សៀមរាប ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ចេញរបាយការណ៍ឲ្យដឹងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប សម្រេចបានជិត៩៣%ហើយ គិតត្រឹមដំណាច់ ខែវិច្ឆិកា ឆ្នាំ២០២១។

ការបង្ហាញរបាយការណ៍ពីលទ្ធផលនៃការស្ថាបនាផ្លូវថ្នល់ ៣៨ខ្សែ នេះ របស់ ឯកឧត្តទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល គឺធ្វើឡើងក្នុងពេលលោកដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យវឌ្ឍនភាព នៃការសាងសង់គម្រោងផ្លូវនេះ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ធ្វើយ៉ាងណា ឱ្យបានត្រឹមត្រូវតាមស្តង់ដារ, ដោយលោកទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារជំនាញបច្ចេកទេសទាំងអស់ ឧស្សាហ៍ចុះត្រួតពិនិត្យលើគុណភាពផ្លូវដែលបានអ៊ុតកៅស៊ូរួច និងធ្វើយ៉ាងណាឱ្យធានាបាននូវគុណភាពរឹងមាំប្រើប្រាស់ជាប់បានយូរអង្វែង។
ការចុះត្រួតពិនិត្យនេះ ផ្ដោតទៅលើ គុណភាព និងបច្ចេកទេសនៃការអ៊ុតកៅស៊ូបេតុង (AC) , ការដាំកូនរុក្ខជាតិលម្អសោភ័ណភាពនៅតាមបណ្ដោយទ្រូងផ្លូវ , ការអ៊ុតភ្ជាប់មុខតំណបេតុងកៅស៊ូ គំនូសសញ្ញាចរាចរណ៍ គំនូសចែកទ្រូងផ្លូវ រង្វង់មូលព្រះរាជដំណាក់ ខឿនចិញ្ចើមផ្លូវ គំនូសសញ្ញាចរាចរណ៍សម្រាប់អ្នកថ្មើរជើង ការដាំស្មៅ និងផ្កាលម្អសួន និងការដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណ:។

ឯកឧត្តទេសរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធ ពិនិត្យលទ្ធភាពដាំផ្កា មុខផ្លូវចូលទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ឱ្យស័ក្តិសមជាមជ្ឈមណ្ឌលវប្បធម៌ប្រវត្តិសាស្រ្ត ក៏ដូចជា ជួយបង្កើនសោភ័ណភាពថែមមួយកម្រិតទៀត និងត្រូវយកចិត្តទុកដាក់លើការដឹកជញ្ជូនកៅស៊ូ ស្រោចផ្លូវឱ្យបានហ្មត់ចត់ទៅកាន់ការដ្ឋាន ជៀសវាងកុំឱ្យស្រក់នៅតាមដងផ្លូវ ធ្វើឱ្យបាត់បង់សោភ័ណភាពផ្លូវដែលបានស្ថាបនារួច។
ជាមួយគ្នានេះ ឯកឧត្តទេសរដ្ឋមន្ត្រី បានបង្ហាញរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋា រចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នេះ គិតត្រឹមដំណាច់ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបានជិត ៩៣% នៃទំហំការងារសរុប៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN








