Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតចិន ចេញផ្សាយព័ត៌មានសំខាន់ៗទាំង ១០ ស្តីអំពីទំនាក់ទំនង ចិននិងកម្ពុជា ប្រចាំឆ្នាំ២០២១

spot_img

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១ បានចេញផ្សាយព័ត៌មានសំខាន់ៗទាំង ១០ ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជា ប្រចាំឆ្នាំ២០២១។

(១).ឯកឧត្តមXi Jinpingអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ផ្ញើសារលិខិតអបអរសាទរជូនដល់ សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
នាថ្ងៃទី២៨ខែមិថុនា ឯកឧត្តម Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានផ្ញើសារលិខិតអបអរសាទរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ ក្នុងខ្លឹមសារ ឯកឧត្តមបានតាំងនាមឱ្យគណបក្សកុម្មុយនិស្តចិននិងក្នុងនាមឯកឧត្តមផ្ទាល់ ចូលរួមសម្តែងអំណរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា។ ឯកឧត្តមបានចង្អុលបង្ហាញថា រយៈពេលយូរមកនេះ គណបក្សប្រជាជនកម្ពុជាបានរួបរួមដឹកនាំប្រជាជនកម្ពុជាចូលរួមកិច្ចកសាងនិងអភិវឌ្ឍប្រទេសជាតិ បានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញស្ថិរភាពនិងវិបុលភាពក្នុងតំបន់។ ភាគីចិនបន្តគាំទ្រជាមួយភាគីកម្ពុជាក្នុងការធ្វើដំណើរឆ្ពោះ ទៅកាន់មាគ៌ាអភិវឌ្ឍន៍ដែលសមស្របជាមួយនឹងស្ថានភាពប្រទេសជាតិរបស់ខ្លួន។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា ចិននិងកម្ពុជា គឺជាមិត្តដែកថែបនិងជាសហគមន៍វាសនារួម ទំនាក់ទំនងទ្វេភាគីបានរក្សាការអភិវឌ្ឍន៍ក្នុងកម្រិតខ្ពស់រយៈពេលវែង។ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ចិននិងកម្ពុជារួមសុខទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក បានយកសកម្មភាពជាក់ស្តែងមកបង្ហាញពីចំណងមិត្តភាពដែលមិនអាចបំបែកបាន និងបានបង្ហាញពីដំណើរវិវឌ្ឍន៍ឥតឈប់ឈរជាប្រវត្តិសាស្រ្ត។ គណបក្សកុម្មុយនិស្តចិនយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការចំណងមិត្តភាពជាមួយគណបក្សប្រជាជនកម្ពុជា ឯកឧត្តមរីករាយបន្តសហការជាមួយសម្តេចតេជោ បង្កើនការដឹកនាំនយោបាយចំពោះទំនាក់ទំនងរវាងគណបក្សទាំងពីរក៏ដូចជាប្រទេសទាំងពីរ លើកកម្ពស់ការប្រាស្រ័យទាក់ទងនៃបក្សនិងកិច្ចសហប្រតិបត្តិការទំនាក់ទំនងលើបណ្ដាវិស័យផ្សេងទៀតឱ្យកាន់តែស៊ីជម្រៅ ជំរុញការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជា ដើម្បីផ្តល់អត្ថប្រយោជន៍ជូនដល់ប្រទេសនិងប្រជាជនទាំងពីរ។

(២).ព្រះករុណាព្រះមហាក្សត្រ សម្ដេចព្រះមហាក្សត្រី និងសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតអបអរសាទរដល់ឯកឧត្តមXi Jinpingអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តនិងជាប្រធានាធិបតីចិន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០០ នៃការបង្កើតគណបក្សកុម្មុយនិស្តចិន
ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០០នៃការបង្កើតគណបក្សកុម្មុយនិស្តចិន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចកី្តថ្លៃថ្នូរ និងសុភមង្គល, និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តនិងជាប្រធានាធិបតីចិន។ ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីបានវាយតម្លៃខ្ពស់ ចំពោះគណបក្សកុម្មុយនិស្តចិនដែលសម្រេចបាននូវឯករាជ្យជាតិ រំដោះប្រជាជាតិ ស្ថិរភាពសង្គម សេដ្ឋកិច្ចអភិវឌ្ឍដោយក្រោមការរួមរួមដឹកនាំប្រជាជនចិនអស់រយៈពេល១០០ឆ្នាំកន្លងមកនេះ។ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម Xi Jinping ទទួលបានសមិទ្ធផលផ្លែផ្កាអភិវឌ្ឍយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ សម្ដេចតេជោបានកោតសរសើរខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលទទួលបានពីការកសាងប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សកុម្មុយនិស្តចិន ហើយសម្ដេចតេជោមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាពនិងគំនិតផ្តួចផ្តើម កសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ដែលលើកឡើងដោយគណបក្សកុម្មុយនិស្តចិន។ ជឿជាក់ថាក្រោមការដឹកនាំរបស់គណបក្សកុម្មុយនិស្តចិន ប្រទេសចិននឹងទទួលបានជោគជ័យ ក្នុងការសម្រេចបាននូវគោលដៅ ពុះពារកសាងប្រទេសសង្គមនិយមទំនើបគ្រប់ជ្រុងជ្រោយ។

(៣).កិច្ចប្រជុំតាមប្រព័ន្ធវីឌីអូក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមLi Keqiangនិងសម្ដេចតេជោ
នាថ្ងៃទី១៥ខែវិច្ឆិកា ឯកឧត្តម Li Keqiang នាយករដ្ឋមន្ត្រីចិនអញ្ជើញមានកិច្ចប្រជុំតាមប្រព័ន្ធវីឌីអូជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅZiguanggeនៃZhongnanhaiប្រទេសចិន។ ឯកឧត្តម Li Keqiang មានប្រសាសន៍ថា ភាគីចិនរីករាយបន្តផ្តល់ការគាំទ្រនិងជំនួយដល់ភាគីកម្ពុជាក្នុងកិច្ចការទប់ស្កាត់ជំងឺវីរុសកូវីដ១៩ ស្ដារសេដ្ឋកិច្ចឡើងវិញ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទៅតាមលទ្ធភាពដែលអាចធ្វើបាន។ សង្ឃឹមថាភាគីទាំងពីរនឹងយកកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន-កម្ពុជាជាឱកាស ពង្រឹងការអភិវឌ្ឍន៍ផ្ទៀងផ្ទាត់ជាយុទ្ធសាស្រ្ត លើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពផលិតកម្ម សេដ្ឋកិច្ចពាណិជ្ជកម្មជាដើម ជំរុញធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់និងការធ្វើពាណិជ្ជកម្មវិនិយោគដោយសេរីនិងងាយស្រួល។ ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជាក្នុងការធ្វើពាណិជ្ជកម្មកសិផលកាន់តែធំ និងបង្កើនការនាំចូលកសិផលគុណភាពខ្ពស់ដែលមានលក្ខណៈពិសេសរបស់កម្ពុជា។ គាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។ គាំទ្រយ៉ាងមុតមាំនូវមជ្ឈភាពអាស៊ានក្រោមលក្ខខណ្ឌតំបន់ គាំទ្រអាស៊ានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការតំបន់និងអន្តរជាតិ គាំទ្រភាគីកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២២ និងជំរុញទំនាក់ទំនងចិននិងអាស៊ានទទួលបានការអភិវឌ្ឍន៍កាន់តែខ្លាំងក្លា។ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះភាគីចិន ដែលតែងគាំទ្រនិងផ្តល់ជំនួយយ៉ាងពេញទំហឹង ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលផ្លែផ្ការបស់ភាគីចិនដែលទទួលបានក្នុងការទប់ស្កាត់ជំងឺវីរុសកូវីដ។ សម្ដេចតេជោមានប្រសាសន៍ថាក្រោមការគាំទ្ររបស់ភាគីចិន កិច្ចទប់ស្កាត់ជំងឺវីរុសក្នុងប្រទេសកម្ពុជាក៏ទទួលបានសមិទ្ធផលសំខាន់ៗដូចគ្នាផងដែរ កិច្ចសហប្រតិបត្តិការបណ្ដាវិស័យរវាងភាគីទាំងពីរ មានភាពរីកចម្រើនក្រោមការពុះពារផលប៉ះពាល់នៃជំងឺវីរុស។

(៤).សម្តេចព្រះមហាក្សត្រីសព្វព្រះរាជហឫទ័យស្តេចយាងបំពេញព្រះរាជទស្សនកិច្ច ក្នុងស្ថានទូតចិនប្រចាំកម្ពុជា និងយាងជាអធិបតី ក្នុងពិធីកាត់ខ្សែបូសម្ពោធ"សួនមិត្តភាពកម្ពុជា-ចិន"
នាថ្ងៃទី១៤ខែមករា ពិធីកាត់ខ្សែបូសម្ពោធ"សួនមិត្តភាពកម្ពុជា-ចិន"ត្រូវបានរៀបចំឡើងយ៉ាងអធឹកអធមបំផុតក្នុងស្ថានទូតចិនប្រចាំកម្ពុជា។ តបតាមសេចក្តីថ្វាយបង្គំ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានសព្វព្រះរាជហឫទ័យស្តេចយាងកាត់ខ្សែបូសម្ពោធ"សួនមិត្តភាពកម្ពុជា-ចិន"ជាមួយ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ សម្តេចព្រះមហាក្សត្រីមានព្រះរាជបន្ទូលថា ព្រះអង្គមានក្តីរំភើបជាពន់ពេកដែលឯកឧត្តមប្រធានាធិបតីចិន Xi Jinping បានថ្វាយគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិនជូនទ្រង់។ មហាកិត្តិយសនេះ មិនត្រឹមតែជារបស់ព្រះអង្គនោះទេ ក៏គឺជាមហាកិត្តិយសសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប។ ថ្ងៃនេះព្រះអង្គក៏មានក្តីរំភើបជាខ្លាំងក្រោយ ពីបានទូតឃើញដើមស្វាយដែលជាព្រះរាជអំណោយ ដ៏ថ្លៃថ្លារបស់សម្តេច”ព្រះបរមរតនកោដ្ឋ” និងព្រះអង្គផ្ទាល់ជូនចំពោះស្ថានទូតចិន មានការដុះលូតលាស់ល្អបែកមែកសាខាលាស់ស្លឹកខៀវខ្ចី និងសម្បូរទៅដោយផ្លែផ្កាជាច្រើនអនេក។ ព្រះអង្គនិងព្រះរាជវង្សានុវង្សនឹងបន្តលើកកម្ពស់ចំណងមិត្តភាពចិននិងកម្ពុជាកាន់តែជ្រាលជ្រៅថែមមួយកម្រិតទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានតំណាងឲ្យមន្រ្តីគ្រប់រូបក្នុងស្ថានទូតថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតដែល សម្តេចព្រះមហាក្សត្រីបានឆ្លៀតពេលវេលា ដ៏មមាញឹកដើម្បីបំពេញព្រះរាជទស្សនកិច្ចក្នុងស្ថានទូតចិន និងយាងជាអធិបតីក្នុងពិធីសម្ពោធខាងលើ ហើយឯកឧត្តមក៏បានថ្វាយព្រះពរជាថ្មីម្តងទៀត ក្នុងឱកាសព្រះអង្គទទួលបានគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន។

(៥).ដំណើរទស្សនកិច្ចរបស់ឯកឧត្តមWang Yiមកកាន់ប្រទេសកម្ពុជា បានបញ្ចូលជាកម្លាំងថ្មីមួយទៀតក្នុងចំណងមិត្តភាពចិននិងកម្ពុជា
ចាប់ពីថ្ងៃទី១២ដល់១៣ខែកញ្ញា ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានមកបំពេញទស្សនកិច្ចជាផ្លូវការម្តងទៀត ក្នុងប្រទេសកម្ពុជា។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច ឯកឧត្តម Wang Yi បានអញ្ជើញសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន, ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តម Wang Yi និងសម្ដេចតេជោបានអញ្ជើញចូលរួម ពិធីប្រគល់និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា និងបានចូលរួមជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសរវាងប្រទេសទាំងពីរ” និងឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីផ្សេងទៀតចំនួនចំនួន៦។ សមិទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះ ទទួលបានយ៉ាងច្រើនអនេក គឺជាសមិទ្ធផលផ្លែផ្កាដែលពុំធ្លាប់មានពីមុនមក។

(៦).គម្រោងសាងសង់និងទីលានបាញ់គ្រាប់ ពិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ដែលជាជំនួយរបស់ក្រសួងការពារជាតិចិន ជូនចំពោះភាគីកម្ពុជា ត្រូវបានចាប់ផ្តើមដំណើរការយ៉ាងរលូន
នាថ្ងៃទី១៧ខែធ្នូ គម្រោងសាងសង់និងទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ដែលជាជំនួយរបស់ក្រសួងការពារជាតិចិន ជូនចំពោះភាគីកម្ពុជាត្រូវបានចាប់ផ្តើម ដំណើរការយ៉ាងរលូនក្នុងខេត្តកំពង់ឆ្នាំង។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងព្រមទាំងថ្នាក់ដឹកនាំយោធាជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាបើកការដ្ឋាននៃគម្រោងខាងលើ។ ឯកឧត្តម Wang Wentian បានលើកឡើងថា កិច្ចសហប្រតិបត្តិការកងទ័ពចិននិងកម្ពុជា គឺជាសសរដ៏រឹងមាំសម្រាប់ “ចំណងមិត្តភាពដែកថែប”នៃប្រទេសទាំងពីរ។ គម្រោងខាងលើដែលជាជំនួយ របស់ក្រសួងការពារជាតិចិន នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងនិងសាមគ្គីភាព បង្កើនចំណងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ជាមួយកងទ័ពក្នុងប្រទេសអាស៊ាន។ សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា ប្រទេសនិងកងទ័ពទាំងពីរជាបងប្អូនល្អរួមសុខរួមទុក្ខ ជាបងប្អូនដែកថែប និងជាបងប្អូនយូរអង្វែង គឺជាដៃគូល្អដែលនិយាយតិចតែអនុវត្តច្រើន។ កងយោធពលខេមរភូមិន្ទ នឹងធ្វើជាមិត្តល្អរបស់ប្រជាជន និងកងទ័ពចិនដែលរួមសុខទុក្ខជាមួយគ្នា។
កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពទាំងពីរ សម្រាប់ឆ្នាំនេះទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក។ សម្ដេចពិជ័យសេនានិងថ្នាក់ដឹកនាំយោធា ជាន់ខ្ពស់ក្នុងប្រទេសកម្ពុជាចំនួន៥រូបផ្សេងទៀត បានចេញអត្ថបទក្នុងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០០ នៃការបង្កើតគណបក្សកុម្មុយនិស្តចិន និងខួបអនុស្សាវរីយ៍លើកទី៩៤ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន សម្ដេចពិជ័យសេនាបានដឹកនាំនាយឧត្តមសេនីយ៍ចំនួន៥៣រូប ដើម្បីចូលរួមពិធីបដិសណ្ឋារកិច្ចខួបអនុស្សាវរីយ៍ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិនតាមប្រព័ន្ធវីឌីអូ និងបានដាំ“ដើមឈើមិត្តភាព”ក្នុងសួនមិត្តភាពកម្ពុជា-ចិននៃស្ថានទូតចិនប្រចាំកម្ពុជា។ មជ្ឈមណ្ឌលបង្កើតរូបប្លង់របស់ក្រសួងការពារជាតិកម្ពុជា ដែលជាជំនួយរបស់ភាគីចិន ត្រូវបានបើកការដ្ឋានដោយជោគជ័យ និងអគាររបស់ក្រសួងការពារជាតិកម្ពុជា ដែលមានការផ្តល់ជំនួយ សាងសង់ដោយភាគីចិន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទាំងនេះជាកម្លាំងជំរុញ អភិវឌ្ឈន៍វិស័យការពារជាតិ​ និងការកសាងយោធាក្នុងប្រទេសកម្ពុជា។ ក្រោយពេលលោក Li Jingfeng អនុព័ន្ធយោធាបញ្ចប់បេសកកម្មក្នុងប្រទេសកម្ពុជា លោកក៏ទទួលបានគ្រឿងឥស្សរិយយស សហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍។

(៧).ថ្នាក់ដឹកនាំនៃស្ថាប័នអនុវត្តច្បាប់រវាងចិននិងកម្ពុជា បានឯកភាពបន្តជំរុញ សកម្មភាពឆ្នាំកិច្ចសហប្រតិបត្តិការវិស័យអនុវត្តច្បាប់
នាថ្ងៃទី២៨ខែកញ្ញា ឯកឧត្តម Zhao Kezhi ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ បានឯកភាពរួមគ្នាបន្តជំរុញសកម្មភាពឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងចិននិងកម្ពុជា កាន់តែស៊ីជម្រៅ បន្តអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ បង្រ្កាបបទឧក្រិដ្ឋឆ្លងដែន ដោយអនុលោមតាមច្បាប់មានដូចជា អំពើឆបោកក្នុងប្រព័ន្ធទូរគមនាគមន៍ ល្បែងស៊ីសងតាមអ៊ីនធើណេតជាដើម។ បន្តពង្រឹងកិច្ចសហប្រតិបត្តិការមានដូចជា ការការពារហានិភ័យសន្តិសុខនយោបាយ បង្ក្រាបសកម្មភាពគ្រឿងញៀន និងកសាងសមត្ថភាពនៃការអនុវត្តច្បាប់។ កិច្ចប្រជុំខាងលើនេះបានបង្ហាញពីការប្តេជ្ញាចិត្តនៃប្រទេសទាំងពីរ ក្នុងការបង្រ្កាបរាល់សកម្មភាពបទឧក្រិដ្ឋ​ដែលបង្កឱ្យមានគ្រោះថ្នាក់ ដល់សុវត្ថិភាពប្រទេសនិងប្រជាជនទាំងពីរ។ ក្នុងកិច្ចប្រជុំខាងលើ ភាគីទាំងពីរបានចុះហត្ថលេខារួមគ្នា លើផែនការសកម្មភាពបន្តជំរុញឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិននិងកម្ពុជា។

(៨).វ៉ាក់សាំងចិនបង្ការជំងឺកូវីដបានក្លាយជា បង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនដល់កម្ពុជា
ក្រោមការគំរាមកំហែងនៃជំងឺវីរុសកូវីដ១៩ ចិននិងកម្ពុជាតែងជួយគ្នាទៅវិញទៅមក ពុះពាររាល់ការលំបាកជាមួយគ្នា។ កាលពីថ្ងៃទី៧ខែកុម្ភៈ វ៉ាក់សាំងចិនបង្ការជំងឺកូវីដជំហានដំបូង ដែលជាជំនួយឥតសំណងរបស់ភាគីចិន បានដឹកមកដល់រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទទួលស្វាគមន៍ ដោយផ្ទាល់ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នេះគឺជាវ៉ាក់សាំងដំបូងគេដែលកម្ពុជា ទទួលបានបន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ១៩ បានបង្ហាញពីចំណងមិត្តភាពជាពិសេស ដ៏ជ្រាលជ្រៅរវាងចិននិងកម្ពុជាប្រៀបដូចបងប្អូន។ ក្នុងឆ្នាំ២០២១នេះ រដ្ឋាភិបាលចិនបានផ្តល់វ៉ាក់សាំងកូវីដ ដល់កម្ពុជាតាមរយៈការផ្តល់ជំនួយ និងតាមការបញ្ជាទិញមានចំនួនសរុបជិត៣៧លានដូស លើសពី៩០%នៃចំនួនវ៉ាក់សាំងសរុបដែលកម្ពុជាទទួលបាន។ សុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងចិនមានការទទួលស្គាល់ទូទៅ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស និងការស្តារសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោធ្លាប់បានលើកឡើងជាច្រើនដងថា ចិនគឺជាបង្អែកយុទ្ធសាស្រ្តដ៏រឹងមាំ និងជាបង្អែកយុទ្ធសាស្ត្រក្នុង ការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដសម្រាប់កម្ពុជា។ វ៉ាក់សាំងចិនបានក្លាយជាស្នូល នៃយុទ្ធសាស្ត្រវ៉ាក់សាំងក្នុងប្រទេសកម្ពុជា។

(៩).ទំហំពាណិជ្ជកម្មទ្វេភាគីចិននិងកម្ពុជាលើកដំបូង ដែលមានចំនួនលើសពី១០ពាន់លានដុល្លារអាមេរិក
យោងតាមទិន្នន័យ របស់ក្រសួងពាណិជ្ជកម្មចិន បានបង្ហាញថា រយៈពេល១០ខែនាឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជា មានចំនួនឈានដល់១០៩៨០លានដុល្លារអាមេរិក មានកំណើន៤៥.៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ គឺជាតួលេខលើសពីចំនួន ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ កាលពីមុនបានប្តេជ្ញាថានឹងឈានដល់ កម្រិត១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣។ នាថ្ងៃទី៧ខែឧសភា ពិធីនាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិនលើកដំបូង ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ។ ផ្លែស្វាយបានក្លាយជាផ្លែឈើស្រស់ទីពីរ ដែលអាចនាំចេញទៅកាន់ប្រទេសចិនបន្ទាប់ពីផ្លែចេក។ ការដាំដុះដំណាំស្វាយកម្ពុជាមានការរំពឹងទុកថា អាចរីកចម្រើនកាន់តែរឹងមាំ និងសម្រេចបានការអភិវឌ្ឍន៍លើសពីការកំណត់។ យោងតាម “បញ្ជីឈ្មោះប្រទេសឬតំបន់និងប្រភេទ នៃជលផលដែលអនុញ្ញាតនាំចូល និងបញ្ជីឈ្មោះសហគ្រាសដែលបានចុះបញ្ជី” ដែលចេញផ្សាយដោយរដ្ឋបាលគយប្រទេសចិន កម្ពុជាអាចនាំចេញជលផលទាំង៤ប្រភេទ ទៅកាន់ទីផ្សារចិនមានដូចជាបង្កងប៉ាក អន្ទង់ ត្រីរស់ និងខ្យង។

(១០).ពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយរបស់ភាគីចិន ជូនចំពោះភាគីកម្ពុជាត្រូវបានប្រគល់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាពហុកីឡដ្ឋានធំជាងគេ និងកម្រិតខ្ពស់ជាងគេបំផុត ក្នុងចំណោមជំនួយរបស់រដ្ឋាភិបាលចិន រហូតមកដល់បច្ចុប្បន្ននេះ និងជាការកសាងរួមលើវិស្វកម្ម សំខាន់សម្រាប់គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” រវាងចិននិងកម្ពុជា។ រចនាបទជាការជ្រើសរើស ដោយសម្ដេចតេជោផ្ទាល់ នឹងក្លាយជាកន្លែងដ៏សំខាន់សម្រាប់កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២១ អំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តី នៃក្រសួងការបរទេសចិន មកកាន់ប្រទេសកម្ពុជា ឯកឧត្តមនិងសម្ដេចតេជោ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់និងទទួលគម្រោងមួយនេះ។ នាថ្ងៃទី១៨ខែធ្នូ សម្ដេចតេជោនិងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមពិធីដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវគម្រោងខាងលើនេះ ហើយក៏មានការចូលរួមពីទស្សនិកជន ចំនួនជាង២ម៉ឺននាក់ផងដែរ។ គម្រោងនេះត្រូវបានចាប់ផ្តើមសាងសង់ កាលពីខែសីហាឆ្នាំ២០១៧ ហើយបញ្ចប់ការដ្ឋាន នាខែឧសភាឆ្នាំ២០២១ ទំហំទឹកប្រាក់ប្រមាណ១១០០លានយ័នចិន ផ្ទៃក្រឡាសំណង់ប្រហែល៨.២៤ម៉ឺនម៉ែត្រការ៉េ ដែលអាចផ្ទុកទស្សនិកជន បានរហូតដល់៦ម៉ឺននាក់។ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៃគម្រោងខាងលើនេះ នឹងក្លាយជាកម្លាំង ជំរុញការអភិវឌ្ឍន៍វិស័យកីឡា វប្បធម៌អប់រំ និងសង្គមនៅក្នុងប្រទេសកម្ពុជា បានក្លាយជាព្រឹត្តិការណ៍ថ្មីមួយទៀត សម្រាប់កិច្ចសហប្រតិបត្តិការ ចំណងមិត្តភាពរវាងចិននិងកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×