ភ្នំពេញ៖ ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានឱ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ មានករណីផ្ទុះគ្រា.ប់បែ.ក២គ្រាប់ នៅក្បែរស្ថានទូតកម្ពុជាប្រចាំ នៅប្រទេសមីយ៉ាន់ម៉ា ដោយ១គ្រា.ប់មានចម្ងាយប្រមាណ១០០ម៉ែត្រ និង១គ្រា.ប់ទៀត មានចម្ងាយប្រមាណ១៥០ម៉ែត្រ ប៉ុន្តែគ្រា.ប់បែ.កទាំងនេះ មិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ។
ការផ្ទុះគ្រាប់បែកនេះ បានកើតឡើងមុន១សប្តាហ៍ប៉ុណ្ណោះ នៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា តបតាមការអញ្ជើញរបស់ លោក មីន អោមលាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលសម្តេចគ្រោងនឹងធ្វើទស្សនកិច្ច នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២។
ឯកឧត្តមកុយ គួង បានបញ្ជាក់ថា តាមការបញ្ជាក់របស់ស្ថានទូតកម្ពុជាប្រចាំ នៅប្រទេសមីយ៉ានម៉ា បានឱ្យដឹងថា គ្រា.ប់បែ.កទាំងនេះ គឺជាគ្រាប់បែកច្នៃឱ្យលឺសំឡេងតែប៉ុណ្ណោះ មិនបានបង្កឱ្យមានរបួសស្នាមនោះទេ។ ពេលនេះ ខាងសន្តិសុខមីយ៉ាន់ម៉ា បានបង្កើតការប្រុងប្រយ័ត្ន និងការពារបន្ថែមទៀត ទាក់ទងនឹងការពង្រឹងសន្តិសុខ ទាំងនៅស្ថានទូត ផ្ទះរបស់អគ្គរដ្ឋទូត និងមន្រ្តីទូតរបស់កម្ពុជា។

ឯកឧត្តមបញ្ជាក់ថាការផ្ទុះនេះ គឺជាគ្រា.ប់បែ.កច្នៃទេ ដែលគេច្នៃឱ្យតែឮសូរសំឡេងទេ ខាងទូតយើងបានសាកសួរបញ្ជាក់ ទៅខាងអាជ្ញាធរមីយ៉ាន់ម៉ា គឺអត់មានរបួសស្នាមទេ គ្រាន់តែឱ្យឮសូរសំឡេង ហើយខាងសន្តិសុខ ប៉ូលិសមីយ៉ាម៉ា ក៏បានបង្កើនការការពារឱ្យមានកម្រិតខ្ពស់ថែមទៀត ដើម្បីសុវត្ថិភាពទាំងស្ថានទូត ទាំងផ្ទះទូត ទាំងមន្រ្តីទូតយើងទាំងអស់ គឺខាងភ្នាក់ងារសន្តិសុខមីយ៉ាម៉ា មានការយាមកាម បានល្អ ហើយច្រកចេញចូលស្ថានទូតយើង គឺប៉ូលិសមីយ៉ាម៉ា មានការយាមកាម ដាក់ប៉ុស្តិ៍ឆែកឆេរត្រឹមត្រូវ។
ឯកឧត្តមចាត់ទុកថា ការផ្ទុះ២គ្រាប់នៅព្រឹកមិញនេះ គឺគ្រាន់តែជាការបំពងសំឡេងប៉ុណ្ណោះ។
សូមបញ្ជាក់ថា មីយ៉ាន់ម៉ា កំពុងប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រ.ហារយោធា ទម្លាក់គណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ បន្ទាប់ពីបោះឆ្នោត។ អំឡុងពេលមានបញ្ហាផ្ទៃក្នុង ជិតមួយឆ្នាំមកនេះ មីយ៉ាន់ម៉ាដែលជាសមាជិកវ័យក្មេង របស់អាស៊ាន បានអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០២១នេះ ដែលធ្វើឱ្យអាស៊ាន មិនអាចមានកុងសង់ស៊ីស ក្នុងការចេញសេចក្តីថ្លែងការណ៍រួមបាន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ កម្ពុជានឹងខិតខំសម្រួល ដល់សភាពការណ៍របស់មីយ៉ាន់ម៉ា ដើម្បីបានវិលត្រឡប់ ទៅរកស្ថានភាពល្អប្រសើរឡើងវិញ និងដើម្បីពង្រឹងមជ្ឈភាពរបស់អាស៊ាន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

