ភ្នំពេញ ៖ បើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល ឲ្យដឹងថា នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងនឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពិសេសមួយ ដើម្បីបង្ហាញពីបច្ចុប្បន្នភាពនៃវីរុសកូវីដ-១៩ បំប្លែងថ្មី «អូមីក្រុង» ថាតើ វាបង្កហានិភ័យកម្រិតណា និងមានវិធានការអ្វីទប់ស្កាត់ដោះស្រាយបញ្ហាមួយនេះ។

សន្និសីទសារព័ត៌មាននេះ ធ្វើឡើងនៅវេលាម៉ោង១៣៖០០ ដល់ម៉ោង ១៤៖០០រសៀល ថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសុខាភិបាល។ ក្នុងពេលនេះ ក្រសួងសុខាភិបាល នឹងរៀបចំបទសម្ភាសរួមគ្នា រវាង លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល , លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដើម្បីធ្វើបច្ចុប្បន្នភាពអំពី វីរុសកូវីដ-១៩ បំប្លែងថ្មី ឈ្មោះ អូមីក្រុង។
ក្រសួងសុខាភិបាល បញ្ជាក់ថា សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានទាំងអស់ ចូលរួមផ្តិតយកទិដ្ឋភាពទាំងស្រុងនៃបទសម្ភាស ក៏ដូចជាជម្រាបជូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យបានជ្រាបជាព័ត៌មាន។

ទោះជាយ៉ាងណា អ្នក ជំនាញ អាមេរិក និង អង្គការសុខភាពពិភពលោក បានអះអាងថា ថ្វីបើអូមីក្រុង ងាយឆ្លងក៏ពិតមែន តែមិនបង្កគ្រោះថ្នាក់ ខ្លាំងជាងមេរោគកូវីដ -១៩ បំប្លែងខ្លួនប្រភេទដែលតានោះទេ។ ចំណែកឯថ្នាំបង្ការប្រឆាំង ជំងឺ កូវីដ -១៩ ដែលកំពុងធ្វើចរាចរណ៍លើ ពិភពលោក នាពេលបច្ចុប្បន្ននេះ ទៀតសោតក៏នៅតែមានប្រសិទ្ធភាពអាចទប់ទល់នឹង មេរោគបំប្លែងខ្លួនអូមីក្រុង នេះបានដែរ។
ក្នុងបទសម្ភាសន៍មួយជាមួយ អ្នកសារព័ត៌មានបារាំង AFP អ្នកជំនាញអង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត មីសែល រីអាន់បានបង្ហាញ សុទិដ្ឋនិយមថា គ្មានអ្វីគួរឱ្យសង្ស័យទេ វ៉ាក់សាំងប្រឆាំងកូវីដបច្ចុប្បន្ន អាចការពារអ្នកជំងឺដែលឆ្លង មេរោគកូវីដបំប្លែងខ្លួនប្រភេទថ្មី អូមីក្រុង មិន ឱ្យ ធ្លាក់ខ្លួនឈឺទម្រង់ធ្ងន់ធ្ងរបាន ។ វ៉ាក់សាំងដែលកំពុងប្រើសព្វថ្ងៃនេះ ជាថ្នាំបង្ការដែលមានប្រសិទ្ធភាពខ្ពស់ទល់ នឹងគ្រប់ប្រភេទ នៃមេរោគកូវីដ -១៩បំប្លែងថ្មី ដូច្នេះគ្មានហេតុផលអ្វី ដែលវ៉ាក់សាំងគ្មានប្រសិទ្ធភាព ទប់ទល់ នឹងអូមីក្រុងឡើយ , គ្រាន់តែជាមួយមេរោគបំប្លែងខ្លួនមក ពីអាហ្វ្រិកខាងត្បូង អូមីក្រុងនេះ អាចធ្វើឱ្យប្រសិទ្ធភាពធ្លាក់ទាបបន្តិចតែប៉ុណ្ណោះ ដោយហេតុតែអូមីក្រុង បានបំប្លែងខ្លួនខ្លាំងពេក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN



















