Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២១ និងទស្សនវិស័យឆ្នាំ២០២២ បានបង្ហាញអំពីសេដ្ឋកិច្ចរបស់កម្ពុជា ផលប៉ះពាល់នៃជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២១ ធ្វើឱ្យចំណូលរបស់ប្រជាជន និងអាជីវកម្មនានា ធ្លាក់ចុះយ៉ាងខ្លាំង

spot_img

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះ បានចេញផ្សាយរបាយការណ៍ស្ដីពី វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២១ និងទស្សនវិស័យឆ្នាំ២០២២ ដោយក្នុងរបាយការណ៍ បានបង្ហាញអំពីសេដ្ឋកិច្ចរបស់កម្ពុជា ផលប៉ះពាល់នៃជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២១ ធ្វើឱ្យចំណូលរបស់ប្រជាជន និងអាជីវកម្មនានាធ្លាក់ចុះយ៉ាងខ្លាំង ដែលបានកាត់បន្ថយល្បឿននៃការងើបឡើងនៃសេដ្ឋកិច្ច ហើយនៅឆ្នាំ២០២២ខាងមុខ សេដ្ឋកិច្ចពិភពលោករំពឹងថា នឹងបន្តងើបឡើងក្នុងល្បឿនខុសគ្នា អាស្រ័យលើប្រសិទ្ធភាព នៃការការពារការរាតត្បាតជំងឺកូវីដ-១៩ និងវិធានការគាំទ្ររបស់រាជរដ្ឋាភិបាល។

ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការឆ្លងក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ព្រឹត្តិការណ៍ ២០ កុម្ភៈ” បានបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សកម្មភាពសេដ្ឋកិច្ច។ ការបិទខ្ទប់បណ្តោះអាសន្ននៅតាមបណ្តារាជធានី-ខេត្ត បានរឹតត្បិត សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេស បានធ្វើឱ្យអាជីវកម្មខ្នាតតូចនិងមធ្យមមួយចំនួនផ្អាក ដំណើរការមួយផ្នែកឬទាំងស្រុង និងបានប៉ះពាល់ដល់ទេសចរអន្តរជាតិ ដែលរងការធ្លាក់ចុះស្រាប់។

ផលប៉ះពាល់នេះបានធ្វើឱ្យចំណូលរបស់ប្រជាជន និងអាជីវកម្មនានាធ្លាក់ចុះយ៉ាងខ្លាំង ដែលបានកាត់បន្ថយល្បឿននៃការងើបឡើងនៃសេដ្ឋកិច្ច។ ប្រឈមនឹងស្ថានភាពនេះ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវវិធានការគាំពារសង្គមនិងសេដ្ឋកិច្ច ជាមួយនឹងការបង្កើនការចាក់វ៉ាក់សាំងយ៉ាងឆាប់រហ័ស ក៏ដូចជា ការពង្រឹងវិធានការការពារយ៉ាងម៉ឹងម៉ាត់។ ការអនុវត្តវិធានការការពារ និងការសម្រេចបាន ការចាក់វាក់សាំងប្រកបដោយជោគជ័យ ជូនប្រជាជនប្រមាណ ៩០% នៃប្រជាជនសរុប បាននាំឱ្យ រាជរដ្ឋាភិបាលអាចបន្ធូរបន្ថយជាលំដាប់ នូវការរឹតបន្តឹងលើការធ្វើដំណើរ និងសកម្មភាពសេដ្ឋកិច្ច រហូតដល់ការបើកប្រទេសឡើងវិញនៅចុងឆ្នាំ២០២១។ ការងើបឡើងនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក គួបផ្សំនឹងភាពអំណោយផល កំណើនសេដ្ឋកិច្ចពិភពលោក បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ ឆ្នាំ២០២១ ត្រូវបានប៉ាន់ស្មានថាកើនឡើងក្នុងរង្វង់ ៣%។ កំណើននេះត្រូវបានគាំទ្រដោយការងើបឡើង វិញនៃផលិតកម្មកាត់ដេរ ពាណិជ្ជកម្មដុំ-រាយ ទូរគមនាគមន៍ ដឹកជញ្ជូន និងសំណង់ ស្របពេលនឹង ការបន្តទទួលបានកំណើនខ្ពស់ក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរសម្រាប់ការនាំចេញ និងកំណើន វិស័យកសិកម្ម ខណៈដែលវិស័យទេសចរណ៍នៅបន្តធ្លាក់ចុះ។ ទន្ទឹមនេះ មូលធនបរទេសបន្តហូរចូល ក្នុងអត្រាកំណើន ២,៥ដង (ធៀបនឹងឆ្នាំ២០២០) ខណៈដែលការនាំចូលបានកើនឡើងខ្ពស់ ជាពិសេស ការនាំចូលវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរនិងប្រេងឥន្ធនៈ។ កំណើនខ្ពស់នៃលំហូរមូលធន និង ការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយភាពប្រុងប្រយ័ត្ន បានបន្តរក្សាទុនបម្រុងអន្ដរជាតិឱ្យមាន កម្រិតខ្ពស់គ្រប់គ្រាន់ ដែលបានរួមចំណែកពង្រឹងប្រសិទ្ធភាពនយោបាយអត្រាប្តូរប្រាក់និងរូបិយវត្ថុ ក៏ដូចជា ជំនឿទុកចិត្តរបស់វិនិយោគិនមកលើសេដ្ឋកិច្ចកម្ពុជា។

ទោះបីសេដ្ឋកិច្ចមានកំណើនវិជ្ជមានឡើងវិញ បន្ទាប់ពីធ្លាក់ចុះកាលពីឆ្នាំ២០២០ សកម្មភាព សេដ្ឋកិច្ចនៅមានភាពទន់ខ្សោយ និងងាយរងគ្រោះនៅឡើយ ដែលនាំឱ្យចំណូលថវិកាសរុបបាន ថយចុះ ជាពិសេសចំណូលមិនមែនពន្ធនិងពន្ធគយ ខណៈចំណូលពន្ធដារបន្តកើនឡើង។ ទោះយ៉ាងណា ភាពរឹងមាំនៃទនាប់សារពើពន្ធបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលបង្កើនចំណាយសាធារណៈ គួរឱ្យ កត់សម្គាល់ សម្រាប់គាំទ្រសង្គមនិងសេដ្ឋកិច្ចជាបន្តបន្ទាប់ តាមរយៈកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ និងការបន្ធូរបន្ថយពន្ធសម្រាប់អាជីវកម្ម ដែលទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩។

ការបង្កើនចំណាយសាធារណៈ គួបផ្សំនឹងការថយចុះតម្រូវការប្រាក់រៀល បានដាក់សម្ពាធលើ ប្រាក់រៀលឱ្យថយថ្លៃ ជាពិសេសក្នុងបរិការណ៍ដែលកម្ពុជាមានកម្រិតដុល្លារូបនីយកម្មខ្ពស់។ ដើម្បី រក្សាស្ថិរភាពតម្លៃប្រាក់រៀល ដែលរួមចំណែកការពារអំណាចទិញរបស់ប្រជាជន ធនាគារជាតិនៃកម្ពុជា បានធ្វើអន្តរាគមន៍ស្រូបយកប្រាក់រៀល ពីទីផ្សារជាបន្តបន្ទាប់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក និងបានរក្សាអត្រាប្តូរប្រាក់ទីផ្សារឱ្យមានស្ថិរភាពក្នុងរង្វង់ ៤.០៩៩ រៀលក្នុងមួយដុល្លារអាមេរិក ដោយ បានថយថ្លៃប្រមាណ ១% ធៀបនឹងឆ្នាំ២០១៩។ ស្ថិរភាពអត្រាប្តូរប្រាក់ និងការគ្រប់គ្រងបរិមាណ សាច់ប្រាក់ក្នុងសេដ្ឋកិច្ចសមស្រប បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពថ្លៃ ដោយអត អតិផរណាមានកម្រិតទាប ២៩%។ គួរបញ្ជាក់ថា អតិផរណានៅឆ្នាំ២០២១ រួមចំណែកដោយ ការងើបឡើងវិញ នៃថ្លៃទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ខណៈដែលថ្លៃម្ហូបអាហារនិងអតិផរណា ស្នូលបានថយល្បឿនមកវិញ។

ប្រឈមនឹងវិបត្តិដែលបានអូសបន្លាយ អស់រយៈពេលពីរឆ្នាំកន្លងមកនេះ ប្រព័ន្ធធនាគារបាន បន្តដើរតួនាទីយ៉ាងសំខា ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ជាពិសេសវិស័យដែលរងផលប៉ះពាល់។ ធនាគារជាតិនៃកម្ពុជាបានបន្តរក្សា ការបន្ធូរបន្ថយបទប្បញ្ញត្តិ និងផ្ដល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសាច់ប្រាក់ក្នុងដៃគ្រប់គ្រាន់ សម្រាប់រក្សានិរន្តរភាពនៃការផ្តល់ហិរញ្ញប្បទានដល់ សេដ្ឋកិច្ច។ ជាមួយគ្នានេះ ការបែងចែកប្រាក់ចំណេញ របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវបាន ផ្អាកជាបណ្តោះអាសន្ន ដើម្បីលើកទឹកចិត្តឱ្យបង្កើនការវិនិយោគបន្ថែម ក្នុងប្រព័ន្ធធនាគារ សំដៅពង្រឹង ដើមទុនឱ្យកាន់តែរឹងមាំ។ ជាលទ្ធផល កំណើនឥណទានបានបន្តកើនឡើង ២១,២% (១៨៦,៤ ទ្រីលាន រៀល ស្មើនឹង ៤៥,៧ ប៊ីលានដុល្លារអាមេរិក) ដែលត្រូវបានបែងចែកទៅគ្រប់វិស័យ។ ម្យ៉ាងទៀត ដើម្បី ជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋនិងក្រុមហ៊ុន-សហគ្រាស ដែលមានចំណូលធ្លាក់ចុះ និងគ្រប់គ្រង សម្ពាធមកលើឥណទានមិនដំណើរការ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឱ្យបន្តរៀបចំ ឥណទានឡើងវិញលើគ្រប់វិស័យ ដែលសរុបមានចំនួន ៣៧០.៧៨៥ គណនី ស្មើនឹង ២២,៤ ទីលាន រៀល (៥,៥ ប៊ីលានដុល្លារអាមេរិក)។ គួររំលេចថា ជំនឿទុកចិត្តមកលើប្រព័ន្ធធនាគារបន្តមាន ភាពរឹងមាំ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនប្រាក់បញ្ញើអតិថិជនដែលមានអត្រា ១៥៤% (១៥៧,១ ទីលានរៀល ស្មើនឹងប្រមាណ ៣៨៥ ប៊ីលានដុល្លារអាមេរិក)។ បរិយាបន្នហិរញ្ញវត្ថុបានកើនឡើង ដោយចំនួនគណនីប្រាក់បញ្ញើអតិថិជនកើនដល់ ១២,១ លានគណនី (កើន ៤០,៧%) និងគណនី ឥណទានអតិថិជនកើនដល់ ៣៣ លានគណនី (កើន ៥,១%)។

ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៥ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) បាន កើនឡើងយ៉ាងឆាប់រហ័ស ដូចជា ការទិញ-លក់អនឡាញជាដើម។ ជាមួយគ្នានេះ ការប្រើប្រាស់ មធ្យោបាយទូទាត់អេឡិចត្រូនិកក៏បានកើនឡើងផងដែរ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួល ដល់ការផ្ទេរប្រាក់ និងការទូទាត់ពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស ព្រមទាំងបានរួមចំណែកទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩ តាមរយៈការប៉ះពាល់ដោយផ្ទាល់ទៀតផង។ ក្នុងចំណោមប្រព័ន្ធទូទាត់យ៉ាង សម្បូរបែបដែលបានដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធបាគងដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Blockchain) បានបម្រើជាប្រព័ន្ធទូទាត់កន្លាងមួយ ដែលសម្រួល ដល់ការផ្ទេរប្រាក់ពីគ្រឹះស្ថាន់ធនាគារនិងហិរញ្ញវត្ថុមួយ ទៅកាន់គ្រឹះស្ថានដទៃទៀត ប្រកបដោយ សុវត្ថិភាព ឆាប់រហ័ស និងមានតម្លៃទាប។

នៅឆ្នាំ២០២២ខាងមុខ សេដ្ឋកិច្ចពិភពលោករំពឹងថា នឹងបន្តងើបឡើងក្នុងល្បឿនខុសគ្នា អាស្រ័យលើប្រសិទ្ធភាព នៃការការពារការរាតត្បាតជំងឺកូវីដ-១៩ និងវិធានការគាំទ្ររបស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ មេរោគកូវីដបំប្លែងប្រភេទថ្មីអូមីក្រុង (Omicron) ក៏បន្តជាបញ្ហាប្រឈមចម្បងជាមួយនឹង ហានិភ័យដែលមានស្រាប់ ដូចជា ភាពតានតឹងភូមិសាស្ត្រនយោបាយនិងពាណិជ្ជកម្ម និងការប្រែប្រួល អាកាសធាតុ។ ការបន្តងើបឡើងនៃសេដ្ឋកិច្ចពិភពលោក នឹងគាំទ្រដល់ការនាំចេញរបស់កម្ពុជា ដូចជា ផលិតផលកាត់ដេរ និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ជាពិសេស ការនាំចេញផលិតផល គ្រឿងបង្គុំអគ្គិសនីនិងកង់ ដែលនឹងលើកកម្ពស់ពិពិធកម្មការនាំចេញរបស់កម្ពុជា។ វិស័យសំណង់ និងអចលនទ្រព្យ រំពឹងថានឹងកើនឡើងជាសន្សឹមៗ ដែលគាំទ្រដោយកំណើនចំណូលក្នុងស្រុក និង លំហូរចូលទុនវិនិយោគមកកម្ពុជា។ ចំពោះវិស័យកសិកម្មដែលស្រូបយកកម្លាំងការងារជិត ១/៣ នៃ កម្លាំងការងារសរុប ត្រូវបានរំពឹងថានឹងបន្តមានកំណើនល្អជាងឆ្នាំ២០២១។ ការចូលជាធរមានន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េខាងត្បូង នឹងបន្តបង្កើនសក្តានុពលនៃវិស័យ កសិកម្ម ជាពិសេស កសិកម្មកែច្នៃ និងកសិ-ឧស្សាហកម្ម។ ម្យ៉ាងទៀត កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងរវាងប្រទេសសមាជិកអាស៊ាន ទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរី (អូស្ត្រាលី នូវែលសេឡង់ ចិន កូរ៉េខាងត្បូង និងជប៉ុន) ក៏នឹងត្រូវចូលជាធរមាននៅដើមឆ្នាំ២០២២ ដែលនឹងផ្ដល់កាលានុវត្តភាព សម្រាប់ការធ្វើពាណិជ្ជកម្មសេវា និងទំនិញ ការវិនិយោគ និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
ជាមួយនឹងការបើកសេដ្ឋកិច្ច ឡើងវិញ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលរួមមាន ពាណិជ្ជកម្មដុំ-រាយ ទូរគមនាគមន៍និង ការដឹកជញ្ជូន និងទេសចរក្នុងស្រុក រំពឹងថាកើនឡើងជាលំដាប់ ខណៈដែលទេសចរអន្តរជាតិអាច កើនសន្សឹមៗ និងទាមទារពេលវេលា និងកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យវិស័យនេះមានកំណើនដូចគ មុនវិបត្តិ។ ការងើបឡើងវិញនៃវិស័យទេសចរណ៍ នឹងមានឥទ្ធិពលវិជ្ជមាន លើភាពប្រសើរឡើងនៃវិស័យ សណ្ឋាគារនិងភោជនីយដ្ឋាន និងសេវាគាំទ្រផ្សេងៗ។ ដោយឡែក ការវិលត្រឡប់មកវិញរបស់ពលករ ធ្វើការនៅក្រៅប្រទេស ដែលទទួលបានការបណ្ដុះបណ្ដាលនិងបទពិសោធន៍ បាននិងកំពុងរួមចំណែក លើកកម្ពស់ផលិតភាព និងផលិតកម្មក្នុងស្រុក ជាពិសេស ក្នុងវិស័យកសិកម្ម និងសិប្បកម្ម ជាដើម។ ភាពប្រសើរឡើងជាលំដាប់នៃសេដ្ឋកិច្ច នឹងគាំទ្រដល់ចំណូល របស់រាជរដ្ឋាភិបាល គរពូនទ្រនាប់ សារពើពន្ធ និងជាពិសេស ជំរុញការវិនិយោគសាធារណៈ ដែលនឹងផ្ដល់ត្រឡប់មកវិញនូវផល ប្រយោជន៍សម្រាប់កំណើនរយៈពេលវែង។

ផ្អែកលើទស្សនវិស័យខាងលើ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹង ដោយសុទិដ្ឋិនិយមថាបន្ត ងើបឡើងបន្ថែមទៀត ក្នុងអត្រាប្រមាណ ៥% នៅឆ្នាំ២០២២។ អតិផរណារួមសម្រាប់ឆ្នាំ២០២២ ត្រូវបានព្យាករថានឹងមាន់អត្រា ២,៦% ដោយសារកំណើនទាប នៃក្រុមម្ហូបអាហារដែលជំរុញដោយ ភាពប្រសើរឡើងនៃការផ្គត់ផ្គង់ និងការថមថយកំណើនថ្លៃទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ហើយអត្រាប្តូរប្រាក់ផ្លូវការបន្តមានស្ថិរភាពក្នុងរង្វង់ ៤.០៧៥ រៀលក្នុងមួយដុល្លារអាមេរិក។ ធនាគារជាតិនៃកម្ពុជានឹងបន្តដាក់ចេញ គោលនយោបាយគាំទ្រនានា សំដៅបន្តពង្រឹងការចូលរួម របស់ប្រព័ន្ធធនាគារ ក្នុងការគាំទ្រការងើបឡើងវិញ នៃសេដ្ឋកិច្ច ព្រមទាំងរក្សាស្ថិរភាពថ្លនិងហិរញ្ញវត្ថុ។ ទន្ទឹមនឹងការផ្តល់នូវកាលានុវត្តភាព នៃឌីជីថលូបនីយកម្ម ដែលជាប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច ប្រព័ន្ធធនាគារនឹងចាប់យកឱកាស នៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដើម្បីធ្វើទំនើបកម្មសេវា និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ស្របតាមគន្លងប្រក្រតីថ្មី និងដើម្បីរួមចំណែកគាំទ្រ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាក៏បានរៀបចំយុទ្ធសាស្ត្រចាកចេញពីវិបត្តិ (Exit Strategy) ស្របតាមភាព ប្រសើរឡើងនៃសេដ្ឋកិច្ច ប្រកបដោយភាពច្បាស់លាស់និងការរំពឹងទុកបាន។

ទោះយ៉ាងណា ភាពប្រសើរឡើងនៃសេដ្ឋកិច្ចពិភពលោក និងនិន្នាការកើនឡើងនៃអតិផរណា សកល ជាពិសេសក្នុងប្រទេសអភិវឌ្ឍន៍ធំៗ នឹងនាំឱ្យធនាគារកណ្ដាល ធ្វើប្រក្រតីកម្មនយោបាយ រូបិយវត្ថុ ដែលអាចនឹងជំរុញឱ្យមូលធនហូរចេញ ពីប្រទេសកំពុងលូតលាស់ និងបង្កើនថ្លៃប្រាក់ដុល្លារ អាមេរិក។ និន្នាការនេះនឹងអាចដាក់សម្ពាធ ដល់អត្រាប្ដូរប្រាក់រៀល ធៀបនឹងដុល្លារអាមេរិក និងបន្ថយ ភាពប្រកួតប្រជែងរបស់ផលិតផល នាំចេញកម្ពុជាដែលគិតជាដុល្លារអាមេរិក។ ការបន្តលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀលនៅតែជាអាទិភាពចម្បង ដើម្បីពង្រឹងប្រសិទ្ធភាព អធិបតេយ្យភាព និង ឯករាជភាពនៃនយោបាយរូបិយវត្ថុ ដែលគាំទ្រដល់ការស្ដារនិងពង្រឹងភាពធន់នៃសេដ្ឋកិច្ចនាពេល អនាគត។ ក្នុងន័យនេះ ការបោះផ្សាយមូលបត្ររដ្ឋជាប្រាក់រៀល នៅដើមឆ្នាំ២០២២ មិនត្រឹមតែបង្កើន លទ្ធភាពទទួលហិរញ្ញប្បទាន ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបង្កើតតម្រូវការនិងការប្រើប្រាស់ប្រាក់ រៀល និងឧបករណ៍នយោបាយរូបិយវត្ថុ ផ្អែកលើទីផ្សារបន្ថែមទៀតផង។

ទន្ទឹមនេះ សេដ្ឋកិច្ចកម្ពុជា ក៏ប្រឈមនឹងហានិភ័យមួយចំនួន រួមមាន៖ i-ការបន្តរាលដាលនៃជំងឺកូវីដ-១៩ និងការបំប្លែងនៃមេរោគប្រភេទថ្មី ដែលនឹងអាចរឹតត្បិតសកម្មភាពសេដ្ឋកិច្ច ឬការបិទខ្ទប់ជាយថាហេតុ ii-ការកើនឡើង បំណុលរបស់សាជីវកម្មនិងក្រុមគ្រួសារ ក្នុងស្ថានភាពដែលចំណូលធ្លាក់ចុះអំឡុងពេលវិបតិ្ត iii-វិស័យ សំណង់ និងអចលនទ្រព្យ អាចប្រឈមនឹងហានិភ័យ នៃភាពមិនច្បាស់លាស់ លើការហូរចូលវិនិយោគ ដោយសារតែបញ្ហាមួយចំនួន ដែលបានកើតឡើង ក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិន និងវិធានការ រឹតត្បិតលំហូរមូលធនចញ របស់រដ្ឋាភិបាលចិន និង iv-ការប្រែប្រួលអាកាសធាតុដែលប៉ះពាល់ដល់ កំណើន ដោយសារការពឹងផ្អែករបស់សេដ្ឋកិច្ចកម្ពុជា លើវិស័យកសិកម្ម ហើយហេដ្ឋារចនាសម្ព័ន្ធ គាំទវិស័យនេះនៅមានកម្រិតនៅឡើយ។

គួររំលេចថា ធនាគារជាតិនៃកម្ពុជា បានរួមចំណែកយ៉ាង សកម្មក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយ ចីរភាព ជាពិសេស ការវិនិយោគទុនបម្រុងអន្តរជាតិ លើទ្រព្យសកម្មបៃតង និងការដាក់ចេញនូវ គោលការណ៍ហិរញ្ញវត្ថុ ប្រកបដោយចីរភាពរបស់វិស័យធនាគារនៅកម្ពុជា។ ជាមួយគ្នានេះ បញ្ហា ប្រឈមជារចនាសម្ព័ន្ធរបស់សេដ្ឋកិច្ចកម្ពុជា រួមមាន៖ i-ភាពប្រកួតប្រជែងរបស់កម្ពុជានៅមានកម្រិត ដោយសារថ្លៃដើមផលិតកម្មខ្ពស់និងកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ ii-ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច មានល្បឿនយឺតនៅឡើយ iii-កម្រិតខ្ពស់នៃដុល្លារូបនីយកម្ម ដែលដាក់សម្ពាធលើការអនុវត្ត នយោបាយរូបិយវត្ថុ និង iv-លទ្ធភាពទទួលបានហិរញ្ញប្បទានក្នុងតម្លៃសមរម្យនៅមានកម្រិត ដែល ជាឧបសគ្គមួយដល់ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម។ ការដោះស្រាយបញ្ហាប្រឈមជា រចនាសម្ព័ន្ធរបស់សេដ្ឋកិច្ចកម្ពុជាទាំងនេះ ទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×