រដ្ឋធានីម៉ាណាហ្គ័រ (Managua) ៖ នីការ៉ាហ្គ័រ បានទទួលវ៉ាក់សាំង ពីចិន ចំនួន១លានដូស ក្រោយពេលប្រទេសអាមេរិកកណ្ដាលមួយនេះ បានប្រកាសកាត់ផ្ដាច់ចំណងទំនាក់ទំនងការទូត ជាមួយនឹងកោះតៃវ៉ាន់ កាលពីសប្ដាហ៍មុន។
សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ថា ប្រទេសនីការ៉ាហ្គ័រ (Nicaragua) បានទទួលវ៉ាក់សាំង ពីចិន ក្រោយពេលរដ្ឋាភិបាលរបស់លោកលោក Daniel Ortega ប្រធានាធិបតី បានប្រកាសកាត់ផ្ដាច់ចំណងការទូតជាមួយនឹងកោះតៃវ៉ាន់ ដែលធ្លាប់ជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់នីការ៉ាហ្គ័រ។ ប្រធានាធិបតីនីការ៉ាហ្គ័រ បានប្រកាសទទួលស្គាល់ចិនតែមួយ ហើយតៃវ៉ាន់គ្រាន់តែជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់ ចេញពីទឹកដីរបស់ចិនបានឡើយ។

បើតាមបណ្ដាញផ្សព្វផ្សាយ ក្នុងស្រុក បានផ្សាយថា យន្ដហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន (Air China) បានដឹកវ៉ាក់សាំង Sinopharm ចំនួន ២០០ ០០០ដូស ចុះចត នៅក្នុងប្រទេសនីការ៉ាហ្គ័រ។ វ៉ាក់សាំងពីចិន បានទៅដល់ប្រទេសអាមេរិកកណ្ដាលមួយនេះ ក្រោយពេលរដ្ឋាភិបាលទីក្រុង Managua បានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយនឹងរដ្ឋាភិបាលតៃប៉ិ។
លោក Laureano Ortega Murillo កូនប្រុសរបស់លោក Daniel Ortega ប្រធានាធិបតី Nicaragua និង ជាទីប្រឹក្សាមួយរូបរបស់គាត់ បានបញ្ជាក់ថា «យើងបានទទួលបានដំណឹងដ៏អស្ចារ្យថា យើងបាននាំយកអំណោយជាវ៉ាក់សាំង ចំនួន១លានដូស សម្រាប់ចាក់ជូនដល់ប្រជាជននីការ៉ាហ្គ័រ ដែលមានសរុបជាង៦,៤លាននាក់»។

គិតត្រឹមវេលាខាងលើនេះ នីការ៉ាហ្គ័រ បានចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋពេញវ័យ គ្រប់ដូស ទើបតែ៣៨ភាគរយ ប៉ុន្ដែពលរដ្ឋទូទៅ ទទួលបានវ៉ាក់សាំងដូសទី យ៉ាងតិច៦៧ភាគរយ។ ប្រទេសអាមេរិកកណ្ដាលមួយនេះ មានអ្នកឆ្លងកូវីដ-១៩ សរុប ១៧ ៣២៨នាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ២១០នាក់ និង មានអ្នកជាសះស្បើយ ៤ ២២៥នាក់៕ រក្សាសិទ្ធិដោយ ៖ សារាយSN

















