ភ្នំពេញ៖ ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមប្រធានបទ ត្រៀមរួចជាស្រេច ចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងគោលបំណងជំរុញ និងបំផុសការយល់ដឹង និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម និងសំដីរួមចំណែកដល់ការថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតមួយជូនជនរួមជាតិ សម្រាប់ឱកាស ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅកម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨។ សារលិខិតសម្តេចតេជោ ហ៊ុន សែន បានគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ ដែលបាននិងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈ ឲ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ពិសេសតាមទីជនបទ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ប្រជាជនក្នុងការប្រតិបត្តិលើការរស់នៅស្អាត។ ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាព ចំណាយលុយកាក់តាមរយៈការចំណាយដោយផ្ទាល់លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។ សមស្របនឹងដំណើរវិវត្តនៃសភាពការណ៍សង្គម សេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុងពង្រីកការអភិវឌ្ឍតាមព្រំដែន និងតំបន់អេកូទេសចរធម្មជាតិ ព្រៃភ្នំ ដែលប្រឈមនឹងអត្រាឈឺ ស្លាប់ដោយជំងឺគ្រុនចាញ់នៅឡើយ។
សូមបញ្ជាក់ថា តាមប្រភពរបាយការណ៍ប្រចាំឆ្នាំក្នុងសេវាសុខាភិបាលសាធារណៈរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ពីឆ្នាំ២០១១ -២០១៧ មានចំនួនករណីឈឺត្រូវបានកាត់បន្ថយពី៦២.៥៨០ករណី មកនៅត្រឹម ៣៦.៤៥៦ករណី និងចំនួនស្លាប់បានកាត់បន្ថយពី៩៣នាក់ មកនៅត្រឹមម្នាក់ បានន័យថា អត្រាស្លាប់ក្នុងចំណោមមនស្ស ១០០.០០០នាក់ បានថយចុះពី០,៦៥នាក់ មកនៅត្រឹម ០,០០៦នាក់ ដែលជោគជ័យមុនគោលដៅគ្រោងទុកឆ្នាំ២០១៩។
សម្តេចតេជោ បានថ្លែងថា ជំងឺគ្រុនចាញ់នៅតែជាបន្ទុកដ៏ធ្ងន់មួយរបស់កម្ពុជា ហើយបើយើងមិនទាន់លុបបំបាត់មេរោគគ្រុនចាញ់ឲ្យអស់ពីក្នុងខ្លួនមនុស្សគ្រប់ៗរូបនោះទេ សត្វមូសដែកគោលញីដែលបន្តមាននៅក្នុងព្រៃ និងតំបន់ជុំវិញ នៅតែមានឱកាសបឺតឈាមចម្លងមេរោគគ្រុនចាញ់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីសហគមន៍មួយទៅសហគមន៍មួយដដែល៕ ដោយ៖បញ្ញាស័ក្តិ