Sunday, January 29, 2023

ប្រតិភូ​ខេត្ត​ក្វាង​ស៊ី គ្រោង​វិនិយោគ​លើ​ការផលិត​ខ្សែភ្លើង និង​រៀបចំ​ប្រព័ន្ធ​ទឹក​ស្អាត​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ប្រតិភូ​ខេត្ត​ក្វាង​ស៊ី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានបង្ហាញ​ចេតនា​វិនិយោគ​លើ​ការផលិត​ខ្សែ​អគ្គិសនី និង​រៀបចំ​ប្រព័ន្ធ​ទឹក​ស្អាត នៅក្នុង​ខេត្ត​កែប និង​ខេត្ត​កំពត ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា​។ គម្រោង​នេះ ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​ពិភាក្សា​រវាង លោក ឆឹន អ៊ូ អភិបាល​នៃ​តំបន់​ស្វយ័ត​ក្វាង​ស៊ី និង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម កាលពី​ល្ងាច ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ភ្នំពេញ​។​

​នៅក្នុង​ឱកាស​នោះ លោក ឆឹន អ៊ូ បានស្នើ​ក្រសួងពាណិជ្ជកម្ម ជួយ​គាំទ្រ​គម្រោង​វិនិយោគ​នេះ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ខេត្ត​ក្វាង​ស៊ី និង​កម្ពុជា​។ លោក ឆឹន អ៊ូ បាន​ជម្រាប​ថា នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​មក​ពី​ខេត្ត​ក្វាង​ស៊ី​ជាច្រើន កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម រាប់​តាំងពី​វិស័យ​កសិកម្ម សំណង់ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូចជា ទូរទស្សន៍ NiceTV ជាដើម ហើយ​នៅ​ថ្ងៃ​ខាង​មុខ លោក នឹង​ខិតខំ​កៀងគរ​វិនិយោគិន​ខេត្ត​ក្វាង​ស៊ី ឲ្យចូល​មក​បណ្តាក់ទុន​ថែម​ទៀត​នៅ​កម្ពុជា ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​យុទ្ធសាស្ត្រ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ ដែល​ផ្តួចផ្តើម​ដោយ លោក ស៊ី ជិន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ជា​ការឆ្លើយតប លោក ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​នូវ​ការគាំទ្រ​ពេញទំហឹង ចំពោះ​គម្រោង​វិនិយោគ​របស់​ខេត្ត​ក្វាង​ស៊ី និង​បាន​សន្យា​ជួយ​សម្រួល​គម្រោង​នេះ ឲ្យ​លេច​រូបរាង​ឡើង​នាពេល​អនាគត​។ លោក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ លោក​អភិបាលខេត្ត និង​វិនិយោគិន​ខេត្ត​ក្វាង​ស៊ី ពិចារណា​វិនិយោគ​លើ​ការសាងសង់​ឡ​សម្ងួត​ទិន្នផល​កសិកម្ម និង​កែច្នៃ​កសិផល​មួយចំនួន​ដូចជា ស្រូវ ស្វាយ ពោត និង​ដំឡូង​មី ដើម្បី​នាំចេញ​ទៅ​កាន់​ប្រទេស​ទី​បី​។ លើសពីនេះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏​បាន​ថ្លែងអំណរគុណ​ដល់ លោក ឆឹន អ៊ូ ដែល​កន្លង​មក​តែង​បាន​ជួយ​សម្របសម្រួល​ប្រតិភូ​កម្ពុជា ក្នុង​ការចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន ចាប់តាំងពី​ឆ្នាំ​២០០៤ ដែល​បាន​ជួយ​ឲ្យ​ក្រុមហ៊ុន​កម្ពុជា​ភាគច្រើន កាន់តែ​មាន​ភាពម្ចាស់កា​រ ក្នុង​ការស្វែងរក​ដៃគូ​អាជីវកម្ម និង​ពង្រីក​ទីផ្សារ​ថ្មីៗ​ជា​បន្តបន្ទាប់​។​

​សូមជម្រាបថា គោលបំណង​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ខេត្ត​ក្វាង​ស៊ី មក​កម្ពុជា​នា​ពេល​នេះ គឺ​ដើម្បី​អញ្ជើញ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា ចូលរួម​ពិព័រណ៍​ចិន អាស៊ាន លើក​ទី​១៥ ដែល​នឹង​ធ្វើឡើង​ពី​ថ្ងៃ​ទី​១២-១៥ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ណាន​នី​ង​នៃ​តំបន់​ស្វយ័ត​ក្វាង​ស៊ី ក្រោម​ប្រធានបទ “​រួមគ្នា​កសាង​វិថី​សូត្រ​សមុទ្រ​សតវត្ស​ទី​២១ លើ​កិច្ចសហប្រតិបត្តិការ​នៃ​ភាព​ច្នៃប្រឌិត​ថ្មី ចិន​-​អាស៊ាន​” ហើយ​លើក​នេះ កម្ពុជា​ត្រូវ​ធ្វើជា​ប្រទេស​កិត្តិយស បន្ទាប់​ពី​ប្រ៊ុយណេ​។ ពិព័រណ៍​ចិន​-​អាស៊ាន គឺជា​វេទិកា​ប្រចាំឆ្នាំ ផ្តួចផ្តើមឡើង​ដោយ លោក វិន ជា​បាវ អតីត​នាយករដ្ឋមន្ត្រី​ចិន នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​៧ ហើយ​ទទួលបាន​ការគាំទ្រ​ពី​បណ្តា​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ទាំង​អស់​។ ពិ​ពរ័​ណ​នេះ ផ្តោត​សំខាន់​ទៅលើ​ការតាំង​បង្ហាញ​ផលិតផល​ប្រើប្រាស់ និង​សេវាកម្ម​ទូទៅ អម​ដោយ​ការរៀបចំ​វេទិកា​ធុរកិច្ច និង​ពាណិជ្ជកម្ម ព្រមទាំង​កិច្ចប្រជុំ​នានា​ពាក់ព័ន្ធ​កិច្ចសហការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត ទេសចរណ៍ និង​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​ចិន និង​អាស៊ាន​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​