ភ្នំពេញ ÷ យុវជនម្នាក់បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូលឿន ជ្រុលទៅបុ.កពីក្រោយរថយន្តដឹកដីបត់ឆ្លងផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែធ្នូឆ្នាំ ២០២១ ដែលស្ថិតនៅតាមបណ្ដោយ ៥០ ម៉ែត្រក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះ ឈ្មោះ គឹម សីហា ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរជាងជួសជុលរថយន្ត បច្ចុប្បន្ន ស្នាក់នៅក្នុងបុរីសូនី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានស្រុកកំណើត នៅភូមិប្រភ្នួស ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តបែនដឹកដី មួយគ្រឿង មិនចាំផ្លាកលេខធ្វើដំណើរ តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីត្បូងមកជើងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ច្រកចូលវិទ្យុABC បានបត់ឆ្វេងឆ្លងចូលទៅផ្លូវម្ខាងទៀត ស្រាប់តែភ្លាមៗនោះដែរ ក៏មានយុវជនម្នាក់ ជាជនរងគ្រោះជិះម៉ូតូម៉ាកCP ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1IG-1099 ជិះតាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្របទិសគ្នាពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកពីក្រោយរថយន្តដឹកដី យ៉ាងពេញទំហឹង បណ្តាលឲ្យដួលផ្ទប់និងរថយន្ត ហើយភ្លាមៗនោះដែរ ក៏មានរថយន្តសាមុយ មកដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់ផងដែរ តែអកុសលយុវជនខាងលើ ក៏បានបាត់បង់ជីវិត ដល់មន្ទីរពេទ្យតែម្ដងទៅ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យ និងវាស់វែងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ បន្ទាប់មកធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត







