Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រេសិតពិសេសរបស់អគ្គលេខាធិការ អ.ស.ប សម្តែងនូវបំណងសហការ ជិតស្និទ្ធជាមួយកម្ពុជា ក្នុងការគាំទ្រឱ្យមានដំណោះស្រាយ តាមសន្តិវិធីចំពោះវិបត្តិ នាពេលបច្ចុប្បន្ននៅមីយ៉ាន់ម៉ា

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបលោកស្រីបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ កាលពីនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

លោកស្រីបណ្ឌិត Noeleen Heyzer បានអបអរសាទរកម្ពុជាដែល បានទទួលតួនាទីជាប្រធាន អាស៊ាន ឆ្នាំ២០២២ និងជាប្រេសិតពិសេសលើកិច្ចការមីយ៉ាន់ម៉ា។ លោកស្រីបណ្ឌិត Noeleen Heyzer បានសម្តែងនូវបំណងសហការជិតស្និទ្ធជាមួយកម្ពុជា ក្នុងការគាំទ្រឱ្យមានដំណោះស្រាយតាមសន្តិវិធី ចំពោះវិបត្តិនាពេលបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងការអបអរសាទរ និងបញ្ជាក់ពីការត្រៀមខ្លួនសហការជាមួយលោកស្រីបណ្ឌិត Noeleen Heyzer ក្នុងការអនុវត្តតួនាទីរបស់លោកស្រី។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានលើកអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រកាន់យកវិធីសាស្រ្តស្របតាមការណ៍ជាក់ស្តែង និងជាជំហានៗ សំដៅសម្រេចបាននូវវឌ្ឍនភាព ក្នុងការអនុវត្តការព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីការត្រៀមរាយការណ៍ ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពីវឌ្ឍនភាពការងារក្នុងនាមជាប្រេសិតពិសេស ដូចបានធ្វើកន្លងមកហើយដោយ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ានមុន ។

ឯកឧត្តម ប្រាក់ សុខុន និងលោកស្រីបណ្ឌិត Noeleen Heyzer បានឯកភាពគ្នាថា ដំណើរការនយោបាយណាមួយ ក៏ដោយដើម្បីឆ្ពោះទៅបញ្ចប់អំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវតែដឹកនាំ ដោយមីយ៉ាន់ម៉ា និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ាខ្លួនឯង ទើបអាចសម្រេចបានជោគជ័យ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់បន្ទាន់នៃកិច្ចសហប្រតិបតិ្តការ ដើម្បីធានាការបញ្ជូនឲ្យបានឆាប់រហ័ស និងដោយសុវត្ថិភាពនូវជំនួយមនុស្សធម៌សម្រាប់ប្រជាជនដែលកំពុងខ្វះខាតបំផុត រួមទាំងការចាក់វ៉ាក់សាំង ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ