ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានពន្យារពេលដំណើរការ សាកល្បង នូវកាមេរ៉ា ចាប់ល្បឿនពីកំណាត់ផ្លូវ ជាតិលេខ៣ ចាប់ពី(ចោមចៅ) ដល់ទីរួមខេត្តកំពត ទៅពេលក្រោយ។
ក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសាធារណការ បានបញ្ជាក់ថា ការពន្យារពេលនេះ ដោយសារការតភ្ជាប់ ទៅក្នុងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ របស់អគ្គស្នងការនគរបាលជាតិ នៅមិនទាន់ចប់សព្វគ្រប់។

កាមេរ៉ាចាប់ល្បឿនទាំង ១០ទីតាំងដែលដាក់នៅ លើកំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ត្រូវបានក្រសួងសាធារណការ រៀបចំដំឡើងចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ និងបានបញ្ចប់នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមាន៤ទីតាំង ចាប់ពីចោមចៅដល់ បែកគូស និង៦ទីតាំង ចាប់ពីបែកគូសដល់ទីរួមខេត្ត កំពត។ តាមគម្រោងពីមុនការ ដំណើរការកាមេរ៉ា ចាប់ល្បឿននេះ គ្រោងធ្វើនៅដើមខែមករា ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





