ប្រជាជនកូរ៉េខាងជើងបច្ចុប្បន្នកំពុងប្រារព្ធខួប១០ឆ្នាំនៃការស្លាប់របស់លោកគីម ជុងអ៊ីល តាមរបៀបគាបសង្កត់បំផុត ដែលប្រជាជាតិទាំងមូលត្រូវបានហាមឃាត់មិនឱ្យផឹកស្រា ចូលរួមក្នុងសកម្មភាពកម្សាន្ត អបអរខួបកំណើត ឬសូម្បីតែសើចឡើយ ក្នុងរយៈពេល 10 ថ្ងៃ។
បើតាម Fox News បានចុះផ្សាយឲ្យដឹងថា កាលពីម្សិលមិញគឺជាខួបគម្រប់ 10 ឆ្នាំនៃការស្លាប់របស់លោក Kim Jong Il ហើយកូនប្រុសរបស់គាត់ លោក Kim Jong Un បានសំរេចថាប្រទេសជាតិនឹងធ្វើពិធីកាន់ទុក្ខរយៈពេល១០ថ្ងៃ ដើម្បីរំលឹកដល់មរណភាពរបស់អតីតមេដឹកនាំកំពូលរូបនេះ។
ក្នុងនោះ បទបញ្ជាហាមឃាត់បានបញ្ជាក់ថា ការដើរទិញទំនិញ ការធ្វើពិធីបុណ្យសព ឬសេវាកម្មផ្សេងៗ ក៏ត្រូវបានហាមឃាត់ផងដែរ សម្រាប់រយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។
ពលរដ្ឋម្នាក់មកពីទីក្រុងជាប់ព្រំដែន Sinuiju បានប្រាប់ឲ្យដឹងថា “កាលពីមុន មនុស្សជាច្រើនដែលត្រូវបានគេចាប់បានថាផឹកស្រា ឬស្រវឹងក្នុងអំឡុងពេលកាន់ទុក្ខនេះ ត្រូវបានចាប់ខ្លួន និងចាត់ទុកជាឧក្រិដ្ឋជនមនោគមវិជ្ជា… ពួកគេត្រូវបានគេយកទៅឆ្ងាយ ហើយបាត់ខ្លួនតែម្តង”។
ប្រភពមួយផ្សេងទៀតពីក្នុងប្រទេសកូរ៉េខាងជើង ក៏បានឲ្យដឹងផងដែរថា ប៉ូលីសបាននិងកំពុងអនុវត្តស្រដៀងគ្នានេះ ចាប់តាំងពីដើមខែធ្នូ សម្រាប់រយៈពេលកាន់ទុក្ខនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



