Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លាគ្នាចុងក្រោយដោយក្តីអាល័យ ៖ ព្រះមហាក្សត្រ ថ្វាយព្រះភ្លើង បូជាព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

spot_img

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះ រោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីព្រះវរាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ព្រះអង្គបានយាងព្រះរាជាធិបតី ថ្វាយព្រះភ្លើងបូជាព្រះសពសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច អតីតនាយករដ្ឋមន្រ្តីទី១ និងជាអតីតប្រធានរដ្ឋសភា ស្ថិតនៅមុខវត្តបទុមវតី នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ។

នៅក្នុងពិធីបូជាព្រះសពរបស់សម្តេចក្រុមព្រះរោត្តម រណឫទ្ធិ មានការយាង និងអញ្ជើញចូលរួមពីសំណាក់សែរាជវង្សានុវង្ស និងពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលរួមមានៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រួមទាំងថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ននានា មន្រ្តីរាជកា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទផងដែរ។

ព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានធ្វើការរំកិលចាកចេញពីព្រះតំណាក់នៅផ្លូវសម្តេចប៉ាន់ តាមរយៈព្រះទីនាំងរថយន្តបុស្បុក ដង្ហែរតាមមហាវិថីព្រះនរោត្តម ឆ្ពោះមកកាន់មេរុ នៅមុខវត្តបទុមវតី ដើម្បីធ្វើការបូជាព្រះសព តាមបែបសាសនា និងប្រពៃណីរាជវង្សានុវង្ស នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ។

សូមជម្រាបថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសបារាំង ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងដង្ហែមកដល់ ព្រះរាជាណាចក្រកម្ពុជានាថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១ តាមយន្តហោះពិសេសពីប្រទេសបារាំង។ សម្តេចក្រុមព្រះ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល។

សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ មានព្រះជន្ម ៧៧ព្រះវស្សា ព្រះអង្គមានព្រះរាជសុខភាពទ្រុឌទ្រោម បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីប៉ុន្មានឆ្នាំមុននេះនៅផ្លូវជាតិលេខ៤ ភ្នំពេញ-ព្រះសីហនុ ខណៈដែលក្នុងឧបទ្ទវហេតុនេះ អ្នកម្នាងរបស់ព្រះអង្គគឺអ្នកម្នាង អ៊ុក ផល្លា ទទួលមរណភាព៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×