Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម ចេញបម្រាមលក់សាច់សត្វឆ្កែ និង ឆ្មា នៅក្នុងទីក្រុងទេសចរណ៍ល្បីៗ

រដ្ឋធានីហាណូយ៖ ប្រទេសវៀតណាម មានប្រជាពលរដ្ឋជាច្រើន ចូលចិត្តទទួលទានសាច់សត្វសុនខ និង ឆ្មា បន្ទាប់ពីប្រទេសចិន ហើយឆ្កែ និងឆ្មា ប្រហែលជា៥លានក្បាល ត្រូវបានគេសម្លាប់ យកមកធ្វើម្ហូប តែសកម្មភាពនេះ ធ្វើឲ្យប៉ះពាល់ដល់កិត្ដិយសរបស់ទីក្រុង និង ការព្រួយបារម្ភ អំពីការឆ្លងរោគឆ្កែឆ្កួតដ៏កាចសាហាវ ទើបអាជ្ញាធរ ចេញបម្រាមការលក់សាច់សត្វទាំងនោះ នៅក្នុងទីក្រុងទេសចរណ៍ល្បីៗ។

បើតាមសារព័ត៌មានបាងកកប៉ុស្ដិ៍ បានចេញផ្សាយ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ថា អាជ្ញាធរវៀតណាម បានបញ្ជាក់ កាលពីថ្ងៃសុក្រ ទី១០ ខែធ្នូ ថា វៀតណាមបានសន្យា ហាមឃាត់ការលក់សាច់សត្វសុនខ និង សាច់ឆ្មា នៅក្នុងទីក្រុងទេសចរណ៍ល្បីៗរបស់ខ្លួន។ នេះជាលើកទី១ ដែលវៀតណាម ហាមឃាត់ការប្រើប្រាស់សាច់ពពួកសត្វប្រភេទនេះ ដែលពលរដ្ឋមួយមួយចំនួន ចាត់ទុកសាច់សត្វទាំងនេះ ជាអាហារឆ្ងាញ់ពិសា។

សត្វសុនខ និងឆ្មា ប្រមាណជា៥លានក្បាល ត្រូវបានគេសម្លាប់យកសាច់ មកទទួលទានជារៀងរាល់ឆ្នាំ ក្នុងប្រទេសវៀតណាម។ នេះជាចំនួនដ៏ច្រើនបំផុតលំដាប់ទីពីរ នៃការសម្លាប់សត្វឆ្កែ និងឆ្មា នៅលើពិភពលោក បន្ទាប់ពីប្រទេសចិន។ ដោយឡែក អ្នកខ្លះមានជំនឿថា ការទទួលទានសាច់សត្វឆ្មា និង សុនខ អាចជួយបណ្តេញឧបទ្រពចង្រៃ ចេញពីខ្លួនថែមទៀតផង។

អាជ្ញាធរ នៅទីក្រុង Hoi An ជាកំពង់ផែពាណិជ្ជកម្មប្រវត្តិសាស្ត្រ និងជាតំបន់បេតិកភណ្ឌពិភពលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយអង្គការសិទ្ធិសត្វអន្ដរជាតិ មួយឈ្មោះ Four Paws International ដោយសន្យាថា នឹងបញ្ឈប់ការលក់ និងការប្រើប្រាស់សាច់ឆ្មា និងសាច់ឆ្កែ។

លោក Nguyen The Hung អភិបាលរងក្រុង Hoi An បានបញ្ជាក់ថា យើងចង់ជួយលើកកម្ពស់សុខុមាលភាពរបស់សត្វទាំងនេះ តាមរយៈការលុបបំបាត់ជំងឺឆ្កែឆ្កួត បញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា ហើយធ្វើឱ្យទីក្រុងនេះ ក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ» ថែមទៀតផង។

លោក Julie Sanders មកពី អង្គការ Four Paws International បានបញ្ជាក់ថា នេះជាពេលវេលា អាចធ្វើជាគំរូ សម្រាប់កន្លែងផ្សេងៗទៀត នៅក្នុងប្រទេសវៀតណាម។ ប៉ុន្ដែបើតាមការស្ទង់មតិថ្នាក់ជាតិ ដែលធ្វើឡើង ដោយក្រុមសិទ្ធិសត្វ នៅឆ្នាំ២០២១ បានរកឃើញ ថា មានត្រឹមតែ ៦,៣ភាគរយ ក្នុងចំណោមជនជាតិវៀតណាម ចំនួន៦០០នាក់ ដែលបានស្ទង់មតិ ពីការទទួលទានសត្វឆ្មា និង សុនខ ហើយ៨៨ភាគរយ គាំទ្រការហាមឃាត់ការទទួលទានសត្វប្រភេទនេះ។

កាលពីឆ្នាំ២០១៨ អាជ្ញាធរទីក្រុងហាណូយ បានលើកទឹកចិត្តដល់ប្រជាជនឲ្យឈប់ទទួលទានសាច់សត្វសុនខ និង ឆ្មា ។ ករណីនេះ ក៏ដោយសារតែអាជ្ញាធរ យល់ឃើញថា ការទទួលទានសាច់សត្វទាំងនេះ នឹងធ្វើឲ្យរដ្ឋធានីអាប់ឱនកិត្ដិយ ហើយវានឹងធ្វើឲ្យមានការព្រួយបារម្ភ អំពីសុខភាព ដែលអាចនាំឱ្យមានការឆ្លងមេរោគឆ្កែឆ្កួតដ៏សាហាវផងដែរ៕

×