ភ្នំពេញ ៖ នៅថ្ងៃអង្គារ ទី៧ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការក្រសួង ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការដឹកជញ្ជូននៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីឯកឧត្តមអនុរដ្ឋមន្ត្រីដឹកជញ្ជូនវៀតណាម Le Dinh Tho ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យមើលវឌ្ឍនភាពរួម ស្តីពីការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម និងពិនិត្យពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយចំពោះការកកស្ទះចរាចរណ៍ ដោយសារការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ពីការរីកចម្រើន ឥតឈប់ឈរទាក់ទង នឹងវិស័យដឹកជញ្ជូននាពេលបច្ចុប្បន្ន ទោះបីកម្ពុជាជួបប្រទះនឹងវិបត្តិនៃការឆ្លងរាតត្បាតពីជំងឺ កូវីដ-១៩ យ៉ាងណាក៍ដោយ។

គួរកត់សម្គាល់ថា៖ ការបើកច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម នឹងបើកឱកាសយ៉ាងទូលំទូលាយ ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងប្រទេសទាំងពីរ បង្កើនការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការទាក់ទាញភ្ញៀវទេសចរណ៍ ដែលកត្តាទាំងនេះជាកម្លាំងចលករ យ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម របស់ប្រជាជាតិទាំងពីរផងដែរ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



