ យើងក៍បានត្រៀមចែកមួកសុវត្តិភាពចំនួន៥០០មួក ចែកសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមួយច្បាប់ និងខិតប័ណ្ណអប់រំច្បាប់ចរាចរណ៍ផ្សេងៗជាច្រើនទៀតសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋយើង ដែលពួកគាត់បានធ្វើការបើកបរតាមដងផ្លូវនៅក្នុងក្រុងដូនកែវ ក៏ដូចជាចំណុចផ្សេងទៀតផងដែរ។
លោក អ៊ួច ភា អភិបាលរងខេត្តតាកែវបានឲ្យដឹងថា ក្នុងការបើកយុទ្ធនាការទ្រង់ទ្រាយធំ នៅខេត្តតាកែវ ក៍ដូចជាទូទាំងប្រទេស គឺធ្វើឡើងក្នុងគោលបំណង ដើម្បីអប់រំដល់ប្រជាពលរដ្ឋត្រូវចេះគោរពច្បាប់ចរាចរណ៍ ពិសេសប្រជាពលរដ្ឋណាដែលជិះម៉ូតូមិនពាក់មួកសុវត្តិភាព នឹងត្រូវមន្ត្រីនគរបាលចរាចរណ៍នៅក្នុងក្រុមចម្រុះយើងធ្វើការផាកពិន័យជាទឹកប្រាក់១៥,០០០រៀល នៅនឹងកន្លែង ហើយអ្វីដែលតម្រូវឲ្យពួកគាត់ធ្វើបន្តនោះ គឺត្រូវការឆ្លើយសំនួរអំពីអត្ថប្រយោជន៍ នៃការពាក់មួកសុវត្តិភាពដើម្បីអ្វី ការពារអាយុជីវិតអ្នកណាខ្លះ និងមានសំនួរជាច្រើនទៀតផងដែរ ហើយរាល់ការឆ្លើយសំនួរនេះដែរ បើអ្នកណាឆ្លើយបានត្រឹមត្រូវ គណៈកម្មការចម្រុះនឹងប្រគល់មួកសុវត្តិភាព១ ដ៏ស្រស់ស្អាត សម្រាប់ពាក់ជិះម៉ូតូដើម្បីការពារសុវត្តិភាពខ្លួននឹងក្រុមគ្រួសាររបស់អ្នក។ ទទឹមនឹងមានការអនុវត្តន៍លើការផ្សព្វផ្សាយសារៈសំខាន់នៃការពាក់មួកសុវត្តិភាពនោះដែរ លោកអភិបាលរងខេត្តតាកែវក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាពាក់មួកសុវត្តិភាព ដើម្បីការពារអាយុជីវិតរបស់គ្រួសារអ្នក និងខ្លួនឯង ព្រោះថាផលប្រយោជន៏នៃការពាក់មួកសុវតិ្តភាពនេះ គឺអាចជួយបានច្រើនការការពារការប៉ះទង្គិចត្រង់ក្បាល នៅពេលដែលអ្នកជួបនិងគ្រោះថ្នាក់ចរាចរណ៍។
សូមបញ្ជាក់ផងដែរថា ការផាកពិន័យរបស់មន្ត្រីប៉ូលីសចរាចរណ៍ផ្លូវគោកសម្រាប់ប្រជាពលរដ្ឋដែលមិនពាក់មួកសុវត្ថិភាពការពារក្នុងពេលបើកបរនោះ គឺបងប្អូនសមត្ថកិច្ចចង់អោយអ្នកទាំងអស់គ្នា គោរពពីច្បាប់ចរាចរណ៍ផ្លូវគោក និងចេះថែរក្សាអាយុជីវិតរបស់ខ្លួនឯងតែប៉ុណ្ណោះ ដូច្នេះសូមបង្អូនប្រជាពលរដ្ឋត្រូវតែធ្វើការពិចារណា ហើយងាកមកគោរពនៅច្បាប់ចរាចរណ៏ផ្លូវគោកទាំងអស់គ្នា ដើម្បីរួមគ្នាកាត់បន្ថយនៅអាត្រាស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នេះ ពីព្រោះថាតាមស្ថិតិជាក់ស្តែង នៅទូរទាំងប្រទេសក្នុងមួយថ្ងៃ យ៉ាងហោចណាស់គឺមានមនុស្ស ពី៥ ទៅ៦នាក់ ត្រូវបានស្លាប់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ៕ តាកែវ