ភ្នំពេញ ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២២ បានចេញសេចក្តីបំភ្លឺព័ត៌មាន ទាក់ទងទៅនឹងការចាប់ខ្លួន មេដឹកនាំបាតុ.កម្មខុសច្បាប់ចំនួន ៩នាក់ កាលពីវេលាម៉ោង ១៩និង០០នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមធ្វើការបំភ្លឺជូនសាធារណៈមតិ ឲ្យបានជ្រាបថា កាលពីវេលាម៉ោង ១៩និង០០នាទី ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចនគរបាល បានធ្វើការចាប់ឃាត់ខ្លួនបុគ្គលចំនួន ០៩រូប ពីបទបានរៀបចំបាតុ.កម្ម ដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើល ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ។

មុននឹងអនុវត្តវិធានការច្បាប់ ចាប់ឃាត់ខ្លួនមេដឹកនាំបាតុកម្មទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាវច្រើនលើកច្រើនសា ឲ្យពួកគេបញ្ឈប់សកម្មភាពតវ៉ ដោយខុសច្បាប់សំដៅធ្វើយ៉ាងណារក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ប៉ុន្តែពួកមេដឹកនាំបាតុកម្មមិនស្ដាប់តាមការអំពាវនាវរបស់អាជ្ញាធរ ហើយ បន្តអូសបន្លាយបាតុកម្មអស់រយៈពេល ១៣ថ្ងៃមកហើយ ។
ការចាប់ឃាត់ខ្លួនបុគ្គលចំនួន ០៩រូបនេះ គឺអនុលោមទៅតាមមាត្រា ១៩៤ ១៩៥ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងអនុវត្ត នីតិវិធីទៅតាមវិធានការច្បាប់ ។
សូមរំលឹកផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបញ្ឈប់ជាបន្ទាន់ នូវការធ្វើសកម្មភាពបាតុ.កម្មដោយខុសច្បាប់ របស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ លីមីធីត។ រដ្ឋបាលរាជធានី ស្នើឱ្យលោក-លោកស្រី ត្រូវបញ្ឈប់នូវសកម្មភាពតវ៉ា ដោយខុសច្បាប់ ជាបន្ទាន់ ដើម្បីកុំឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ។ ក្នុងករណីលោក-លោកសី នៅតែបន្តសកម្មភាពបាតុ.កម្មដោយខុសច្បាប់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់លោកស្រី ឈឹម ស៊ីថរ, លោកស្រី ឈឹម សុខន, លោកសី ហៃ សុភាព, លោកស្រី រី សុវណ្ណឌី, លោកស្រី សុន ស្រីពេជ្រ លោក ប៉េង សោភា និងលោក សុខ គង្គា ដែលជាតំណាងសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ លីមីធីត ឱ្យបានជ្រាបថា ផ្អែកតាមស្មារតីនៃកិច្ចប្រជុំនាពេលកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំ និងសំណូមពរលោក-លោកស្រីជាច្រើនលើកច្រើនសារ ឱ្យបញ្ឈប់សកម្មភាព សម្តែងមតិដោយខុសច្បាប់ នៅលើសួនច្បារសាធារណៈ និងនៅតាមដងផ្លូវសាធារណៈ ដូចមានខ្លឹមសារក្នុងលិខិតលេខ ១៤០១/២១ ឆត ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែ លោក-លោកស្រីនៅតែបន្តដឹកនាំធ្វើបាតុ.កម្ម ដោយខុសច្បាប់ អស់រយៈពេល ១៣ ថ្ងៃ ជាបន្តបន្ទាប់ ដោយមិនបំពេញនីតិវីធី ដែលបានចែងក្នុងច្បាប់ ស្ដីពីការធ្វើបាតុ.កម្មដោយសន្តិវិធី។
បន្ថែមលើនេះ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវ ដើម្បីក្រើនរំលឹកជូនលោក-លោកស្រី និងក្រុមបាតុករ ឱ្យបញ្ឈប់នូវសកម្មភាពតដោយខុសច្បាប់ ដើម្បីឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំសកល ២០២២ ប៉ុន្តែ ជាក់ស្ដែង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ លោក-លោកស្រី និងក្រុមបាតុករ នៅតែបន្តរឹងរូសមិនគោរពតាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបន្តសកម្មភាពបំពានម្តងហើយម្តងទៀត ផ្ទុយទៅនឹងច្បាប់ ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ដដែល។
ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងជាថ្មីម្ដងទៀត ដល់លោក-លោកស្រី និងក្រុមបាតុ.ករ ត្រូវបន្តការ ចរចាតាមនីតិវីធីដូចមានចែង ក្នុងច្បាប់ស្តីពីការងារ តាមរយៈយន្តការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្ទៀងផ្ទាត់ ការទូទាត់សំណង ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗ និងស្នើឱ្យលោក-លោកស្រី ត្រូវបញ្ឈប់នូវសកម្មភាពតវ៉ាដោយខុសច្បាប់ ជាបន្ទាន់ ដើម្បីកុំឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ។ ក្នុងករណីលោក-លោកសី នៅតែបន្តសកម្មភាពបាតុ.កម្មដោយខុសច្បាប់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី






