ភ្នំពេញ ÷ នារីរូបស្រស់បានបើករថយន្តម៉ាកព្រូសមួយគ្រឿង បានបត់ត្រូឡប់ក្រោយ ជ្រុលទៅបុ.ករថយន្តកូរ៉ូឡាចំពីចំហៀង មុខខាងឆ្វេង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកកូរ៉ូឡា ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AZ-6026 ធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រ៊ីត ទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបំបែកជាបួន ស្រាប់តែមាននារីរូបស្រស់ ម្នាក់ បើករថយន្តម៉ាកព្រូស ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AX-7734 ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រ៊ីតទិសដៅបញ្រ្ចាសផ្លូវគ្នា ពីត្បូងមកជើងក្នុងល្បឿនលឿន បានបត់ឆ្វេងឆ្លងចូលទៅផ្លូវម្ខាងទៀត ជ្រុលទៅបុ.ករថយន្តកូរ៉ូឡាចំពីចំហៀងឆ្វេងខាងមុខ រងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្ក រងការខូចខាតមួយកំណាត់មុខ យ៉ាងធ្ងន់ធ្ងរ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីទាំងពីរ សម្របសម្រួលគ្នា តែមិនត្រូវក៏ទំនាក់ទំនងទៅ ជំនាញចរាចរណ៍ ចុះមកវាស់វែង យករថយន្តទាំងពីរ គ្រឿង ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត



