Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតមកដល់ពេលនេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ សរុបចំនួនប្រមាណ៤.៣០ប៊ីលានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា

spot_img

ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា គិតមកដល់ពេលនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ សរុបចំនួនប្រមាណ៤.៣០ប៊ីលានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា ដែលជាសមានចិត្ត និង សុភវិនិច្ឆ័យរបស់ ADB ដែលបានផ្តល់ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ការអនុម័តផ្តល់ហិរញ្ញប្បទាន។

ការគូសបញ្ជាក់បែបនេះ របស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៥ សម្រាប់គម្រោង/កម្មវិធីចំនួន៤ ដែលមានទឹកប្រាក់សរុបចំនួន ៣៣២.០៥លានដុល្លារអាមេរិក នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកឡើងវិញ អំពីកិច្ចសហប្រតិបត្តិការ ADB ដែលបានផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការសរុប ចំនួនប្រមាណ ៤.៣០ ប៊ីលានដុល្លារអាមេរិក ដោយគិតបញ្ចូលទាំងកិច្ចព្រមព្រៀង ចំនួន ០៥ ដែលបានចុះហត្ថលេខាក្នុងថ្ងៃនេះ ដែលក្នុងនោះ ឥណទានសម្បទាន មានទឹកប្រាក់ សរុបចំនួនប្រមាណ ៣.៧៥ ប៊ីលានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធី/គម្រោងចំនួន ១២៣ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន ប្រមាណ ៥១៦ លានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធី/គម្រោងចំនួន ៦៤ ។ ទាំងនេះ បង្ហាញពីការប្តេជ្ញាបន្តពង្រឹង ភាពជាដៃគូដ៏រឹងមាំរបស់ ADB ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមានចិត្ត និង សុភវិនិច្ឆ័យរបស់ ADB ដែលបានផ្តល់ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ការអនុម័តផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងខាងលើ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ដៃគូអភិវឌ្ឍ ន៍ទាំងអស់ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៅកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និង បែងចែកផ្លែផ្កានៃកំណើនប្រកបដោយសមធម៌ដល់គ្រប់ស្រទាប់វណ្ណះ នៃប្រជាជន តាមរយះការបន្តធានាសម្រេចឱ្យ បាននូវចីរភាពនៃកំណើនសេដ្ឋកិច្ចក្នុងរយះពេលវែង និងឆ្ពោះទៅរកវិបុលភាព ។

សម្រាប់កិច្ចព្រមព្រៀងដែលមានទឹកប្រាក់សរុបចំនួន ៣៣២.០៥លានដុល្លារអាមេរិក ចុះហត្ថលេខានៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ រួមមាន ៖ ១) កម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន (អនុកម្មវិធីទី៣), ២) គម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ-ហិរញ្ញប្បទានបន្ថែម, ៣) គម្រោង កែលម្អបណ្តាញផ្លូវជាតិ ជំហានទី២, និង៤៖ គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឲ្យចង់រស់នៅ។

១) កម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយបរិយាប័ន្ន (អនុកម្មវិធីទី៣)៖

គ្រោងចំណាយថវិកាសរុប៤០លានដុល្លារអាមេរិក ក្នុងគោលបំណងបន្ត និងគាំទ្រការអនុវត្តកម្មវិធីកំណែទម្រង់សំខាន់ៗ ជាអាទិភាពក្នុងវិស័យហិរញ្ញវត្ថុ ដូចមានចែង ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ២០១៦-២០២៥ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ ឲ្យកាន់តែរឹងមាំ និងផ្អែកលើគោលការណ៍ ទីផ្សារ ដែលបម្រើឲ្យការកៀរគរ និងបែងចែកធនធានហិរញ្ញវត្ថុប្រកបដោយ ប្រសិទ្ធភាព គាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងកាត់បន្ថយភាពក្រីក្រមួយ កម្រិតទៀត តាមរយៈការបង្កើន លទ្ធភាពទទួលបានកម្ចីសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (MSMEs) ក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩, ការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងការអនុវត្តកំណែទម្រង់វិស័យហិរញ្ញវត្ថុប្រកបដោយស្ថិរភាព។

កម្មវិធីនេះ នឹងគាំទ្រជាចម្បងទៅលើ៖ (១) ការពង្រីកសេវាកម្មហិរញ្ញវត្ថុឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋក្រីក្រ; (២) ការពង្រឹង ស្ថិរភាពវិស័យហិរញ្ញវត្ថុ; និង (៣) ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធហិរញ្ញវត្ថុ។

២) ហិរញ្ញប្បទានបន្ថែមសម្រាប់គម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ៖

គ្រោងចំណាយ ថវិកាសរុប ៣៥ លានដុល្លារអាមេរិក ក្នុងនោះ ហិរញ្ញប្បទានសម្បទានពី ADB ចំនួន ២៥ លានដុល្លារអាមេរិក ហិរញ្ញប្បទានឥតសំណងពីមូលនិធិជប៉ុន សម្រាប់កាត់បន្ថយភាពក្រីក្រ (JFPR) ចំនួន៥លានដុល្លារអាមេរិក និងការចូលរួមជាថវិកាបដិភាគចំនួន៥លានដុល្លារអាមេរិក សម្រាប់បន្តពង្រីកសកម្មភាពទប់ស្កាត់ និងបង្ការជំងឺឆ្លង រួមទាំងជំងឺ COVID-19 ឲ្យបានគ្រប់២៥ រាជធានី-ខេត្តរបស់កម្ពុជា ដោយពង្រីកសកម្មភាពបន្ថែម ក្នុងរាជធានី-ខេត្តគោលដៅចំនួន១១ បន្ថែមលើ ខេត្តគោលដៅកំពុងអនុវត្តចំនួន ១៤ នឹងគាំទ្រលើសកម្មភាពសំខាន់ៗចំនួន០៣ រួមមាន៖ (១) ការពង្រឹងប្រព័ន្ធតាមដាន និងឆ្លើយតបនឹងជំងឺឆ្លង, (២) ការលើកកម្ពស់ សេវាមន្ទីរពិសោធន៍ និងមន្ទីរពេទ្យក្នុងការបង្ការ និងព្យាបាលជំងឺឆ្លង, និង (៣) ការពង្រឹងសមត្ថភាពក្នុងការត្រៀម និងឆ្លើយតបជាបន្ទាន់នឹងជំងឺ COVID-19។

៣) គម្រោងកែលម្អបណ្តាញផ្លូវជាតិ ជំហានទី ២៖

គ្រោងចំណាយថវិកាសរុប ៩០ លានដុល្លារអាមេរិក ក្នុងនោះ ហិរញ្ញប្បទានសម្បទានពី ADB ចំនួន ៨២,០៥ លានដុល្លារអាមេរិក និងការចូលរួមជាថវិកាបដិភាគចំនួន ៧,៩៥ លានដុល្លារអាមេរិក សម្រាប់បង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនតាមច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃមហាអនុតំបន់ មេគង្គ តាមរយៈ ការកែលម្អផ្លូវជាតិលេខ ២៣ និងផ្លូវលេខ ៣១២ ក្នុងខេត្តកណ្តាល និងខេត្តព្រៃវែង នឹងផ្តោតសំខាន់លើ (១) កែលម្អផ្លូវជាតិ និងផ្លូវខេត្ត ឱ្យមានភាពធន់នឹងបម្រែបម្រួលអាកាសធាតុ, និង (២) ការពង្រឹងការត្រួតពិនិត្យលើការ ដឹកជញ្ជូនលើសទម្ងន់ ។

៤) គម្រោងអភិវឌ្ឍន៍ទីក្រុងគួរ ឲ្យចង់រស់នៅ៖

គ្រោងចំណាយថវិកាសរុប ១៩៣,៥ លានដុល្លារអាមេរិក ក្នុងនោះ ហិរញ្ញប្បទានសម្បទានពី ADB ចំនួន ១៨០ លានដុល្លារអាមេរិក និងការចូលរួមជាថវិកាបដិភាគ ចំនួន ១៣,៥០ លានដុល្លារអាមេរិក សម្រាប់គាំទ្រការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាពសម្រាប់ក្រុងបាវិត កំពត និងប៉ោយប៉ែត តាមរយៈការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់, និងប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹង ព្រមទាំងការកាត់បន្ថយមហន្តរាយដោយ គ្រោះទឹកជំនន់តាមរយៈ ការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការអភិវឌ្ឍន៍ទីក្រុង។ គម្រោងនេះ នឹងគាំទ្រចម្បងលើ ១) ការកែលម្អក្របខ័ណ្ឌគោលនយោបាយ វិធាន និងបទប្បញ្ញត្តិ, ២) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង, និង ៣) ការលើក កម្ពស់ប្រសិទ្ធភាព និង អភិបាលកិច្ចស្ថាប័ន៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×