Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះត្រួតពិនិត្យ ការសាងសង់ព្រលានយន្តហោះថ្មី ធំទំនើប ក្នុងទឹកដីខេត្តកណ្ដាលព្រឹកនេះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅភូមិតាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ ដែលជាដំណើរត្រួតពិនិត្យលើកទីពីររបស់សម្ដេច។

ដំណើរអញ្ជើញពិនិត្យការដ្ឋានសាងសង់នេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះដំណើរការសាងសង់អាកាសយានដ្ឋានដ៏ទំនើបលើកដំបូងមួយនេះនៅកម្ពុជា ហើយក៏ជាការផ្តល់កម្លាំងចិត្ត ដល់ក្រុមការងារសាងសង់ទាំងអស់ នៅការដ្ឋាន ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់លើការសាងសង់ ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា។

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ធ្វើឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា មានផ្នែកខ្លះស្ថិតនៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងផ្នែកខ្លះស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ គឺជាគម្រោងដ៏ធំសម្បើមនៅក្នុងប្រទេសកម្ពុជា ដោយវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ។

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ ជាប្រភេទ 4F គឺសម្រាប់យន្តហោះខ្នាតធំ (ខ្នាតយក្ស) ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីទីឆ្ងាយឆ្លងទ្វីប ដូចជាយន្ត ហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។

មានន័យថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ មិនត្រឹមតែពង្រឹងដល់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹកប៉ុណ្ណោះទេ ការដឹកជញ្ជូនផ្លូវអាកាសក៏ស្ថិតក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ ដើម្បីពង្រីកដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្មទេសចរណ៍ និងភាពទំនើបកម្មនៃបច្ចេកវិជ្ជានៅកម្ពុជា។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកទស្សកិច្ចនៅកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨, ហើយគ្រានោះ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគ រវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា អាត់កឺ ពុង ឃាវសែ និងក្រុមហ៊ុនចិន។

គួររំលឹកឡើងវិញថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់ ព្រលានយន្តអន្តរជាតិនេះរួចម្តងមកហើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×