ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីបើកអង្គសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយលទ្ធផលតេស្តរង្វាយតម្លៃ លទ្ធផលសិក្សារបស់សិស្សបឋមសិក្សា នៅតំបន់អាស៊ីអាគ្នេយ៍ (SEA-PLM)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ធ្នូ ២០២១ ភោជនីយដ្ឋាន ទន្លេបាសាក់ II ។

កម្មវិធីបើកសិក្ខាសាលានេះ បានរៀបចំឡើងដោយប្រើមធ្យោបាយពីរគឺ ចូលរួមដោយផ្ទាល់ និងតាមអនឡាញ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងនាយកដ្ឋានជំនាញផ្សេងៗប្រធាន/អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ២៥រាជធានី/ខេត្ត ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជំនាញបច្ចេកទេស និងស្មារតីទទួលខុសត្រូវរបស់ក្រុមការងាររង្វាយតម្លៃ នៃនាកយដ្ឋានធានាគុណភាពអប់រំ ដែលធ្វើឱ្យសម្រេចបាននូវលទ្ធផលដ៏ត្រចេះត្រចង់ រួមមាន កិច្ចការអធិការកិច្ច តេស្តអន្តរជាតិ តេស្តថ្នាក់ជាតិ និងជាពិសេសលទ្ធផលតេស្តរង្វាយតម្លៃលទ្ធផលសិក្សា របស់សិស្សបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ (SEA-PLM) ដែលត្រូវបានផ្សព្ធផ្សាយដល់អ្នកពាក់ព័ន្ធ ជាផ្លូវការពេលនេះ។
នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់ជាកិត្តិយស ចែកជូនកុំព្យូទ័រយួរដៃ ដល់ការិយាល័យអធិការកិច្ច នៃមន្ទីរ អយក ទាំង២៥ រាជធានី/ខេត្ត ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី










