Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតកម្ម C2Go មាន​ស្នាដៃ​ច្រើន​ប៉ុន្តែ​មិន​ចង់​ប្រកាស​ឲ្យ​ទស្សនិកជន​ស្គាល់​នៅឡើយ​

ភ្នំពេញ​-​ស្ងាត់ៗ​ផលិតកម្ម C2Go បានប្រកាសថា​ខ្លួន​កំពុង​តែមាន​បទ​ចម្រៀង​ចំនួន​ប្រមាណ​ជា​៣​វ៉ុល និង​មាន​ភាពយន្ត​សម្រាប់​ដាក់​បញ្ចាំង​ក្នុង​រោង​ដល់​ទៅ​២​រឿង​រួចហើយ​ដែល​បាន​ថត​ចប់​។ ផលិតករ បាន​ពញ្ញាក់​អារម្មណ៍​ថា ខ្លួន​មិន​ចង់បង្ហាញ​មុន​ឡើយ ពោល​លុះត្រាតែ​សន្សំ​បាន​ច្រើន​ទើប​បញ្ចេញ​តែម្តង​។​

​លោក Aten ជានិច្ច ម្ចាស់​ផលិតកម្ម C2Go បាន​លើកឡើងថា លោក​អត់​ទាន់​ប្រកាស​បើក​ដំណើរការ​ផលិតកម្ម​នៅក្នុង​កាលៈទេសៈ​នេះ​ទេ ដរាបណា​ផលិតកម្ម​របស់លោក​មិនទាន់មាន​ស្នាដៃ​ទាំង​ការផលិត​រឿង និង​ផលិត​បទ​ចម្រៀង​អោយ​ពេញលក្ខណៈ​ដើម្បី​ធ្វើការ​ដាក់​បង្ហាញ​។ លោក​ថា លោក​ចង់​សម្ងំ​ផលិត​បទ​មិន​ចម្លង​អោយបាន​ច្រើន​វ៉ុល​សិន ហើយ​ក្នុងពេលដែល​ប្រកាស​អោយដឹងពី​ផលិតកម្ម​គឺ​នឹង​បញ្ចេញ​បទ​ចម្រៀង​ល្អៗ ដើម្បីអោយ​មានការ​ប្រកួត​ប្រជែង​តែម្ដង​។ ក្នុងនោះ​លោក​ក៏​ប្រកា​សនឹង​យក​តារាចម្រៀង​របស់លោក​អោយបាន​ចេញទៅ​ច្រៀង​នៅក្រៅ​ប្រទេស​ដូចជា​នៅ​ប្រទេស​ថៃ កូរ៉េ និង​ប្រទេស​អូស្ត្រាលី​ជាដើម អោយបាន​ម្ដង​ពីរដង​សិន ដើម្បីអោយ​ថ្ងៃ​ប្រកាស​អោយដឹងពី​ផលិត​គឺ​គេ​ឃើញ​ពី​សមិទ្ធផល​របស់​តួ​សម្ដែង និង​តារា​សម្ដែង​។ ជាក់ស្ដែង​លោក​បាន​សម្ងំ​ផលិត​បាន​២​រឿង​ហើយ​គឺ​រឿង​«​ខ្មោច​ស៊ីឈ្នួល​»​ដែល​ត្រៀម​ដាក់​បញ្ចាំង​នៅ​ដើមខែ​មករា​ខាងមុខ​និង​រឿង​«​កំពូល​ចុងភៅ​ពិសេស​»​ដែល​ទើបតែ​ថត​បញ្ចប់​កាលពី​ចុងខែ​តុលា​ថ្មីៗ​។ សម្រាប់​បទ​ចម្រៀង គឺ​អត់​មាន​គោលការណ៍​ធ្វើ​បទ​បកប្រែ​នោះទេ គឺ​នឹង​និពន្ធ​ថ្មី​ទាំងអស់ តែ​នឹង​មានការ​ច្រៀង​ឡើងវិញ​នូវ​បទ​ប្រភេទ​ចាស់ ដើម្បី​រំលឹក​ពី​មរតក​ខ្មែរ ចំណែក​បទ​ចម្លង​បរទេស​គឺ​លោក​អត់​ធ្វើ​នោះទេ បើទោះជា​អាច​កាត់បន្ថយ​ការចំណាយ​បាន​ខ្ពស់​។ លោ​កថា​រាល់ថ្ងៃ​ផលិតកម្ម​C2Go ផលិតភាព​យន្ត​ខ្នាត​ធំ​បាន​២​រឿង និង​ផលិត​បទ​ចម្រៀង​បាន​ប្រមាណ​ជាង​៣​វ៉ុល​ហើយ ដោយ​សមិទ្ធិផល​ទាំងនេះ គឺមាន​ការទទួលស្គាល់​តែម្ដង​នៅពេល​ដាក់​បំ​បុក​គ្នា​នៅលើ​ទីផ្សារ​។


ចំណែក ព្រះ​តេជគុណ នុ​ន ណា​រ៉ុង គង់នៅ​វត្ត​ឧណ្ណាលោម ដែល​បាន​សហការ​និពន្ធ​ប៉ា​រ៉ូ​ល​ចម្រៀង ទម្រង់​អប់រំៗ និង​និពន្ធ​ភាពយន្ត​ប្រភេទ​អប់រំ​ប្រចាំ​នៅក្នុង​ផលិតកម្ម​នេះ​បាន​អះអាងថា ផលិតកម្ម​C2Go ដែលជា​ផលិតកម្ម​របស់លោក ជានិច្ច ជា​ម្ចាស់​អង្គការ «​ខ្ញុំ​ខ្មែរ​» ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី បាន​បើក​ដំណើរការ​មួយរយៈ​ខ្លី​ប៉ុណ្ណោះ ប៉ុន្តែ​គឺមាន​សមិទ្ធផល​ក្នុង​ដៃ​តែម្ដង ដោយ​ទើបតែ​បានបញ្ចប់​ការផលិត​ភាពយន្ត​ចំនួន​២​រឿង ត្រៀម​ដាក់​បញ្ចាំង​រោង និង​បាន​ផលិត​បទ​ចម្រៀង​Original Song ប្រមាណ​ជា ៦០​បទ ដោយ​បទ​ចំនួន ៣០​ជាង​ត្រូវបាន​ថត​ច្រៀង​រួចហើយ តែ​មិនទាន់​បង្ហោះ​ទូលំទូលាយ​។​

​ព្រះ​តេជគុណ​មាន​ថេរៈ​ដីកា​ថា ធៀប​នឹង​ផលិតកម្ម​បើក​ថ្មី ភាគច្រើន ព្រះអង្គ​យល់ថា ផលិតកម្ម​មួយ​នេះ​មាន​ទម្រង់​ខុសប្លែក​ពី​គេ ដោយសារតែ​មិនទាន់មាន​ការបើក​សម្ពោធ ឬ​បើក​ប្រកាស​ពី​ក្រុមហ៊ុន​នៅឡើយ​ផង ប៉ុន្តែ​សម្រុក​ចេញ​បទ​ចម្រៀង និង​ចេញ​ថត​រឿង​តែម្ដង ដោយ​ព្រះអង្គ​ក៏មាន​ការ​ពេញ​ព្រះទ័យ ដោយសារតែ​ម្ចាស់​ផលិតកម្ម​ដែលជា​បងធម៌​បានផ្ដល់​ឱកាស​អោយ​ព្រះអង្គ​បានរួម​ចំណែក​ផលិត​គំនិត ដែល​បាន​ចេះដឹង​មួយចំនួន​នៅក្នុង​បទ​ចម្រៀង និង​ក្នុង​សាច់រឿង ដើម្បី​ដាក់បញ្ចូល​ក្នុង​ស្នាដៃ​សិល្បៈ​។ ព្រះអង្គ​បន្តថា ទ្រង់​ស្នាដៃ​ពាក់ព័ន្ធ​នឹង​ព្រះ​គុណ​ម៉ែ និង​ស្នាដៃ​ដែលមាន​ទម្រង់​អប់រំៗ​ច្រើន​គួរសម ដើម្បីអោយ​ផលិតកម្ម​មួយ​នេះ​បានដាក់​បញ្ចូល​នៅក្នុង​ភាពយន្ត និង​បទ​ចម្រៀង ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នកទស្សនា​៕ ដោយ​-​គីម ស្រីរ័ត្ន​

×