ភ្នំពេញ ៖ ផ្លូវរត់អត្តពលកម្ម ៨ខ្សែបន្ទាត់ អាងហែលទឹក និងអគារធ្វើលំហាត់ប្រាណ ដោយមានបំពាក់សម្ភារបរិក្ខារ ពីរដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណង គូសាណូណិ និងជំនួយឥតសំណងសម្របសម្រួលដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ត្រូវបានប្រគល់ជូនដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដើម្បីប្រើប្រាស់ជាផ្លូវការ ក្នុងដំណើរការបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡា។

ពិធីប្រគល់-ទទួលនេះបានប្រព្រឹត្តទៅនៅថ្ងៃទី០៨ ធ្នូ ២០២១ នាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេស ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស តំណាងអង្គការ JICA ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយស។ គណៈអធិបតីទាំងពីររូបបានរត់អត្តពលកម្មរួមគ្នា ដែលបង្ហាញពីចំណងមិត្តភាពយ៉ាងជិតស្និទ្ធ រវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
លោកស្រី ហ៊ូ សិទ្ធិសោភាល័យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាបញ្ជាក់ថា គម្រោង «អភិវឌ្ឍវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាជាគ្រឹះស្ថានឧត្តមសិក្សា» ត្រូវបានអនុវត្ត ក្រោមកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ក្រោមជំនួយឥតសំណងនៃរាជរដ្ឋាភិបាលជប៉ុន។ គម្រោងនេះបានចាប់ផ្តើមដំណើរការចាប់តាំងពីខែមករា ឆ្នាំ២០១៩ ដែលគម្រោងនេះមានរយៈពេល៣ឆ្នាំ។
លោកស្រីបន្ថែមថា ផ្លូវរត់អត្តពលកម្ម តាមរយៈជំនួយឥតសំណង គូសាណូណិ ដែលមានតម្លៃសរុបចំនួន ៩០ ៦៤០ ដុល្លាអាមេរិក។ អាងហែលទឹក និងអគារធ្វើលំហាត់ប្រាណដោយបំពាក់សម្ភារៈបរិក្ខារ ជាមួយនឹងសម្ភារកីឡាមួយចំនួនដូចជា៖ ក្តារស្នោហែលទឹក កម្រាលយ៉ូហ្គា balance ball បាល់ទាត់ បាល់ទះ បាល់បោះ គ្រាប់ប៊ូល តុវាយកូនឃ្លីលើតុ និងថវិកាសម្រាប់ធ្វើឧបករណ៍រក្សាទុកខ្សែបន្ទាត់អាងហែលទឹក ដែលជាជំនួយឥតសំណងសម្របសម្រួលដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសចាប់តាំងពីឆ្នាំ២០១៩ និងឆ្នាំ២០២១ ដែលមានតម្លៃសរុបចំនួន ៧២១ ៥០៥.៨៦ ដុល្លាអាមេរិក។ ស្បែកជើងកីឡាសម្រាប់គរុនិស្សិតថ្នាក់បរិញ្ញាបត្រចំនួន ៧០គូ ជាអំណោយរបស់ Fujisawa Minami Rotary Club ក្រោមការសម្របសម្រួលដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស។
ឯកឧត្តម MIKAMI Masahiro បានលើកឡើងថា សមិទ្ធផលហេដ្ឋារចនាសម័ន្ធកីឡា ទាំងអស់នេះ វានឹងជួយឲ្យវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា មានគុណភាពខ្ពស់ ក្នុងបរិយាកាសសមស្រប ដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ឲ្យនិស្សិតកម្រិតថ្នាក់អប់រំកាយ និងកីឡា ប្រកបដោយគុណភាព ទៅចែករំលែកនៅតាមបណ្តាសាលារៀននានា នៅក្នុងប្រទេស នៅពេលពួកគេបានបញ្ចប់ការសិក្សា ។ ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ទៀតថា ថ្នាក់អប់រំកាយ មិនត្រឹមតែផ្តល់ឲ្យសិស្សនូវភាពសកម្មផ្នែករាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្រៀនពីសារៈសំខាន់ នៃការងារជាក្រុម ការអនុវត្តតាមបទបញ្ញត្តិ និងស្មារតី នៃការលេងដោយយុត្តិធម៌តាមរយៈសកម្មភាពជាក្រុម ។ បទពិសោធន៍ដែលទទួលបានតាមរយៈការយល់ដឹង និងការរៀនសូត្រជាមួយមិត្តរួមថ្នាក់ និងក្លាយជាទ្រព្យសម្រាប់ជីវិត ។ ឯកឧត្តម សង្ឈឹមជឿជាក់ថា សមិទ្ធផលទាំងអស់នេះ និងត្រូវបានប្រើប្រាស់យូអង្វែង និងជានិមិត្តរូបរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារថ្មីៗរបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងគូសាណូណ៌ និងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលបានជួយឧបត្ថម្ភជាផ្លូវរត់អត្តពលកម្ម ៨ខ្សែបន្ទាត់ ព្រមទាំងអាងហែលទឹក និងអគារធ្វើលំ ហាត់ប្រាណដោយមានបំពាក់សម្ភារៈបរិក្ខា សម្ភារៈកីឡា និងការរៀបចំកម្មវិធីសិក្សាបរិញ្ញាបត្រ សិល្បៈមនុស្សសាស្រ្ត ឯកទេស អប់រំកាយ ការអភិវឌ្ឍធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកថា នេះជាការរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាឱ្យក្លាយជាគ្រឹះស្ថាន ឧត្តមសិក្សានាពេលខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលថ្មីៗ របស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈ គម្រោងគូសាណូណិ និងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស។

ឯកឧត្ដមបានគូសបញ្ជាក់ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយ សម្តេច បានចាត់ទុកថាការងារអប់រំកាយ និងកីឡាបានដើរតួនាទីយ៉ាងសំខាន់ និងជាយាន ក្នុងការអភិវឌ្ឍសង្គម ពីព្រោះ “កីឡាកសាងមនុស្ស មនុស្សកសាងសង្គម” ចំណែក”អប់រំកាយនាំមកនូវសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត”។
ឯកឧត្ដម បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន ឯកឧត្តមឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រីនាយិកាអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស លោកប្រធានអង្គការ និងលោកប្រធានគម្រោងនៃអង្គការក្រៅ រដ្ឋាភិបាលបេះដូងមាស ដែលបានជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី








