ភ្នំពេញ ៖ ក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ឲ្យដឹងថា ក្រសួងបន្តអនុវត្តឱ្យកាន់តែសកម្ម និងស៊ីជម្រៅលើកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់លើវិស័យដីធ្លី, ក្នុងនោះ បានជំរុញឱ្យម្ចាស់បុរី និងអគារសហកម្មសិទ្ធិទាំងអស់ ចុះបញ្ជីបំបែកក្បាលដី និងចុះបញ្ជីចំណែកឯកជនមុននឹងធ្វើចរន្តការលក់។

សេចក្ដីប្រកាសព័ត៌មាននេះ ធ្វើឡើងស្របនឹង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅ ឆ្នាំ២០២២ ដែលធ្វើឡើងនៅ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការក្រសួង។ ចំណុចសំខាន់ៗនៃអង្គប្រជុំបូកសរុបការងាររបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន ÷
- ចំណុចទី៦ នៃសេចក្ដីប្រកាសព័ត៌មាននេះ បានបញ្ជាក់ថា បន្តជំរុញឲ្យម្ចាស់បុរី និងអាគារសហកម្មសិទ្ធិទាំងអស់ ធ្វើការចុះបញ្ជីបំបែកក្បាលដី និងចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិជាមុនសិន មុននឹងធ្វើចរន្តការលក់ជូនអតិថិជន។
- ចំណុចទី៧ ចាប់ពី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ចាប់អនុវត្តការដាក់បញ្ចូលក្រឡាផ្ទៃសំណង់ ទៅក្នុងប័ណ្ណកម្មសិទ្ធិ។
- ចំណុចទី៨ អនុវត្តគម្រោងសាងសង់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ ដោយផ្កាយរណប ( CORS ) សម្រាប់ការគ្រប់គ្រងដី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដោយ JiCA ។
- ចំណុចទី១២ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ មុនផ្ដល់លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ និងវិញ្ញាបនបត្រប្រើប្រាស់សំណង់ ចំពោះសំណង់រដ្ឋ ត្រូវមានការត្រួតពិនិត្យ និងបញ្ជាក់សំណង់ដោយក្រុមការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និងចំពោះសំណង់ឯកជន ត្រូវមានការត្រួតពិនិត្យ និងបញ្ជាក់សំណង់ដោយក្រុមហ៊ុនឯកជន និងអ្នកវិជ្ជាជីវៈ ដែលទទួលបានអាជ្ញាបណ្ណ ពី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN






























