Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ថោង ខុន ៖ ស្ថិតិភ្ញៀវទេសចរ នាឱកាសឆ្លងឆ្នាំសកល ២០២១ ឆ្លងចូល ២០២២ នៅទូទាំងប្រទេស ទទួលបានភ្ញៀវទេសចរ ជាង១លាននាក់ , ភ្ញៀវទេសចរ នឹងបន្តដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានា រហូតដល់ចុងសប្តាហ៍នេះ

ភ្នំពេញ ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងនាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២២នេះថា នាឱកាសឆ្លងឆ្នាំសកល២០២១ ឆ្លងចូល២០២២ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជាង១លាន១សែននាក់ ក្នុងនោះរាជធានីភ្នំពេញ និងខេត្តសៀមរាប មានអ្នកចូលទស្សនាច្រើនជាងគេ។ ឯកឧត្តម ថោង ខុន បន្ទាប់ពីថ្ងៃឆ្លងឆ្នាំនេះហើយ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនឹងបន្តដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានា រហូតដល់ចុងសប្តាហ៍នេះ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរនាឱកាសឆ្លងឆ្នាំសកល ២០២១ ឆ្លងចូល ២០២២ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២២) ភ្ញៀវទេសចរសរុបមានចំនួន១,១៤៥,១៤១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១,១៣៩,៣៨៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន៥,៧៥៤នាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញអំពីគោលដៅ ទេសចរណ៍សំខាន់ៗ មួយចំនួន រួមមាន​ ៖ រាជធានីភ្នំពេញចំនួន ៣៦៥,៦៥៣នាក់ , ខេត្តសៀមរាបចំនួន ១៨៩,៤៣៦នាក់ , ខេត្តកំពតចំនួន ៩៦,១៣៨ នាក់ , ខេត្តកំពង់ស្ពឺចំនួន ៨០,១០០នាក់ , ខេត្តកំពង់ឆ្នាំងចំនួន ៧១,៨៦៩នាក់ , ខេត្តកែបចំនួន ៦៦,១៣៥នាក់ និងខេត្តព្រះសីហនុចំនួន ៥៥,៧១៧នាក់។

ឯកឧត្តម ថោង ខុន បានបន្តទៀតថា យោងតាមតួលេខខាងលើឃើញថា មានការកើនឡើងដល់ទៅ ៦៣.៦៥% ធៀបនឹងឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល២០២១។ ជាមួយការបិទបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈនាពេលកន្លងមក រដ្ឋបាលរាជធានី-ខេត្ត រដ្ឋបាលក្រុង-ស្រុកមួយចំនួន បានរៀបចំជាពិធីអបអរសាទ និងទទួលអំណរឆ្នាំថ្មី ការប្រគំតន្រ្តី ការតុបតែងលម្អទីក្រុង និងដាក់ភ្លើងបំភ្លឺជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ។

ចំពោះរាជធានីភ្នំពេញ តាមការវាយតម្លៃបឋម របស់អាជ្ញាធរ មានប្រជាពលរដ្ឋជាង៣៦ម៉ឺននាក់បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជា នៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វា វិមានឈ្នះ-ឈ្នះ និងពហុកីឡាដ្ឋានជាតិមរតកតេជោជាដើម។

គោលដៅទេសចរណ៍នានា នៅទូទាំងប្រទេសសុទ្ធតែទទួលបាន ចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ ១០០% ខណៈដែលមូលដ្ឋានអាជីវកម្មទេសចរណ៍ផ្សេងៗ ក៏បានបើកដំណើរការ ទទួលភ្ញៀវទេសចរឡើងវិញកាន់តែច្រើនឡើង។

ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើស យកការជួបជុំនៅតាមគេហដ្ឋាន ដោយមានការទទួលទានអាហារ-ភេសជ្ជៈ ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ-មិត្តភក្តិ ខ្លះទៀតក៏បានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋានផាប់ (Pub) និង Sky Bar នានា។

ឯកឧត្តមបានបញ្ជាក់ដែរថា គ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានខិតខំអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ក្រោមការចុះពិនិត្យ អប់រំ និងណែនាំពីរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្ត។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបន្តទៀតថា ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ និងចរាចរណ៍ជាដើម មានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេនៅយប់ឆ្លងឆ្នាំនេះ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បានរៀបចំកម្លាំងប្រចាំការ នៅតាមទីតាំងសំខាន់ៗក្នុងមូលដ្ឋានរបស់ខ្លួន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×